កងកម្លាំង និងប្រជាការពារគ្រប់រូប ត្រូវខិតខំបន្តពង្រឹងការពារ រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
(កណ្ដាល)៖ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានណែនាំដល់កងកម្លាំងប្រដាប់អាវុធ និងប្រជាការពារគ្រប់រូប ត្រូវខិតខំបន្តពង្រឹងការពារ ថែរក្សាសន្តិភាព និងរក្សាការពារបាននូវសន្តិសុខ សណ្តាប់ធ្នាប់សង្គម ពិសេស ទប់ស្កាត់ បង្រ្កាបបទល្មើសគ្រឿងញៀន និងអំពើហិង្សា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ ខណៈការរៀបចំសង្ក្រាន្ត មាននៅគ្រប់ខេត្ត ក្រុង ស្រុក និងរាជធានី ទូទាំងប្រទេស ។
ឯកឧត្តម ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង បានថ្លែង ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធទាំងបី និងប្រជាការពារទូទាំងស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល ជាង ២ពាក់នាក់ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ។
បន្ទាប់ពីរបាយការណ៍ស្វាគមន៍របស់លោកអភិបាលស្រុក ជុំវិញការងារធានាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សង្គម ការបង្កបង្កើនផលស្រូវ និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ នៅក្នុងស្រុកកណ្តាលស្ទឹង រួចមក នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានពន្យល់ដល់ប្រជាការពារ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ខិតខំធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ និងត្រូវចេះពិចារណា បែងចែកឱ្យបានច្បាស់លាស់ នូវព័ត៌មានបំផ្លើសការពិត ព័ត៌មានដែលមានលក្ខណៈញុះញង់ ហើយត្រូវមានការប្រុងប្រយ័ត្នខ្ពស់ កុំចាញ់ល្បិចកលក្រុមជ្រុលនិយមមួយក្តាប់តូច ដែលមានបំណងតែម៉្យាង គឺចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តែប៉ុណ្ណោះ ។
នាយឧត្តមសេនីយ៍ បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ បាននិងកំពុងការសម្រេចសមិទ្ធផលជាតិធំៗ ជាបន្តបន្ទាប់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបានដាក់ចេញ ជាពិសេស ការកែទម្រង់ឱ្យទៅជារារដ្ឋាភិបាលឌីជីថល សំដៅឈានទៅសម្រេចផែនការចក្ខុវិស័យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ហើយក៏បាន និងកំពុងបន្តសកម្មភាពក្នុងការកសាង បណ្តុះគំនិត ស្មារតីស្រឡាញ់សន្តិភាព ដែលជាបំណងប្រាថ្នា របស់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ។
ឯកឧត្តម កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានបញ្ជាក់ថា សន្តិភាព មានតម្លៃធំធេងមិនអាចកាត់ថ្លៃបាន ជាមរតកដ៏មហាសាលរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញនយោបាយឈ្នះ ឈ្នះ ធ្វើឲ្យកម្ពុជា ក្លាយពីប្រទេសមួយដែលមានតំបន់ត្រួតត្រាច្រើន ទៅជាប្រទេសដែលមានតំបន់ត្រួតត្រាមួយ រដ្ឋធម្មនុញ្ញតែមួយ ព្រះមហាក្សត្រតែមួយ រាជរដ្ឋាភិបាលតែមួយ និងកងកម្លាំងប្រដាប់អាវុធតែមួយ ។
នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភដល់នគរបាលស្រុក ថវិកា ២លានរៀល និងស្រាបៀរ ១០០កេស, កងរាជអាវុធហត្ថស្រុក ថវិកា ២លានរៀល និងស្រាបៀរ ១២កេស ,ផ្នែកសឹករងស្រុក ថវិកា ១លានរៀល និងស្រាបៀរ ចំនួន ១០កេស និងបានឧបត្ថម្ភ ប្រជាការពារ នៅទូទាំងស្រុកកណ្តាលស្ទឹង ថវិកា ៥លានរៀល និងស្រាបៀរ ២០០កេស ផងដែរ ៕





ដោយ ៖ វណ្ណលុក