អង្គការសហប្រជាជាតិ សរសើរកម្ពុជា ក្នុងការគ្រប់គ្រងធនធានធម្មជាតិ និង បរិស្ថាន ជាពិសេសការឆ្លើយតបប្រកបដោយប្រសិទ្ធភាពលើការអភិវឌ្ឍន៍ដោយចីរភាព

(ភ្នំពេញ)៖ អ្នកសម្របសម្រួល របស់អង្គការសហប្រជាជាតិបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងការគ្រប់គ្រងធនធានធម្មជាតិ និង បរិស្ថាន ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព ។

នេះគឺជាការលើកឡើងរបស់ ឯកឧត្តម Joseph Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ក្នុងឱកាសទទួលបានការអនុញ្ញាតទទួលជួបនិងពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។

ឯកឧត្តម Joseph Scheuer បានបង្ហាញពីការប្តេជ្ញាចិត្តរបស់អង្គការសហប្រជាជាតិ បន្តពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា កឺការឆ្លើយតបប្រកបដោយប្រសិទ្ធភាពដល់ការអភិវឌ្ឍន៍ដោយចីរភាព ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងអំពីកិច្ចខិតប្រឹងប្រែងរបស់កម្ពុជា ក្នុងនោះក្រសួងបរិស្ថាន ដែលជាសេនាធិការ បាននិងកំពុងដឹកនាំរៀបចំ «ផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ» (NDC3.0) ដ៏មានសារៈសំខាន់ ដើម្បីបង្ហាញពីមហិច្ឆតាកម្ពុជា ក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពីគ្រប់វិស័យជាពិសេស វិស័យថាមពល ឧស្សាហកម្ម កសិកម្ម ព្រៃឈើ គីមី និងសំណល់។ ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណដល់អង្គការសហប្រជាជាតិ ក្នុងនោះមានទីភ្នាក់ងារអភិវឌ្ឍន៍សហប្រជាជាតិ UNDP ដែលចូលរួមសម្របសម្រួលនិងគាំទ្រកម្ពុជាក្នុងរៀបចំ «ផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ» និងដែលសបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏រឹងមាំរបស់កម្ពុជា ដើម្បីសម្រេចឱ្យបាននូវ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ។

សូមបញ្ជាក់ថា ក្នុងជំនួបភាគីទាំងពីបានពិភាក្សាគ្នាផងដែរ ទាក់ទងនឹងវេទិកានៃកិច្ចសន្ទនាប្រចាំឆ្នាំរវាងប្រព័ន្ធអង្គការសហប្រជាជាតិជាមួយសម្តេចមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលគ្រោងរៀបចំនៅក្នុងខែកញ្ញា ឆ្នាំ២០២៥ខាងមុខ ដើម្បីពិនិត្យ និងឆ្លុះបញ្ចាំងពីការរួមគ្នារវាងអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាពិភាក្សាអំពីអាទិភាព នៃការអភិវឌ្ឍជាតិនានា រួមទាំងវឌ្ឍនភាពឆ្ពោះទៅរក ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់កម្ពុជា (CSDGs) និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងប្រព័ន្ធអង្គការសហប្រជាជាតិ។ កិច្ចពិភាក្សាឆ្នាំនេះ ក៏បានកំនត់លើអាទិភាពរបស់រាជរដ្ឋាភិបាល និងទិសដៅយុទ្ធសាស្ត្រសម្រាប់ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុផងដែរ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner