ក្រសួងមហាផ្ទៃរៀបចំសូត្រមន្ត សង្ក្រាន្តឆ្នាំថ្មី អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
(ភ្នំពេញ)៖ ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នាពេលខាងមុខ ក្រសួងមហាផ្ទៃ បានរៀបចំពិធីសូត្រមន្ត សង្ក្រាន្តឆ្នាំថ្មី ដើម្បីបង្កភាពសប្បាយរីករាយ ដល់មន្ត្រីរាជការ និងអ្នកចូលរួមនានា ។
កម្មវិធីសង្ក្រាន្តមហាផ្ទៃនេះ ធ្វើឡើងនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ដោយមានរៀបចំកម្មវិធីសូត្រមន្តចម្រើនព្រះបរិត្ត រាប់បាត្រព្រះសង្ឃចំនួន១០៨អង្គ និងពិធីសាសនាមួយចំនួនទៀត រួមទាំងមានសម្ដែងរបាំត្រុដ រាំលេងកម្សាន្ត និងលេងល្បែងប្រជាប្រិយ ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ការរៀបចំនូវកម្មវិធីសង្ក្រាន្តមហាផ្ទៃ បានបង្ហាញពីកត្តាសុខសន្តិភាព ដែលកម្ពុជាកំពុងមាន ហើយភាពសប្បាយរីករាយ នៅទូទាំងប្រទេសតាមរយៈការរៀបចំសង្ក្រាន្តឆ្នាំថ្មី គឺបានបង្ហាញយ៉ាងច្បាស់ពីការរីកចម្រើនរបស់កម្ពុជា ។ ពិធីនេះមិនត្រឹមតែ បួងសួងសុំឲ្យទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សា ឲ្យបានសេចក្តីសុខ សេចក្ដីចម្រើនប៉ុណ្ណោះទេ ថែមទាំងជាការឧទ្ទិសបុណ្យកុសលជូនចំពោះវិញ្ញាណក្ខន្ធបុព្វការីជន និងជនស្នេហាជាតិទាំងអស់ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ មាតុភូមិផងដែរ ។
អគ្គលេខាធិការក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ លើកឡើងថា កម្មវិធីសង្ក្រាន្តមហាផ្ទៃ គឺធ្វើឡើងរយៈពេលពេញ១ថ្ងៃ ដែលមានលេងល្បែងប្រជាប្រិយជាច្រើនប្រភេទ ដូចជាចោលឈូង ទាញព្រ័ត លាក់កន្សែង វាយក្អម និងបោះអង្គុញជាដើម ។
សូមរំលឹកថា សង្ក្រាន្តក្រសួងមហាផ្ទៃនេះ គឺជាសកម្មភាពមួយ នៃសង្ក្រាន្តនានា ដែលកំពុងធ្វើនៅទូទាំងប្រទេស មាននៅតាមសាលារៀន វត្តអារាម ភូមិស្រុក និងតាមក្រុមហ៊ុនឯកជនផ្សេងៗ ជាពិសេសនៅឆ្នាំនេះ នឹងមានរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្នុងទឹកដីសៀមរាបអង្គរផងដែរ ។
គួរបញ្ជាក់ផងដែរថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់នេះ ត្រូវនឹងថ្ងៃចន្ទ ២រោច ខែចេត្រ ព.ស.២៥៦៨ (ថ្ងៃទី១៤ ១៥ ១៦ខែមេសា ឆ្នាំ២០២៥) ដោយមានព្រះនាម គោរាគៈទេវី បុត្រីទី២នៃកបិលមហាព្រហ្ម ដែលនឹងយាងចុះមកនៅវេលាម៉ោង ៤៖៤៨នាទីព្រឹក ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ ជាអ្នកប្រទានសិរីល្អក្នុងឆ្នាំនេះ ៕
ដោយ ៖ គ្រី សម្បត្តិ












