លោក Trump ខាតលុយ ៥០០ លានដុល្លារ ដោយសារសង្គ្រាមពន្ធខ្លួនឯង

វ៉ាស៊ីនតោន ៖ ត្រឹមមួយប៉ព្រិចភ្នែកប៉ុណ្ណោះ ទ្រព្យសម្បត្តិសុទ្ធរបសប្រធានាធិបតីអាមេរិក លោក Donald Trump បានធ្លាក់ចុះដល់ទៅ ៥០០ លានដុល្លារ ដោយសារតែការអនុវត្តរលកពន្ធដ៏ធំរបស់លោកផ្ទាល់ នេះបើយោងតាមការប៉ាន់ស្មានរបស់ទស្សនាវដ្តី Forbes។

ការខាតបង់នេះ កើតឡើងបន្ទាប់ពីលោកប្រធានាធិបតី Trump បានប្រកាសដាក់ពន្ធថ្មីច្រើនជាង ១០០ ប្រទេសទូទាំងពិភពលោក រួមទាំងការយកពន្ធលើទំនិញចិនកើនឡើងដល់ ១៤៥% ផងដែរ។

ទស្សនាវដ្តី Forbes បានឱ្យដឹងថា ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោកប្រធានាធិបតី Trump បានធ្លាក់ចុះពី ៤.៧ ពាន់លានដុល្លារ មកនៅត្រឹម ៤.២ ពាន់លានដុល្លារក្នុងរយៈពេលតិចជាងមួយសប្តាហ៍ ដោយសារតែតម្លៃភាគហ៊ុនសាធារណៈ និង ឯកជនរបស់លោកផ្ទាល់បានដាំក្បាលចុះ ស្របជាមួយនឹងតម្លៃភាគហ៊ុនទីផ្សារសកល។

បើតាមទស្សនាវដ្ដី Forbes ក្រុមហ៊ុន Trump Media and Technology Group ដែលជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់លោកប្រធានាធិបតី ត្រាំ បានធ្លាក់ចុះ ៨% ឬស្មើនឹងការខាតបង់ ១៧០ លានដុល្លារ។

ក្រុមហ៊ុនអចលនទ្រព្យពាណិជ្ជកម្ម និងលំនៅឋានរបស់លោក ត្រាំ បានខាតបង់ចន្លោះពី ១១០ ទៅ ១៤២ លានដុល្លារ ខណៈដែកក្លឹបវាយកូនហ្គោលរបស់លោកទំនងជាបាត់បង់ប្រហែល ៧០ លានដុល្លារ ហើយក៏នៅមានការខាតបងជាច្រើនផ្សេងទៀតផងដែរ។

បើតាមទស្សនាវដ្ដី Forbes ទ្រព្យសម្បត្តិឯកជនរបស់លោកប្រធានាធិបតី ត្រាំ ប្រឈមមុខនឹងការខាតបង់ធ្ងន់ធ្ងរ គឺបណ្តាលមកពីការបាត់បង់ទំនុកចិត្តរបស់វិនិយោគិន បង្កឡើងពីសង្គ្រាមពន្ធគយរបស់លោកផ្ទាល់។ ទោះបីជាទីផ្សារធ្លាក់ចុះក៏ដោយ លោក Trump នៅតែការពារការសម្រេចចិត្តធ្វើបែបនេះ ដោយអះអាងថា ពន្ធគយកំពុងស្រូបទាញលុយរាប់ពាន់លានដុល្លារហូរចូលសេដ្ឋកិច្ចអាមេរិករួចទៅហើយ៕

ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner