លោក Trump គំរាមយកពន្ធ១០០%ពីក្រុមហ៊ុនបន្ទះឈីបតៃវ៉ាន់TSMC បើមិនសង់រោងចក្រនៅអាមេរិក

បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានគំរាមថា នឹងយកពន្ធ១០០% ពីក្រុមហ៊ុនផលិតបន្ទះឈីបតៃវ៉ាន់ TSMC ប្រសិនបើក្រុមហ៊ុនផលិតបន្ទះឈីប កិច្ចសន្យាដ៏ធំបំផុត របស់ពិភពលោក មួយនេះ មិនព្រមសង់រោងចក្រ នៅសហរដ្ឋអាមេរិក នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNA កាលពីថ្ងៃពុធនេះ។

លោក Trump បាននិយាយ កាលពីថ្ងៃអង្គារថា លោកទើបបានប្រាប់ទៅក្រុមហ៊ុន TSMC ឬ ក្រុមហ៊ុន Taiwan Semiconductor Manufacturing Company ឲ្យប្រញាប់សាងសង់រោងចក្ររបស់ខ្លួន នៅក្នុងសហរដ្ឋអាមេរិក តាមការសន្យាពីមុន បើមិនដូច្នេះ នឹងបង់ពន្ធរហូតដល់ ១០០ភាគរយ។

ថ្លែងនៅក្នុងព្រឹត្តិការណ៍ របស់គណៈកម្មាធិការសភាជាតិ នៃបក្សសាធារណរដ្ឋ លោក Trump ថែមទាំងបានរិះគន់ រដ្ឋបាលរបស់អតីតប្រធានាធិបតី Joe Biden លើការផ្តល់ជំនួយ ចំនួន៦.៦ពាន់លានដុល្លារដល់ TSMC សម្រាប់ការផលិត ផលិតផលពាក់កណ្តាលសម្រេច ឬ semiconductor នៅទឹកដីអាមេរិក កន្លងមក ទៀតផង ដោយលោកថា មិនចាំបាច់ត្រូវចំណាយ បែបនេះទេ។

ជុំវិញការគំរាមតំឡើងពន្ធ ១០០ភាគរយនេះ ក្រុមហ៊ុន TSMC បានបដិសេធ មិនធ្វើអត្ថាធិប្បាយ គិតត្រឹមថ្ងៃពុធនេះ។ យ៉ាងណាមិញ មន្ត្រីជាន់ខ្ពស់ម្នាក់របស់តៃវ៉ាន់ បាននិយាយ នៅថ្ងៃពុធនេះថា កោះមួយនេះ សង្ឃឹមថា ខ្លួនអាចឈានដល់កិច្ចព្រមព្រៀងរហ័ស ជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាពន្ធគយ ហើយថា ក្រុមហ៊ុនបានពិភាក្សាអំពីបញ្ហានេះ រួចហើយដែរ កាលពីចុងសប្តាហ៍។

កាលពីខែមីនា មេធំក្រុមហ៊ុន TSMC បាននិយាយក្នុងពេលជួប លោក Trump នៅឯសេតវិមានថា ខ្លួនគ្រោងនឹងបង្កើត ការវិនិយោគថ្មី ចំនួន១០០ពាន់លានដុល្លារអាមេរិក នៅក្នុងសហរដ្ឋអាមេរិក ដែលរួមបញ្ចូលទាំងការសាងសង់ ទីតាំងផលិតបន្ទះឈីប ចំនួន៥បន្ថែមទៀត នៅក្នុងប៉ុន្មានឆ្នាំ ខាងមុខនេះ។

ជាការកត់សម្គាល់ កាលពីថ្ងៃអង្គារ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា ក្រុមហ៊ុនផលិតបន្ទះឈីបមួយនេះ អាចប្រឈមនឹងការពិន័យចំនួន ១ពាន់លានដុល្លារអាមេរិក ឬ ច្រើនជាងនេះ ដើម្បីដោះស្រាយការស៊ើបអង្កេត លើការត្រួតពិនិត្យការនាំចេញទៅសហរដ្ឋអាមេរិក នូវបន្ទះ Chip ដែលខ្លួនបានផលិត មានប្រព័ន្ធដំណើរការ បច្ចេកវិទ្យា AI របស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei៕

ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner