ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ពេញចិត្តចំពោះមិត្តភាពដ៏យូរលង់ និងកិច្ចសហប្រតិបត្តិការដ៏ល្អ កម្ពុជា និងឥណ្ឌា
(ភ្នំពេញ)៖ ខណៈអនុញ្ញាតឱ្យ ឯកឧត្តម Bawitlung Vanlalvawna ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសឥណ្ឌាប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង នៅថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានពេញចិត្តចំពោះមិត្តភាពដ៏យូរលង់ និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងឥណ្ឌា ដែលមានឬសគល់នៃទំនាក់ទំនងប្រវត្តិសាស្ត្រ និង វប្បធម៌រួមគ្នា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានរំលឹកពីដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជា ទៅកាន់ប្រទេសឥណ្ឌា ក្នុងខែឧសភា ឆ្នាំ២០២៣ និងដំណើរទស្សនកិច្ចរបស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ក្នុងតួនាទីជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ។ ភាគីទាំងពីរបានពិភាក្សាអំពីលទ្ធភាព នៃការផ្លាស់ប្តូរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីទាំងពីរនាពេលខាងមុខ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានស្វាគមន៍ចំពោះលទ្ធផលដ៏ ជោគជ័យ និងបានឯកភាពជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងដែលសម្រេចបានក្នុងអំឡុងកិច្ចប្រជុំពិគ្រោះយោបល់ការបរទេសលើកទី៣ ដែលបានធ្វើនៅខេត្តសៀមរាបក្នុង មីនា ហើយទន្ទឹងរង់ចាំកិច្ចប្រជុំគណៈកម្មការចម្រុះលើកទី៣ រវាងក្រសួងការបរទេសទាំងពីរ ដែល គ្រោងធ្វើនៅប្រទេសឥណ្ឌា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត ។
ភាគីទាំងពីរ បានគូសបញ្ជាក់ពីការកើនឡើងនៃពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី និងភាពចាំបាច់ក្នុងការពន្លឿនកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតាមរយៈយន្តការទ្វេភាគីដែល មានស្រាប់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលឥណ្ឌា ដែលបានគាំទ្រការអភិវឌ្ឍរបស់កម្ពុជា ការអភិរក្សបេតិកភណ្ឌ ការដោះមីន និងការអភិវឌ្ឍធនធាន មនុស្ស។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានស្វាគមន៍ចំពោះវឌ្ឍនភាព លើវិស័យការតភ្ជាប់ ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន និងទេសចរណ៍ ដោយបានបើកឱ្យមាន ជើងហោះហើរត្រង់រវាងទីក្រុងភ្នំពេញ និងទីក្រុងញូវដេលី កាលពីខែមិថុនា ឆ្នាំ២០២៤ ព្រមទាំង សង្ឃឹមថា ផ្លូវហោះហើររវាងប្រទេសទាំងពីរនឹងត្រូវបានបង្កើតឡើង។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ និងសន្តិសុខផងដែរ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងការពេញចិត្តចំពោះ ជំនួយ និងកិច្ចសហប្រតិបត្តិការរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកអនឡាញ និងការ ជួយសង្គ្រោះជនរងគ្រោះ ព្រមទាំងបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ឥណ្ឌា ក្នុងការពង្រឹងភាពជា ដៃគូជាមួយកម្ពុជា ក្នុងវិស័យនានា ដែលមានអត្ថប្រយោជន៍រួម៕
ដោយ ៖ សួង ពិសិដ្ឋ


