អ្នកសារព័ត៌មានកម្ពុជា ចិន រួមគ្នាជំរុញកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវរបស់រដ្ឋាភិបាលចិន និងការអភិវឌ្ឍន៍នៅកម្ពុជា
(ភ្នំពេញ)៖ សារព័ត៌មាន People’s Daily បានរៀបចំវេទិការចែករំលែកលទ្ធផលបទសម្ភាសន៍រួម ស្តីពីការរួមគ្នាកសាង «ខ្សែ ក្រវាត់ និងផ្លូវ» ប្រកបដោយគុណភាពខ្ពស់ បន្ទាប់ពីធ្វើកិច្ចការយកព័ត៌មានជាមួយក្រុមអ្នកសារព័ត៌មានខ្មែរ រយៈពេល ៤ថ្ងៃកន្លងមក ។
វេទិការនេះ បានអញ្ជើញចូលរួមអធិបតីភាពដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងភ្ញៀវកិត្តិយសជាជនជាតិចិន និងកម្ពុជាជាច្រើនរូបទៀត ដែលប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះ នៅសណ្ឋាគារសុខា ក្នុងរាជធានីភ្នំពេញ ។
សារព័ត៌មាន People’s Daily គឺជាភ្នាក់ងារសារព័ត៌មានដ៏ធំមួយនៃរដ្ឋាភិបាលចិន បានមកទស្សនកិច្ចរយៈពេល៤ថ្ងៃនាចុងសប្តាហ៍កន្លងទៅនៅកម្ពុជា ដើម្បីពង្រឹងមិត្តភាព និងប្រព័ន្ធផ្សព្វផ្សាយរវាងកម្ពុជា-ចិន និងជំរុញកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវរបស់រដ្ឋាភិបាលចិនឲ្យកាន់តែល្អប្រសើរថែមទៀត ។ បេសកម្មនេះ បានដឹកនាំដោយ លោក ចាង នៀនសឹង ZHANG NIANSHENG ប្រធានសាខាតំបន់អាស៊ីប៉ាស៊ីហ្វិក នៃសារព័ត៌មាន People’s Daily និងបុគ្គលិកប្រុសស្រីចំនួន ៦នាក់ ដើម្បីចុះមកយកព័ត៌មានផ្ទាល់ និងធ្វើបទសម្ភាសន៍ជាមួយថ្នាក់ដឹកនាំ និងអ្នកគ្រប់គ្រងនៅទីតាំងវិនិយោគសំខាន់ៗមួយចំនួន និងដើម្បីស្វែងយល់ពីសមិទ្ធផល និងការសម្រេចបាននូវទំនាក់ទំនងល្អរវាងប្រទេសទាំងពីរនាពេលកន្លងមក ក្រោមការរួមចំណែករបស់រដ្ឋាភិបាលចិន លើវិស័យសុខាភិបាល សេដ្ឋកិច្ច ការផលិតថាមពលអគ្គិសនី វិស័យអប់រំ ការជួសជុលប្រាសាទ និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពានជាដើម និងនាំយកព័ត៌មានទៅផ្សព្វផ្សាយដល់អ្នកវិនិយោគ និងប្រជាជនចិន ដោយផ្តោតជាសំខាន់លើគម្រោងអភិវឌ្ឍន៍ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា វេទិកាថ្ងៃនេះ បានផ្តល់ឱកាសដ៏មានតម្លៃនៃការបង្កើតបណ្តាញទំនាក់ទំនង ការផ្លាស់ប្តូរបទពិសោធ និងការចែករំលែកចក្ខុវិស័យរវាងអ្នកសារព័ត៌មានកម្ពុជា និងចិន ដែលទាក់ទងភាពរីកចម្រើននៃប្រទេសទាំងពីរ និងជាជំហានដ៏សំខាន់ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ឱ្យកាន់តែស៊ីជម្រៅ និងបង្កើតសមិទ្ធផលថ្មីៗបន្ថែម សម្រាប់សង្គមជាតិទាំងមូល ជាពិសេសសម្រាប់កម្ពុជា-ចិន។
កម្ពុជាក្នុងរយៈកាលជាង ១០ឆ្នាំកន្លងមកនេះ តាមរយ:គំនិតផ្តួចផ្តើមខ្សែក្រវាត់១ ផ្លូវ១ រដ្ឋាភិបាលចិន បានជួយកម្ពុជាលើការអភិវឌ្ឍន៍ជាច្រើនដូចជា ការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ, ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ,អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតជាដើម ៕





អត្ថបទ ៖ គង់ សុផុល