ទំនាក់ទំនងទ្វេភាគីកម្ពុជា-ថៃនឹងកាន់តែត្រូវបានពង្រឹង និងពង្រីកលើគ្រប់វិស័យ ជាពិសេសវិស័យការងារ សន្ដិសុខសង្គម
(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងការងារកម្ពុជា និងឯកឧត្តមឯកអគ្គរាជទូតថៃថ្មីប្រចាំនៅកម្ពុជា បានសម្ដែងនូវការពេញចិត្តលើចំណងមិត្តភាព និងរំពឹងយ៉ាងមុតមាំថាទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងថៃនឹងកាន់តែត្រូវបានពង្រឹង និងពង្រីកលើគ្រប់វិស័យ ជាពិសេសវិស័យការងារ សន្ដិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឱ្យកាន់តែរីកចម្រើនថែមទៀត ទាំងក្នុងក្របខ័ណ្ឌរាជរដ្ឋាភិបាល និងរាជរដ្ឋាភិបាល វិស័យឯកជន និងវិស័យឯកជន ក៏ដូចជាការផ្សារភ្ជាប់រវាងប្រជាជន និងប្រជាជនផងដែរ។
ប្រសាសន៍នេះលើកឡើងនៅក្នុងឱកាសដែល ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Tull TRAISORAT ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃ តែងតាំងថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា។ ជំនួបនេះធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃសុក្រ ទី១១ ខែមីនា ឆ្នាំ២០២៥នេះ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងប្រទេសថៃ ដែលឆ្នាំ២០២៥នេះ គឺជាខួបលើកទី៧៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
ទន្ទឹមនេះ ឯកឧត្តម ហេង សួរ ក៏បានសម្តែងការអបអរសាទរចំពោះ
ឯកឧត្តម ទុល ត្រៃស៊ូរ៉ាត់ (Tull TRAISORAT)ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃឡង់ដ៏ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលថៃ ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធលើវិស័យការងារដោយការយកចិត្តទុកដាក់ខ្ពស់ លើការសម្របសម្រួលដល់ពលករខ្មែរដែលកំពុងធ្វើការ និងរស់នៅប្រទេសថៃ ជាពិសេសការលើកលែងការយកកម្រៃសេវាចេញ-ចូល (Re-Entry Fee) ពីបងប្អូនពលករខ្មែរដែលត្រឡប់មកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាឆ្នាំនេះ។
ជាមួយគ្នានេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលមានទិសដៅអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ និងពង្រីកឱកាសដល់យុវជនកម្ពុជាឱ្យទទួលបានការបណ្ដុះបណ្ដាលកាន់តែច្រើន៕
ដោយ ៖ ង៉ាន់ ទិត្យ








