គណៈកម្មការចំពោះកិច្ចស្តីពីការត្រួតពិនិត្យ និងដោះស្រាយបញ្ហា ដំណើរចេញ-ចូលរបស់ពលករខ្មែរតាមព្រំដែន ប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១
(បន្ទាយមានជ័យ) ៖ ឧត្តមសេនីយ៍ឯក សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ អនុប្រធានគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញចូលរបស់ពលករខ្មែរតាមព្រំដែនកម្ពុជា បានដឹកនាំកិច្ចប្រជុំបូកសរុប លទ្ធផលសកម្មភាពការងារ ត្រីមាសទី១ ឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តរបស់គណៈកម្មការចំពោះកិច្ចរាជរដ្ឋាភិបាលស្តីពីការត្រួតពិនិត្យ និងដោះស្រាយបញ្ហា ដំណើរចេញចូលរបស់ពលករខ្មែរតាមព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា នាក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួម ពីគ្រប់តំណាងពាក់ព័ន្ធ ។
លោក លៀម សុដា អភិបាលរងខេត្តបន្ទាយមានជ័យ បានថ្លែងថា ក្នុងនាមជាសមាជិកក្រុមការងារទី២ នៃគណៈកម្មការចំពោះកិច្ចរដ្ឋបាលខេត្ត សមត្ថកិច្ច ឈរជើងតាមច្រកទ្វារព្រំដែនបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តសម្របសម្រួលដល់ការធ្វើដំណើរចេញ-ចូលរបស់បងប្អូនពលករខ្មែរ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានឆាប់រហ័ស និងស្របច្បាប់ មិនមានភាពអសកម្ម ឬភាពមិនប្រក្រតី មានបញ្ហាកើតមានខ្លះ ប៉ុន្តែតិចតួច ហើយថ្នាក់ដឹកនាំខេត្ត កម្លាំងមានសមត្ថកិច្ច ប្រធានស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានធ្វើការដោះស្រាយ ឆ្លើយតបភ្លាមៗ ចំពោះបញ្ហា ដែលបានកើតមានឡើង ។
លោក លៀម សុដា បានលើកឡើងនូវសកម្មភាពការងារ របស់ក្រុមការងារទី២ នៃគណៈកម្មការចំពោះកិច្ច ដែលរួមមាន៖ កិច្ចប្រជុំរវាងក្រុមការងារជាមួយ អាជ្ញាធរ តំណាងស្ថាប័នពាក់ព័ន្ធខេត្តជាប់ព្រំដែនទាំង៣ ដាច់ដោយឡែកពីគ្នា ដើម្បីផ្សព្វផ្សាយគោលការណ៍ និងវិធានការដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ក្នុងការលុបបំបាត់ភាពមិនប្រក្រតី បាតុភាពអសកម្ម លុបបំបាត់ការយកកម្រៃក្រៅផ្លូវការក្នុងការបំពេញបែបបទឯកសារធ្វើដំណើរចេញ-ចូលតាមច្រកទ្វារព្រំដែន ព្រមទាំងពិភាក្សាការងារក្នុងការត្រួតពិនិត្យ ដោះស្រាយ និងដាក់ចេញវិធានការដល់ស្ថាប័នពាក់ព័ន្ធ តាមបណ្តាច្រកទ្វារព្រំដែន ក្នុងការបម្រើសេវាជូនដល់ ប្រជាពលរដ្ឋខ្មែរ ក្នុងការចេញ-ចូលឆ្លងដែន ជៀសវាង ការឆ្លងដែនខុសច្បាប់ មិនឱ្យមានការកកស្ទះ និងធានានូវភាពស្របច្បាប់ ក្នុងការឆ្លងដែនចេញ-ចូលរបស់ពួកគាត់ ។ ក្រុមការងារបានចុះត្រួតពិនិត្យ សិក្សាស្ថានភាពច្រកព្រំដែន ១៨លើក បើកកិច្ចប្រជុំបន្ទាន់នៅទីស្នាក់ការច្រកទ្វាររអន្តរជាតិប៉ោយប៉ែត ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយ ជូនកម្មករអូសរទេះដឹកទំនិញគេចពន្ធ ដែលប្រឆាំងតវ៉ាជាមួយស្ថាប័នពាក់ព័ន្ធ រួមនឹងការដោះស្រាយនូវបញ្ហាប្រឈមនានា ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក សៀក សុជាតិ បានជំរុញឱ្យគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ បន្តចុះពង្រឹងការអនុវត្តតួនាទី ភារកិច្ចរបស់មន្ត្រី ប្រចាំច្រកទ្វារព្រំដែន និងពង្រឹងវិធានការត្រួតពិនិត្យ ការចេញ-ចូលឆ្លងដែនរបស់ពលករខ្មែរ អនុវត្តតាមសេចក្ដីសម្រេចនាពេលកន្លងមក ជាពិសេស អាជ្ញាធរខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ត្រូវធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយគ្នា តាមយន្តការដែលមានស្រាប់ លើការត្រួតពិនិត្យ ឆ្លងកាត់ព្រំដែន សម្របសម្រួលតាមកិច្ចព្រមព្រៀង ស្តីពីការឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ និងលិខិតបទដ្ឋាននានា ដែលបានឯកភាពគ្នា ។
ក្នុងនាមថ្នាក់ដឹកនាំគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញចូលរបស់ពលករខ្មែរតាមព្រំដែនកម្ពុជា ឧត្តមសេនីយ៍ឯក សៀក សុជាតិ ក៏បានដាក់ផែនការ និងទិសដៅអនុវត្តបន្ត ដើម្បីជួយសម្រួល ដល់ការឆ្លងដែនរបស់ពលករ តាមច្រកទ្វារព្រំដែនអន្តរជាតិ ច្រកទ្វារតំបន់ព្រំដែន កម្ពុជា-ថៃ តាមសេចក្តីណែនាំស្តីពីការជួយសម្រួល ដំណើរចេញ-ចូលប្រទេសជូនពលករខ្មែរ តាមព្រំដែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៥ និងណែនាំដល់សមាជិកក្រុមការងារទី២ និងអាជ្ញាធរ តាមច្រកទ្វារព្រំដែន ឱ្យសហការគ្នាជាមួយមន្ត្រី នគរបាល អាជ្ញាធរពាក់ព័ន្ធ និងរដ្ឋបាលខេត្តជាប់ព្រំដែន ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវប្រព័ន្ធឆ្លើយតបជាបន្ទាន់ HOtline ដើម្បីជួយសម្រួលជូនពលករខ្មែរ អាចទំនាក់ទំនងស្នើសុំជំនួយ ឬរាយការណ៍ អំពីភាពមិនប្រក្រតីក្នុងដំណើរឆ្លងកាត់ព្រំដែន ៕






ដោយ ៖ វណ្ណលុក