ចិន និងអឺរ៉ុបប្រកៀកស្មាគ្នាពង្រឹងសេដ្ឋកិច្ចពាណិជ្ជកម្ម ក្រោយរងគ្រោះពីសង្គ្រាមពន្ធលោក Trump

បរទេស៖ ក្រោយពេលររងការតំឡើងពន្ធដូចគ្នា ពីសំណាក់រដ្ឋបាលលោក Trump អឺរ៉ុបនិងចិន បានប្រកៀកស្មាគ្នាពង្រឹងសេដ្ឋកិច្ចពាណិជ្ជកម្ម នេះបើតាមទីភ្នាក់ងារព័ត៌មាន CNA កាលពីថ្ងៃព្រហស្បតិ៍។

បើតាមក្រសួងពាណិជ្ជកម្មចិន បានឲ្យដឹងថា ចិននិងអឺរ៉ុប ទើបបានផ្លាស់ប្តូរទស្សនៈ លើការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងភាគីទាំង២។ នៅក្នុងជជែកគ្នា តាមវីដេអូ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Wang Wentao ទើបបានពិភាក្សា ជាមួយស្នងការសន្តិសុខពាណិជ្ជកម្ម និងសេដ្ឋកិច្ចអឺរ៉ុប លោក Maros Sefcovic អំពីការចាប់ផ្តើមឡើងវិញ នៃកិច្ចពិភាក្សា ស្តីពីការផ្តល់ជំនួយសង្គ្រោះពាណិជ្ជកម្ម និងដើម្បីអនុវត្តការចរចាភ្លាមៗ លើការប្តេជ្ញាចិត្ត លើតម្លៃរថយន្តអគ្គិសនីរបស់ចិន ជាដើម។

លោក Wang បានជំរុញឱ្យភាគីទាំងពីរ រួមគ្នាការពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលមានមូលដ្ឋានលើច្បាប់ ហើយប្រកាន់ខ្ជាប់នូវសេរីភាវូបនីយកម្ម និងការសម្របសម្រួលពាណិជ្ជកម្ម ដែលនឹងចាក់បញ្ចូលស្ថិរភាព និងភាពប្រាកដប្រជា បន្ថែមទៀត ទៅក្នុងសេដ្ឋកិច្ចពិភពលោក និងពាណិជ្ជកម្មពិភពលោក។

ភាគីទាំងពីរក៏បានពិភាក្សាអំពីការបង្កើតបរិយាកាសធុរកិច្ច កាន់តែអំណោយផល សម្រាប់សហគ្រាស និងបញ្ហាផ្ទេរពាណិជ្ជកម្ម ព្រមទាំង បន្តពង្រឹងទំនាក់ទំនង ក្រោមក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក ហៅកាត់ WTO និងរួមគ្នាលើកកម្ពស់កំណែទម្រង់ របស់ WTO ។

គួរបញ្ជាក់ថា សហភាពអឺរ៉ុប ធ្លាប់បានដាក់ពន្ធបន្ថែម រហូតដល់ ៣៥.៣ ភាគរយ លើរថយន្តអគ្គិសនី ដែលផលិតដោយប្រទេសចិន កាលពីចុងខែតុលា បន្ទាប់ពីការស៊ើបអង្កេតប្រឆាំងនឹងការឧបត្ថម្ភធន លើតម្លៃពន្ធនាំចូលរថយន្ត។ តែ ក្រសួងពាណិជ្ជកម្មចិន ធ្លាប់បានលើកឡើង កាលពីសប្តាហ៍មុនថា ភាគីទាំងពីរបានយល់ព្រមចាប់ផ្តើមការចរចាឡើងវិញ លើរឿងនេះ ប៉ុន្តែមិនទាន់បានបញ្ជាក់ពីពេលណា ដែលនឹងចាប់ផ្តើមឡើងវិញ នោះទេ៕

ប្រភពពី CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner