ក្រុមហ៊ុនសោម៉ា និង Shinework Pictures ចុះអនុស្សរណៈយោគយល់គ្នាដើម្បីផលិតខ្សែភាពយន្តអន្តរជាតិ “The Angkor Code”

(ភ្នំពេញ)៖ ក្រុមហ៊ុន សោម៉ា គ្រុប ឯ.ក និង Shinework Pictures ដែលជាក្រុមហ៊ុន ផលិតភាពយន្តធំមួយនៅប្រទេសចិន បានចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា (MOU) នារសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ដើម្បីរួមគ្នាផលិតភាពយន្តអន្តរជាតិថ្មីមួយ មានចំណងជើងថា “The Angkor Code” ។

ពិធីចុះហត្ថលេខា បានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ ចម ក្រស្នា អគ្គនាយិកាក្រុមហ៊ុន សោម៉ា គ្រុប និង លោក Jonathan Jian Shen ប្រធានក្រុមហ៊ុន Shinework Pictures ។

កិច្ចព្រមព្រៀងនេះ បានកំណត់ការទទួលខុសត្រូវ របស់ភាគីទាំងពីរ ដើម្បីអភិវឌ្ឍន៍ និងផលិតភាពយន្តមួយ ដែលផ្ដោតលើវប្បធម៌ និងប្រវត្តិសាស្ត្ររបស់ខ្មែរ ។

លោកជំទាវ ចម ក្រស្នា បានមានប្រសាសន៍ថា៖ “គម្រោងនេះ មិនត្រឹមតែជាខ្សែភាពយន្តទេ ប៉ុន្តែ វាជាស្ពានភ្ជាប់វប្បធម៌ រវាងកម្ពុជា និងចិន និងជាការបង្ហាញពីសក្តានុពលរបស់ខ្មែរ នៅលើឆាកអន្តរជាតិ ។” ពិសេស ការចូលរួមផ្សព្វផ្សាយ និងលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជា។

លោក Jonathan Jian Shen បានថ្លែងដែរថា៖ “The Angkor Code មានសក្តានុពលក្នុងការទាក់ទាញ ទស្សនិកជនទូទាំងទ្វីបអាស៊ី និងពិភពលោក។”

សូមជម្រាបថា Shinework នឹងធ្វើការវិនិយោគ ក្នុងដំណាក់កាលអភិវឌ្ឍខ្សែភាពយន្ត ខណៈដែល SOMA Group នឹងជាអ្នករៀបចំការសម្របសម្រួល សកម្មភាពផលិតនៅក្នុងប្រទេសកម្ពុជា ។ ការសម្រេចចិត្តសំខាន់ៗទាំងអស់ នឹងត្រូវធ្វើរួមគ្នា និងយកចិត្តទុកដាក់ចំពោះវប្បធម៌របស់ជាតិទាំងពីរ ។ គម្រោងនេះ នឹងផ្តោតលើទីផ្សារចិន ជាថ្មី និងទីផ្សារកម្ពុជា និងអន្តរជាតិជាបន្តបន្ទាប់ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ គ្រី សម្បត្តិ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner