អង្គភាពវរសេនាតូចការពារអាកាស នៃយោធភូមិភាគទី១ ជំរុញការងារដាំដុះបន្លែបង្ការ និងការចិញ្ចឹមសត្វ ដើម្បីលើកស្ទួយជីវភាពកងទ័ព

(ខេត្តស្ទឹងត្រែង)៖ នាយទាហាន នាយទាហានរង និងពលទាហាន នៃអង្គភាពវរសេនាតូចការពារអាកាស ចំណុះយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង បានរួមគ្នាយ៉ាងសស្រាក់សស្រាំ ពន្លឿនលើការងារបង្កបង្កើនផល ដាំដុះដំណាំរួមផ្សំ និងការចិញ្ចឹមសត្វ ដើម្បីជួយលើកស្ទួយជីវភាពរស់នៅ (ការហូបចុកប្រចាំថ្ងៃ) របស់កងទ័ព ឱ្យបានកាន់តែប្រសើរឡើង ថែមមួយកម្រិតទៀត ដោយអនុវត្តតាមការណែនាំរបស់ លោកឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ មេបញ្ជាការយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង។

មេបញ្ជាការវរសេនាតូចការពារអាកាស នៃយោធភូមិភាគទី១ លោកវរសេនីយ៍ទោ មួន វុត្ថា បានឲ្យដឹងថា ក្រោយពីការបំពេញភារកិច្ចស្នូលប្រចាំថ្ងៃ របស់អង្គភាព លោកបានជំរុញ យោធិនក្រោមឱវាទិ ឱ្យបង្កើនលើការងារដាំដុះបន្លែបង្ការ និងការចិញ្ចឹមសត្វ ប្រមូលផលដាក់ចូលផ្ទះបាយរួម តាមបណ្តាកងអនុសេនាធំទាំង៣ ដើម្បីលើកស្ទួយជីវភាពរស់នៅ ផ្គត់ផ្គង់ និងធានាលើការហូបចុករបស់យោធិនក្នុងអង្គភាព ឱ្យបានកាន់តែល្អប្រសើរជាលំដាប់។

លោកវរសេនីយ៍ទោ មួន វុត្ថា បានបន្តថា បច្ចុប្បន្ន វរសេនាតូចការពារអាកាស បានខិតខំដាំដុះបន្លែបង្ការ ដំណាំរួមផ្សំ និងចិញ្ចឹមសត្វ ដោយទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ដូចជា៖ ដាំដើមឈើហូបផ្លែ (ដូង ស្វាយ ខ្នុរ ស្វាយចន្ទី ) បានចំនួន ២៧៩ដើម និងដាំបន្លែបង្ការគ្រប់មុខ ក្នុងនោះរួមមាន (ស្ពៃ ឆៃថាវ ខាត់ណា ម្រះ ត្រសក់ ត្រកួន ត្រប់ ននោង ត្រឡាច សណ្តែកគួ ល្ពៅ ត្រប់ ម្ទេស ស្លឹកគ្រៃ រំដេង និងល្មៀត) ។ល។

ដោយឡែក ការចិញ្ចឹមសត្វ គឺមាន (មាន់ ទា ក្ងាន បានចំនួន ៤៥១ក្បាល ដាក់ចូលផ្ទះបាយអស់ ១៥០ក្បាល ,ចិញ្ចឹមត្រី បានចំនួ ១០០០ក្បាល និងជ្រូក ) ជាច្រើនក្បាលទៀត ផងដែរ។

លោកវរសេនីយ៍ទោ មួន វុត្ថា បានបញ្ជាក់ថា លោកបានបំផុសយោធិនក្រោមឱវាទ ឱ្យ បន្តខិតខំដាំដុះបន្លែបង្ការ និងការចិញ្ចឹមសត្វឲ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីចូលរួមក្នុងចលនាប្រឡងប្រណាំង បង្កើនស្នាដៃឆ្នើម ជូនអង្គភាពសម្រាប់ឆ្នាំ២០២៥ នេះ ៕

ដោយ ៖ ឡុង សំបូរ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner