សង្ក្រាន្តភូមិតានន រួមចំណែកពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន កម្ពុជា-ចិន

(តាកែវ)៖ កម្មវិធី«សង្ក្រាន្តភូមិតានន» ស្ថិតនៅក្នុងឃុំដូង ស្រុកបាទី ខេត្តតាកែវ នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅអគារពហុបំណងភូមិតានន ត្រូវបានរៀបចំក្រោមកិច្ចសហការរវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ ដើម្បីសាទរដល់ឱកាសទទួលអំណរឆ្នាំថ្មី ឆ្នាំម៉្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩។

«សង្ក្រាន្តភូមិតានន» មានការចូលរួមពីទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋបាលខេត្តតាកែវ រដ្ឋបាលស្រុកបាទី រដ្ឋបាលឃុំដូង ប្រជាជន សិស្សានុសិស្ស និងមិត្តចិនដែលអញ្ជើញមកពីមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា សមាគមពាណិជ្ជកម្មចិនហ្វូជៀនប្រចាំកម្ពុជា មូលនិធិសង្គមដើម្បីការអភិវឌ្ឍអប់រំកម្ពុជា សរុបចំនួន ២០០នាក់ ។

លោក លី សាវេត អភិបាលរងខេត្តតាកែវបានថ្លែងថា អ្នកភូមិតាននរៀបចំព្រឹត្តិការណ៍សង្ក្រាន្តភូមិតានន ឆ្នាំ២០២៥ ដើម្បីបង្ហាញពីវឌ្ឍនភាពនៃការផ្លាស់ប្តូរមុខមាត់ថ្មីប្រកបដោយការអភិវឌ្ឍយ៉ាងខ្លាំងក្លានិងពោរពេញដោយបៃតងភាពរបស់ភូមិតាននក្នុងរយៈពេល៥ឆ្នាំនៃដំណើរការអនុវត្តគម្រោងកាត់បន្ថយភាពក្រីក្រ ក្រោមកិច្ចសហការរវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល និង មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ។

ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នាថ្ងៃនេះជាការគូសរំលេចបន្ថែមពីការផ្សព្វផ្សាយ និងការចែករំលែកពីអរិយធម៌រាប់ពាន់ឆ្នាំនៃពិធីសង្ក្រាន្តជូនដល់មិត្តចិនដោយបានចូលមកកម្សាន្តដោយផ្ទាល់ និងរួមចំណែកចែករំលែកពីក្តីសប្បាយរីករាយរបស់ប្រជាជនកម្ពុជាក្រោមម្លប់សុខសន្តិភាពនាសករាជតេជោ និងផ្លែផ្កានៃការអភិវឌ្ឍបន្តទទួលបានក្រោមការដឹកនាំរបស់សម្តេចធិបតី ដល់ប្រជាជនចិន និងមិត្តបរទេសនៅគ្រប់ទិសទី។ ឯកឧត្តមបានបញ្ជាក់ថា ព្រឹត្តិការណ៍សង្ក្រាន្តភូមិតានន នឹងចូលរួមចំណែកពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន កម្ពុជា-ចិន តាមរយៈការស្វែងយល់កោតសរសើរ និងផ្តល់តម្លៃវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់គ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសយើងទាំងពីរ។

បន្ថែមពីលើនេះ ឯកឧត្តម ក៏បានឆ្លៀតយកឱកាសនេះ ណែនាំក្រុមហ៊ុនចិនមកជួបផ្ទាល់ជាមួយម្ចាស់កសិផលដែលជាអ្នកភូមិតានន ហើយឯកឧត្តមក៏បានស្វាគមន៍ដល់មិត្តចិនមកទស្សនាភូមិតាននដើម្បីបង្កើនការរួមចំណែកចាក់បញ្ចូលនៃការអភិវឌ្ឍដល់ភូមិតានននិយាយដោយឡែក ដល់ឃុំដូងនិយាយរួម។

លោក Liu Zhanguo ប្រធានការិយាល័យមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រចាំកម្ពុជាបានថ្លែងថា សង្ក្រាន្តភូមិតាននជាគីឡូម៉ែត្រចេញដំណើររបស់ជនជាតិចិនផ្តើមយល់កាន់តែស៊ីជម្រៅពីវប្បធម៌ខ្មែរទាក់ទងនឹងសង្ក្រាន្ត ដោយរួមមានទាំងការលេងកម្សាន្តនូវល្បែងប្រពៃណីខ្មែរជាច្រើន ដោយឆ្ពោះទៅចូលរួមសាទរអង្គរសង្ក្រាន្តនៅក្នុងតំបន់អង្គរ។

លោកនឹងយកឱកាសនៃព្រឹត្តិការណ៍នេះទាក់ទាញមិត្តភក្តិ ក្រុមគ្រួសារ និងជនជាតិចិនកាន់តែច្រើនមកទស្សនាកម្ពុជា។

លោក Feng Ziquan អគ្គលេខាធិការសមាគមពាណិជ្ជកម្មចិនហ្វូជៀនប្រចាំកម្ពុជា បានចូលរួមអបអរសាទរនឹងវឌ្ឍនភាពនៅភូមិតានន ហើយលោកនឹងបន្តសហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីរួមចំណែកជាស្ពាននាំយកកសិផលរបស់ភូមិតាននដល់ដៃរបស់សមាគមពាណិជ្ជកម្មចិននានាក្នុងប្រទេសកម្ពុជា។ លោកក៏នឹងបន្តការទាក់ទាញមិត្តចិនកាន់តែច្រើនមកកាន់ភូមិតានន ដើម្បីរួមចំណែកបង្កើនទំនាក់ទំនងរវាងប្រជាជននិងប្រជាជន កម្ពុជានិងចិន៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner