គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ដល់សាធារណរដ្ឋកូរ៉េ ដោយសុវត្ថិភាព ក្នុងការចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល (UPF)
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយសម្តេចមហា រដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាបានអញ្ជើញដល់សាធារណរដ្ឋកូរ៉េ ប្រកបដោយសុវត្ថិភាព ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល (Universal Peace Federation World Summit 2025) ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥។
នៅអាកាសយានដ្ឋានអន្តរជាតិ អ៊ីឈុន នាទីក្រុងសេអ៊ូល គណៈប្រតិភូបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័នរៀបចំកិច្ចប្រជុំកំពូលពិភពលោក២០២៥ និងមានវត្តមានលោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងសហការីជាច្រើនរូបទៀត។
សូមជម្រាបថា នៅពេលអញ្ជើញដល់សាធារណរដ្ឋកូរ៉េ ភ្លាម នៅព្រឹកថ្ងៃទី១០ មេសានេះ សម្តេចប្រធានរដ្ឋសភានឹងអញ្ជើញបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យ ហានយ៉ាង សាយប៊ឺ (Hanyang Cyber University) ដែលជាសាកលវិទ្យាល័យល្បីមួយ នៅទីក្រុងសេអ៊ូល។
នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីចុះអនុស្សារណៈនៃការយយោគយល់គ្នារវាងសាកលវិទ្យាល័យហានយ៉ាង Hanyang និងអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា នៅក្នុងការគំាទ្រដល់ការអភិវឌ្ឍសមត្ថភាពនិងបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យា ព័ត៌មានវិទ្យា ដល់សមាជិក សមាជិការដ្ឋសភា និងមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលនឹងចុះហត្ថលេខាដោយ ឯកឧត្តមណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភានិងថ្នាក់ដឹកនាំសកលវិទ្យាល័យ Hanyang៕





ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ