ឯកឧត្តម វ៉ាត់ ចំរើន បញ្ជ្រាបព័ត៌មានសំខាន់ៗដល់កីឡាករនិងថ្នាក់ដឹកនាំសហព័ន្ធទាំង ១៧ត្រៀមខ្លួនចូលរួមប្រកួតកីឡាយុវជនអាស៊ី

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា នាព្រឹកថ្ងៃទី១១ ខែ មេសា ឆ្នាំ២០២៥នេះ បានកោះប្រជុំជាមួយសហព័ន្ធកីឡាជាតិទាំង១៧ដែលត្រៀមលក្ខណៈបញ្ជូនអត្តពលិកចូលរួមប្រកួតកីឡាយុវជនអាស៊ី លើកទី៣ នៅប្រទេសបារ៉ែន នាខែតុលា ឆ្នាំ២០២៥ ខាងមុខ ។

ឯកឧត្តម វ៉ាត់ ចំរើន បានគូសបញ្ជាក់ថា ការជួបជុំជាមួយមន្ដ្រីថ្នាក់ដឹកនាំ និងមន្ដ្រីបច្ចេកទេសសហព័ន្ធកីឡាជាតិនាពេលនេះ គឺមានគោលដៅបញ្ជ្រាបព័ត៌មាន ក៏ដូចជាពិនិត្យលើកិច្ចការងារសំខាន់ៗ ដែលត្រូវពន្លឿនការងាររៀបចំ ក៏ដូចជាការពង្រឹងការត្រៀមលក្ខណៈឲ្យបានកាន់តែប្រសើរ លើលិខិតស្នាមផ្សេងៗ ព្រមទាំងការរៀបចំប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី សម្រាប់ធ្វើការចុះឈ្មោះចូលរួម។

ឯកឧត្តម អគ្គលេខាធិការ បានរំលេចទៀតថា ក្រៅពីការត្រៀមលក្ខណៈចូលរួមប្រកួតរបស់ប្រតិភូកីឡាកម្ពុជា ក៏បានផ្ដោតសំខាន់សម្រាប់ការត្រៀមលក្ខណៈទទួលទង់ធ្វើម្ចាស់ផ្ទះបន្ដវេន បន្ទាប់ពីបារ៉ែន សម្រាប់ការប្រកួតកីឡាយុវជនអាស៊ី លើកទី៤ ដែលនឹងរៀបចំនៅប្រទេសកម្ពុជា ឆ្នាំ២០២៩ ។ ដូច្នេះក្រៅពីការបញ្ជូនប្រតិភូកីឡា កម្ពុជាក៏នឹងត្រៀមរៀបចំនូវប្រតិភូផ្នែកសិល្បៈ និងវប្បធម៌ ដើម្បីសម្ដែងស្វាគមន៍ទទួលបណ្ដាប្រទេសផ្សេងៗ មកកាន់ប្រទេសកម្ពុជា នាឆ្នាំ២០២៩ ផងដែរ។

សូមជម្រាប់ថា ការប្រកួតកីឡាយុវជនអាស៊ី លើកទី៣ នៅប្រទេសបារ៉ែន នឹងប្រព្រឹត្តទៅពីថ្ងៃទី២២-៣១ ខែតុលា ឆ្នាំ២០២៥ ដោយកម្ពុជា បានត្រៀមបញ្ជូនអត្តពលិកចំនួន ១៧ប្រភេទកីឡាចូលរួម មាន៖ សហព័ន្ធខ្មែរកីឡាហែលទឹក(កីឡាបាល់ទះលើទឹក), អត្តពលកម្ម, វាយសី, បាល់បោះ, យូដូ, ជឺជីតស៊ូ, យុទ្ធគុនចម្រុះ, ទោចក្រយាន, វាយកូនឃ្លីលើតុ, តេក្វាន់ដូ WT, ទ្រីយ៉ាត្លុង, ចំបាប់, លើកទម្ងន់, បាល់ទះ, បាល់ទាត់លើតុ, ប្រដាល់, និងកីឡាប្រដាល់សកល៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner