Kawasaki បញ្ចេញគំរូសេះយន្តដើរដោយថាមពលអ៊ីដ្រូសែនដំបូងបង្អស់ក្នុងលោក
តូក្យូ ៖ Kawasaki Heavy Industries ដែលជាក្រុមហ៊ុនជប៉ុនល្បីឈ្មោះបោះសំលេងផ្នែកផលិតម៉ូតូធំនោះ ថ្មីៗនេះបានប្រកាសបញ្ចេញគ្រឿងយន្តថ្មីមួយ មានឈ្មោះថា Corleo ដែលជាសេះយន្តគំរូដំបូងបង្អស់ដើរដោយថាមពលអ៊ីដ្រូសែននៅលើពិភពលោក។
សេះយន្តនេះ គឺជាផលិតផលថ្មីដែលក្រុមហ៊ុន Kawasaki ទើបបង្កើតថ្មី ហើយការរចនារូបរាងរបស់វា មានលក្ខណៈដូចជាសត្វជើងបួន និងអាចបញ្ជាឱ្យដំណើរការបានដោយប្រើចលនារាងកាយរបស់អ្នកជិះ។ សេះយន្តនេះ ប្រើបច្ចកវិទ្យា AI ដើម្បីផ្លាស់ទីទៅមកដោយសុវត្ថិភាព មិនថាផ្លូវធ្វើដំណើរនោះ មានភាពពិបាកប៉ុណ្ណានោះទេ សូម្បីផ្លូវភ្នំដែលសំបូរថ្មធំៗក៏ដោយ។
សេះយន្ត Corleo ដែលបំពាក់បច្ចកវិទ្យាអ៊ីដ្រូសែននេះដែរ ត្រូវបានដាក់តាំងបង្ហាញរូបរាងដំបូង នៅឯព្រឹត្តិការណ៍តាំងពិរពណ៌ Osaka Kansai កាលពីថ្ងៃទី៤ ខែមេសា។ សេះយន្តនេះ មានកៅអីផ្ទុកអ្នកដំណើរចំនួនពីរនាក់ ហើយនៅពេលជើងវាធ្វើចលនានោះ អ្នកដំណើរអាចនឹងមិនពិបាកជិះ ដូចជាសត្វសេះពិតនោះទេ។ ចំនុចពិសេសផ្សេងទៀត សេះយន្តះ Corleo ក៏ប្រើសញ្ញារាងកាយពីអ្នកជិះសម្រាប់គ្រប់គ្រងចលនា និងបញ្ហាញភ្លើងសញ្ញានៅពេលយប់ ដើម្បីបញ្ជាក់អំពីទិសដៅដែលវានឹងបន្តដំណើរផងដែរ។
ទោះបីជាគំនិតនេះ ស្តាប់ទៅគួរឱ្យរំភើបក៏ដោយ ក៏ប៉ុន្តែសេះយន្ត Corleo នៅមិនទាន់បញ្ចេញការរចនារូបរាងជាផ្លូវការនោះទេ វីដេអូដែលបានបង្ហាញកំលុងពេលតាំងពិរពណ៌ Osaka Kansai បង្កើតឡើងដោយកុំព្យូទ័រ ហើយគំរូសេះយន្តដែលតាំងបង្ហាញនោះ គឺបានត្រឹមតែឈរស្ងៀម សម្រាប់ឱ្យថតរូបលេងតែប៉ុណ្ណោះ។ យ៉ាងណា ក្រុមហ៊ុន Kawasaki បានបញ្ជាក់ថា សេះយន្តនេះ គឺជាចក្ខុវិស័យរបស់ក្រុមហ៊ុននៅប៉ុន្មានខាងមុខទៀត ដូច្នេះគ្មាននរណាដឹងច្បាស់ចំពោះថ្ងៃដែលវានឹងប្រកាសលេចលក់ជាផ្លូវការនោះ៕
ប្រភព ៖ Interesting Engineering ប្រែសម្រួល ៖ ឈឹម ទីណា