កម្ពុជា បន្តខិតខំដោះស្រាយស្បៀងអាហារ និងការពារចំពោះបញ្ហារូបត្ថម្ភគ្រប់ទម្រង់

(ភ្នំពេញ)៖ មន្ត្រីក្រុមប្រឹក្សាស្ដារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានលងថា ប្រជាជនកម្ពុជាគ្រប់រូប នឹងទទួលបានស្បៀងអាហារគ្រប់គ្រាន់ និងការការពារចំពោះបញ្ហារូបត្ថម្ភគ្រប់ទម្រង់ ក្នុងការលើកកម្ពស់សុខភាពកុមារ និងសមធម៌ ស្របតាមរបៀបវារៈឆ្នាំ២០៣០ នៃគោលដៅអភិវឌ្ឍន៍ ប្រកបទៅដោយភាពជោគជ័យនៅកម្ពុជា ។

នេះជាការបញ្ជាក់របស់ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ នៅក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ យុទ្ធសាស្ត្រជាតិ ស្ដីអំពីសន្តិសុខ សុខភាព និងអាហាររូបត្ថម្ភ លើកទី៣ ឆ្នាំ២០២៨ នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ក្រោមវត្តមាន ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្ដារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ។

ឯកឧត្តម សុខ ស៊ីឡូ បានឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជា កំពុងមានកំណើនគួរកត់សម្គាល់ ដែលនាំឱ្យមាន ការផ្លាស់ប្ដូរដ៏សំខាន់នៅក្នុងទិដ្ឋភាពអាហាររូបត្ថម្ភ និងបរិស្ថានស្បៀង ដែលបណ្ដាលមកពីការកើនឡើង នៃអាហារមិនល្អសម្រាប់សុខភាព មានជាតិខ្លាញ់ អំបិល និងស្ករច្រើន ហើយការផ្លាស់ប្ដូរនេះ ទាមទារឱ្យមានការរៀបចំយុទ្ធសាស្ត្រ ដើម្បីដោះស្រាយបញ្ហាអាហាររូបត្ថម្ភគ្រប់ទម្រង់ ដើម្បីការពារជំងឺមិនឆ្លងនានា ។

ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះថ្នាក់ដឹកនាំ តំណាង ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ស្ថានទូតសហព័ន្ធអាល្លឺម៉ង ទីភ្នាក់ងារអង្គការសហប្រជាជាតិនានា រួមមាន FAO, UNICEF, WFP, WHO អង្គការអន្តរជាតិរួមមាន៖ GIZ, HKI, NI, IIRR, World Fish, World Vision, Plan International។ល។ ដែលបានសហការជាមួយ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ រៀបចំយុទ្ធសាស្ត្រជាតិ ស្តីពី សន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី៣ ឆ្នាំ២០២៤-២០២៨ នេះឡើង។

ដើម្បីសម្រេចសន្តិសុខស្បៀងលើកទីបីនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ដោយផ្អែកលើវឌ្ឍនភាពជាតិដ៏រឹងមាំ កម្ពុជា ប្ដេជ្ញាចិត្តធ្វើបដិវត្តកម្មប្រព័ន្ធស្បៀង ប្រព័ន្ធសុខាភិបាល និងប្រព័ន្ធគាំពារសង្គម ព្រមទាំងទឹកស្អាត និងអនាម័យ ដើម្បីធានាថា ប្រជាពលរដ្ឋគ្រប់រូប ទទួលបានអាហារ ដែលមានសារជាតិចិញ្ចឹមគ្រប់គ្រាន់ មានតម្លៃសមរម្យ និងប្រកបទៅដោយនិរន្តរភាព ។

ឯកឧត្តម បានបន្តថា រាជរដ្ឋាភិបាល និងពង្រឹងសេវាកម្មរូបត្ថម្ភ និងសេវាសុខាភិបាល ពង្រឹងជំនួយសង្គម ដល់ស្ត្រី និងកុមារ ដែលរងគ្រោះ ធានាភាពធននៃប្រព័ន្ធស្បៀង ។ ក្នុងន័យនេះ ក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានប្ដេជ្ញាចិត្ត ខិតខំប្រឹងប្រែងក្នុងការកសាង សុខមាលភាពសង្គម ភាពធនប្រកបដោយបរិយាបណ្ណ ដោយមិនទុកប្រជាជនណាម្នាក់ចោលឡើយ ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner