ធ្លាក់ឧទ្ធម្ភាគចក្រទេសចរណ៍អាមេរិកស្លាប់ ៦នាក់
បរទេស ៖ អាជ្ញាធរបាននិយាយថា មនុស្ស៦នាក់ រួមទាំងកុមារ ៣នាក់បានស្លាប់ បន្ទាប់ពីឧទ្ធម្ភាគចក្រទេសចរណ៍មួយគ្រឿង បានធ្លាក់ចូលទៅក្នុងទន្លេ Hudson ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍។
ឧបទ្ទវហេតុនេះ បានសម្លាប់អ្នកជិះលើយន្តហោះទាំងអស់ ដោយអ្នកបើកយន្តហោះ និងក្រុមគ្រួសារ ជាអ្នកមកពីប្រទេសអេស្ប៉ាញ។ ដំបូងឡើយ ជនរងគ្រោះ ២នាក់ត្រូវបានបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យ សង្ឃឹមថានៅមានជីវិត ប៉ុន្តែ ក្រោយមក បានបាត់បង់ជីវិត។
បណ្តាញទូរទស្សន៍ NBC4 បានរាយការណ៍ថា ការធ្លាក់ឧទ្ធម្ភាគចក្របានកើតឡើង ក្នុងពេលជួបលក្ខខណ្ឌអាកាសធាតុមិនល្អ ដោយពេលនោះ មានភ្លៀងធ្លាក់ ជាមួយនឹងពពកក្រាស់។ សាក្សីម្នាក់បានប្រាប់ AFP ថា ឧទ្ធម្ភាគចក្របានខ្ទេចលើមេឃ ហើយក៏វិលក្រវីក្រវ៉ាត់ បន្ទាប់មក វាបានធ្លាក់ចូលទៅក្នុងទឹកតែម្តង»។
រដ្ឋបាលអាកាសចរណ៍សហព័ន្ធបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជាឧទ្ធម្ភាគចក្រ Bell 206 ហើយថា ខ្លួន និងក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ នឹងស៊ើបអង្កេត ។
អភិបាលក្រុងញូវយ៉ក លោក Eric Adams បានប្រាប់សន្និសីទសារព័ត៌មាន ខ្លីមួយថា « ជនរងគ្រោះទាំង៦នាក់ត្រូវបានដកចេញពីទឹកហើយ ជាអកុសល ជនរងគ្រោះទាំង៦នាក់ ត្រូវបានប្រកាសថាស្លាប់ ជាគ្រោះថ្នាក់ដ៏សោកសៅ និងសោកនាដកម្ម»។
ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រើប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីហៅការធ្លាក់យន្តហោះនេះថា «គួរឱ្យភ័យខ្លាច…លោកបានសរសេរនៅលើ Truth Social ថា «វីដេអូ នៃឧបទ្ទវហេតុនេះ គឺគួរឱ្យរន្ធត់ណាស់។ សូមព្រះប្រទានពរ ដល់ក្រុមគ្រួសារ និងមិត្តភក្តិ របស់ជនរងគ្រោះ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
