ឯកឧត្តម តែម ម៉ឺន ៖ គណៈវិនិច្ឆ័យគ្រប់គ្រងការប្រកួតត្រូវស្គាល់ពីតួនាទីភារកិច្ចរបស់យើង ដើម្បីលើកកម្ពស់គុណតម្លៃអ្វីដែលយើងបានរៀនសូត្រ

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ក្នុងពិធីបិទបញ្ចប់វគ្គបំប៉នសមត្ថភាពគណៈវិនិច្ឆ័យគ្រប់គ្រងការប្រកួតកីឡាប្រដាល់គុនខ្មែរ នាល្ងាចថ្ងៃទី១០ ខែ មេសា ឆ្នាំ២០២៥ ឯកឧត្តម តែម ម៉ឺន អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាអនុប្រធានកិត្តិយស សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានថ្លែងជំរុញ ដល់សិក្ខាកាមថា ត្រូវយកចំណេះជំនាញថ្មីៗពាក់ព័ន្ធគណៈវិនិច្ឆ័យដែលបានរៀនសូត្រពីគ្រូឧទ្ទេសទៅប្រើប្រាស់ប្រកបដោយវិជ្ជាជីវៈក្រមសិលធម៌ ដើម្បីចូលរួមលើកកម្ពស់គុណភាពប្រដាល់គុនខ្មែរដែលជាកីឡាអត្តសញ្ញាណជាតិ។

ឯកឧត្តម អនុប្រធានកិត្តិយស បានរំលេចទៀតថា ស្នងការប្រកួតគណៈវិនិច្ឆ័យក្នុងការកាត់សេចក្តីត្រូវប្រុងប្រយ័ត្នបំផុត ព្រោះមានការឆ្គាំឆ្គងបន្តិចបន្តួច និងត្រូវមហាជនដាក់សម្ពាតថា មិនសុក្រិតយុត្តិធម៌ ដូច្នោះ សូមប្រើប្រាស់ជំនាញវិជ្ជាជីវៈកាត់សេចក្តីឱ្យច្បាស់លាស់ និងអនុវត្តច្បាប់វិនិច្ឆ័យក្នុងស្តង់ដាតែមួយ ដើម្បីលើកកម្ពស់គុណតម្លៃក្រមសិលធម៌ជាគណៈវិនិច្ឆិដែលអនុវត្តការងារតាមចំណេះជំនាញដែលបានរៀនសូត្រ។

ឯកឧត្តម បានជំរុញទៀតថា ក្នុងនាមជាគណៈវិនិច្ឆ័យមួយរូបពេលបំពេញភារកិច្ចទី១ត្រូវបញ្ចេញសមត្ថភាពឱ្យអស់ធ្វើដោយឆន្ទៈប្រកាន់ភ្ជាប់នូវវិន័យ ក្រមសិលធម៌នៃវិជ្ជាជីវៈដែលជាស្នងការប្រកួតនិងជាប្រធានវិនិច្ឆ័យសម្រាប់ការប្រកួត ពិសេស ត្រូវរក្សាសាមគ្គីក្នុង ក្នុងក្រម ដើម្បីឱ្យការផ្តល់ពិន្ទុទៅសមស្របនិងអាចទទួលយកបានសមហេតុសមផលធ្វើឱ្យមហាជន និងកីឡាករបរទេសមកប្រកួតពេញចិត្តនិងឯកភាពទទួលយក។

តាមរបាយការណ៍ វគ្គបំប៉នសមត្ថភាពនេះ ត្រូវបានរៀបចំឡើង ក្រោមការគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការពន្លឿនផែនការអភិវឌ្ឍប្រចាំឆ្នាំដល់សហព័ន្ធកីឡាជាតិ។បានរៀបចំឡើងរយៈពេល៥ថ្ងៃពីថ្ងៃទី០៧-១១ ខែមេសា ឆ្នាំ២០២៥ នៅសាលមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ក្រោមការចែករំលែកពីគ្រូឧទ្ទេសចំនួន៣រូប រួមមាន៖ ឯកឧត្តម ម៉ិល កាដូ, លោក ទុយ ប៊ុនហឿន និងលោក អ៊ិន ខេមរិន។ ជាលទ្ធផល សិក្ខាកាម៣០នាក់ ទទួលបានលទ្ធផលល្អណាស់៣% លទ្ធផលល្អ៥៧% និងមធ្យម៤០%៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner