តៃវ៉ាន់បញ្ចេញយានដ្រូនយោធាបើកលើទឹកផលិតក្នុងស្រុកដំបូងបំផុត
តៃប៉ិ ៖ សាជីវកម្មសាងសង់នាវារបស់កោះតៃវ៉ាន់ ហៅកាត់ (CSBC) នាពេលថ្មីៗនេះ បានបញ្ចេញយានដ្រូនយោធាបើកលើទឹកដំបូងបំផុត នៅឯទីតាំងផលិតនាវា Dafa នៃទីក្រុង Kaohsiung។
យានដ្រូនយោធាបើកលើទឹកនេះ មានឈ្មោះថា “Endeavor Manta” មានប្រវែង ៨.៦ ម៉ែត្រ និងទទឹង ៣.៧ ម៉ែត្រ។ វាមានសមត្ថភាពផ្ទុកលើសទម្ងន់មួយតោន និងមានល្បឿនអតិបរមាជាង ៦៤,៨២ គីឡូម៉ែត្រក្នុងមួយម៉ោង។ វាត្រូវបានបំពាក់ដោយបច្ចេកវិទ្យាបញ្ជាពីចម្ងាយជាច្រើន រួមទាំង 4G ប្រេកង់វិទ្យុ និងផ្កាយរណបជាដើម។
លើសពីនេះ វាក៏មានលក្ខណៈពិសេសកម្រិតខ្ពស់ ដូចជាមុខងារបញ្ជា swarm និង មុខងាររុករកដោយស្វ័យប្រវត្តិ ជាមួយនឹងមុខងារជៀសវាងការប៉ះទង្គិច។ វាក៏មានមុខងារសម្គាល់គោលដៅ AI និងមុខងារប្រឆាំងការលួច ខណៈដែលសំបកខ្លួនរបស់វាត្រូវបានផលិតពីផ្លាស្ទិចស្រោបសរសៃហ្វៃប៊ឺដ៏រឹងមាំ។
ប្រធានសាជីវកម្មសាងសង់នាវាតៃវ៉ាន់ លោក Huang Cheng-hung និយាយថា ក្រុមហ៊ុនបានចាប់ផ្តើមអភិវឌ្ឍយានដ្រូនប្រភេទ USVs ថ្នាក់យោធានៅដើមឆ្នាំ ២០២៤ ដោយសង្កត់ធ្ងន់លើការរចនាសំខាន់ចំនួនពីរ រួមមានភាពបត់បែន និង ភាពធន់នឹងសមុទ្រ។
លោក Huang និយាយថា ភាពអាចបត់បែនបាន គឺមានសារៈសំខាន់ណាស់ សម្រាប់ការដាក់ពង្រាយនៅតាមឆ្នេរសមុទ្រ ឬកំពង់ផែនានា ហើយភាពធន់នឹងសមុទ្រក៏ជារឿងចាំបាច់ផងដែរ ដោយសារតែច្រកសមុទ្រតៃវ៉ាន់តែងតែជួបប្រទះនូវខ្យល់បក់បោកខ្លាំង និងរលកខ្ពស់ៗ។
ដើម្បីដោះស្រាយបញ្ហានេះ យានដ្រូន Endeavor Manta ត្រូវបានអ្នកអភិវឌ្ឍបង្កើតឡើងជាមួយរចនាសម្ព័ន្ធចំនួន ៣ បូករួមនឹងការជួយបង្កើនស្ថេរភាព និង ការសម្របខ្លួនរបស់វាទៅនឹងលក្ខខណ្ឌស្ថានភាពលំបាកៗនៅដែនសមុទ្រ៕
ប្រភព ៖ Taiwan News ប្រែសម្រួល ៖ ឈឹម ទីណា
