អាមេរិកចាយ ១ ពាន់លានដុល្លារទម្លាក់គ្រាប់បែកកម្ទេចពួកហ៊ូទីយេម៉ែន
វ៉ាស៊ីនតោន ៖ យុទ្ធនាការទម្លាក់គ្រាប់បែករបស់មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ នៅយេម៉ែន ត្រូវបានរំពឹងថា នឹងចំណាយលុយដល់ទៅ ១ ពាន់លានដុល្លារ គិតត្រឹមសប្តាហ៍ក្រោយនេះ ក្នុងបំណងស្វែងរកជ័យជំនះលើពួកឧទ្ទាមហ៊ូទី ដែលមានអ៊ីរ៉ង់ជាខ្នងបង្អែក។
ការវាយតម្លៃនេះ ផ្អែកតាមប្រភពពីមន្រ្តីមន្ទីរបញ្ចកោណ ដែលបានផ្តល់ព័ត៌មានលំអិតសម្ងាត់ផ្ញើទៅកាន់ជំនួយការសភា និង ប្រទេសសម្ព័ន្ធមិត្តនាពេលថ្មីៗនេះ ហើយត្រូវបានចេញផ្សាយដោយកាសែត New York Times។
ការចំណាយដ៏ច្រើនសម្បើមនេះលេចឡើងស្របពេលដែលមន្រ្តីរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ដឹកនាំដោយមហាសេដ្ឋីពិភពលោក Elon Musk កំពុងជំរុះបុគ្គលិកទូទាំងរដ្ឋាភិបាលអាមេរិក ដើម្បីព្យាយាមកាត់បន្ថយការចំណាយខ្ជះខ្ជាយ។
លោកស្រី Iona Craig ជាអ្នកស្រាវជ្រាវស៊ីជម្រៅក្នុងសង្រ្គាមយេម៉ែន បាននិយាយថា យុទ្ធនាការទម្លាក់គ្រាប់បែករបស់លោកប្រធានាធិបតី ត្រាំ បានសម្លាប់ជនស៊ីវិលអស់ ២៨ នាក់ហើយ ក្នុងរយៈពេល ៣សប្តាហ៍ ក្នុងនោះមានកុមារ ៤ នាក់ ហើយមនុស្សរាប់សិបនាក់ទៀតរងរបួស។
តួលេខនេះ ហក់ឡើងខ្ពស់ជាងការសម្លាប់ជនស៊ីវិលកាលពីជំនាន់រដ្ឋបាលលោក ចូ បៃដិន ដែលមានត្រឹមតែ ២១ នាក់ប៉ុណ្ណោះ នៅក្នុងយុទ្ធនាការទម្លាក់គ្រាប់បែកក្នុងរយៈពេលជាងមួយឆ្នាំ៕
ប្រភព ៖ Independent និង New York Times ប្រែសម្រួល ៖ ឈឹម ទីណា

