លោក Musk រំពឹងថា នឹងសន្សំលុយរដ្ឋបាន ១៥០ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៦

វ៉ាស៊ីនតោន ៖ មហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk នៅថ្ងៃព្រហស្បតិ៍និយាយថា ការិយាល័យប្រសិទ្ធិភាពរដ្ឋាភិបាល (DOGE) របស់សេតវិមាន រំពឹងថា នឹងកាត់បន្ថយការចំណាយរដ្ឋាភិបាលជិត ១៥០ ពាន់លានដុល្លារសម្រាប់ឆ្នាំសារពើពន្ធ ២០២៦។

លោក Musk ដែលទទួលភារកិច្ចពីលោកប្រធានាធិបតីអាមេរិក Donald Trump ក្នុងការកាត់បន្ថយចំណាយ និងបុគ្គលិករដ្ឋាភិបាលសហព័ន្ធ បាននិយាយក្នុងកំលុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅសេតវិមានថា លោករំពឹងថា នឹងសន្សំប្រាក់បានចំនួន ១៥០ ពាន់លានដុល្លារសម្រាប់ឆ្នាំសារពើពន្ធ ២០២៦ ពីការកាត់បន្ថយការខ្ជះខ្ជាយ និងការកេងបន្លំ។

ក្នុងនាមជាបុគ្គលិកពិសេសរបស់រដ្ឋាភិបាល លោក Musk មានរយៈពេលធ្វើការត្រឹមតែ ១៣០ថ្ងៃប៉ុណ្ណោះក្នុងពេល ៣៦៥ថ្ងៃ ប៉ុន្តែពេលវេលាធ្វើការរបស់គាត់ជាមួយរដ្ឋាភិបាល ត្រូវបានរំពឹងថា នឹងកើនឡើងបន្ថែមទៀតនៅចុងខែឧសភា ប្រសិនបើមានសំណើ។

លោកប្រធានាធិបតី Trump បាននិយាយថា ក្រុមការងាររបស់អ្នក (លោក Musk) ពិតជាអស្ចារ្យណាស់ … ជាការពិត យើងសង្ឃឹមថា ពួកគេនឹងបន្តបម្រើការងារដល់រដ្ឋាភិបាលក្នុងរយៈពេលយូរ។ យោងតាមបទបញ្ជាប្រតិបត្តិបានឱ្យដឹងថា ការបង្កើតការិយាល័យ DOGE នឹងត្រូវបញ្ចប់នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ ២០២៦ ពោលគឺនៅមុនដំណាច់ឆ្នាំសារពើពន្ធ ២០២៦។

យោងតាមរបាយការណ៍ពីក្រុមហ៊ុនសេវាកម្មអាជីព Challenger, Grey & Christmas ក្នុងរយៈពេលពីរខែចុងក្រោយនេះ ការិយាល័យ DOGE បានបញ្ឈប់បុគ្គលិកចំនួន ២៨០.៧៥៣ នាក់នៅទូទាំង ២៧ ភ្នាក់ងារសហព័ន្ធ។ បើតាមការប៉ាន់ស្មានរបស់ទស្សនាវដ្តី Forbes លោក Elon Musk មានទ្រព្យសម្បត្តិសុទ្ធប្រហែល ៣៦៨.១ ពាន់លានដុល្លារ គិតត្រឹមថ្ងៃព្រហស្បតិ៍ទី១០ ខែមេសានេះ ធ្វើឱ្យលោកក្លាយជាមហាសេដ្ឋីមានបំផុតនៅលើពិភពលោក៕

ប្រភព ៖ Bussiness Insider និង Forbes ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner