អូស្ត្រាលីចាយ ១ ពាន់លានដុល្លារទិញមីស៊ីលអាមេរិក ២០០ គ្រាប់
កង់បេរ៉ា ៖ ស្របពេលស្ថានភាពតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកឡើងកម្តៅ អូស្ត្រាលីបានជះលុយប្រហែល ១.០៤ ពាន់លានដុល្លារ ទិញមីស៊ីលធុន AIM-120C និង AIM-120D រួមទាំងឧបករណ៍យោធាពាក់ព័ន្ធពីសហរដ្ឋអាមេរិក នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន AFP។
ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិអាមេរិក (DSCA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការលក់គ្រឿងបរិក្ខាយោធានេះ នឹងជួយពង្រឹងវិស័យការពារជាតិអូស្ត្រាលី ទប់ទល់នឹងការគំរាមកំហែងពីសត្រូវ ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។
ទីភ្នាក់ងារ DSCA បានគូសបញ្ជាក់ថា អាមេរិកចាត់ទុកអូស្ត្រាលីជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតរបស់យើងនៅតំបន់ប៉ាស៊ីហ្វិកខាងលិច ហើយវាក៏ជារឿងសំខាន់សម្រាប់ផលប្រយោជន៍ជាតិរបស់អាមេរិកផ្ទាល់ ក្នុងការជួយសម្ព័ន្ធមិត្តរបស់យើង អភិវឌ្ឍ និង រក្សាសមត្ថភាពការពារខ្លួនដ៏រឹងមាំ។
យោងតាមគេហទំព័រ The Australian បានឱ្យដឹងថា មីស៊ីលទាំងនេះ អូស្រ្តាលីនឹងប្រើជាមួយប្រព័ន្ធបាញ់គ្រាប់រ៉ុក្តែតចម្ងាយឆ្ងាយ HIMARS ដែលផលិតដោយអាមេរិកផ្ទាល់។
ប្រព័ន្ធមីស៊ីល HIMARS ត្រូវបានរំពឹងថា នឹងពង្រីករយៈចំងាយវាយប្រហាររបស់កងទ័ពអូស្ត្រាលីពី ៣០ ទៅ ៣០០ គីឡូម៉ែត្រ និងទីបំផុតទៅដល់ ៥០០ គីឡូម៉ែត្រ។
កន្លងមក ប្រព័ន្ធមីស៊ីល HIMARS បានដើរតួនាទីយ៉ាងខ្លាំងដែលជួយអ៊ុយក្រែនក្នុងការប្រយុទ្ធតតាំងជាមួយកងទ័ពរុស្ស៉ី និងអាចដណ្ដើមបានទឹកដីរបស់ខ្លួនមកវិញ នៅលើសមរភូមិនាពេលកន្លងមក៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

