ខេត្តសៀមរាបរៀបចំពិធីសូត្រមន្ត ទទួលទេវតាឆ្នាំថ្មី និងសំណេះសំណាលជាមួយមន្ត្រីរាជការ
(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានរៀបចំពិធីសូត្រមន្តប្រោះព្រហ្ម និងរាប់បាត្រទទួលទេវតាឆ្នាំថ្មី នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ក្នុងគោលបំណងបួងសួងសេចក្ដីសុខសន្តិភាព និងជោគជ័យសម្រាប់ឆ្នាំថ្មី ព.ស.២៥៦៨ (ឆ្នាំម្សាញ់ សប្តស័ក) ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋនៅក្នុងខេត្ត ។
ក្នុងពិធីនេះ បាននិមន្តព្រះសង្ឃចូលរួមសូត្រមន្តប្រោះព្រហ្ម ដើម្បីលើករាសី និងស្វាគមន៍ទេវតាឆ្នាំថ្មី។ ពិធីនេះមានវត្តមានរបស់ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប រួមទាំងសមាជិកក្រុមប្រឹក្សា មន្ត្រីរាជការ និងស្ថាប័នជាតិមូលដ្ឋានជាច្រើន។
ឯកឧត្តមទាំងពីរបានថ្លែងអំណរគុណចំពោះការខិតខំរបស់មន្ត្រីរាជការ និងបុគ្គលិកគ្រប់ផ្នែក ក្នុងការបំពេញភារកិច្ចកាលពីឆ្នាំមុន និងបានផ្តល់ពាក្យអបអរសាទរឆ្នាំថ្មីជូនដល់គ្រប់គ្នា ដោយសង្ឃឹមថាឆ្នាំថ្មីនឹងនាំមកនូវសុភមង្គល និងភាពរីកចម្រើនលើគ្រប់វិស័យ វិស័យទេសចរណ៍ ឯកឧត្តមបានបញ្ជាក់ទៀតថា ខេត្តសៀមរាបជាគោលដៅសំខាន់សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។
ក្នុងឱកាសនោះផងដែរ បាននិមន្តព្រះសង្ឃចំនួន៥៦អង្គ និងសីលវ័ន្ត សីលវតីចូលរួមរាប់បាត្រ ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធមាតាបិតា បុព្វការីជន និងជនពលីក្នុងសង្រ្គាម និងរបបអយុត្តិធម៌ ពិធីនេះក៏មានការសម្តែងរបាំត្រុដិ ដើម្បីបណ្តេញអាក្រក់ចាស់ៗ និងទទួលពរជ័យឆ្នាំថ្មី។
ពិធីសូត្រមន្តទទួលទេវតាឆ្នាំថ្មីនេះ គឺជាការបង្ហាញពីការអភិរក្សប្រពៃណីវប្បធម៌ជាតិ និងជាសញ្ញានៃការឯកភាពរបស់មន្ត្រីរាជការ និងសហគមន៍ក្នុងខេត្ត ដើម្បីបន្តសហការជាដៃគូក្នុងការអភិវឌ្ឍន៍ប្រទេសជាតិជាអនាគត ៕





ដោយ ៖ ប៊ុនរដ្ឋា