ក្រសួងរៀបចំដែនដី ចេញសេចក្តីប្រកាសព័ត៌មាន លទ្ធផលកិច្ចប្រជុំពិភាក្សា ការងារដោះស្រាយបញ្ចប់វិវាទដីធ្លី ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង

(បាត់ដំបង)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងយុត្តិធម៌ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អាជ្ញាធរ ជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គណៈកម្មការសុរិយោដីថ្នាក់ជាតិ អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងរដ្ឋបាលខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំពិភាក្សា ការងារដោះស្រាយបញ្ចប់វិវាទដីធ្លី ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង នៅថ្ងៃព្រហស្បតិ៍ ទី ១០ ខែ មេសា ឆ្នាំ២០២៥ វេលាម៉ោង ៨:០០នាទីព្រឹក នៅសាលាខេត្តបាត់ដំបង។

កិច្ចប្រជុំដឹកនាំដោយ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ដោយមានការចូលរួមពីឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុក ជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.អ.ប. និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង, ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាអនុប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង, ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងយុត្តិធម៌, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងបរិស្ថាន, មន្ទីរ អង្គភាព ពាក់ព័ន្ធជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងអង្គការសង្គមស៊ីវិល។

ជាលទ្ធផល អង្គប្រជុំបានឯកភាព និងសម្រេចយកនីតិវិធីសុរិយោដី ដើម្បីចុះបញ្ជីដីបង្ហើយ និងដោះស្រាយ បញ្ចប់វិវាទលើទីតាំងដីរដ្ឋនិងដីឯកជន ឈានទៅបង្កើតបរិយាកាសគ្មានវិវាទ ដូចខាងក្រោម÷
១- ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង សរុបក្បាលដីប៉ាន់ស្មានមានចំនួន ៧១៣ ៤១៦ ក្បាលដី ក្នុងនោះ÷
1 វាស់វែងរួច បានចំនួន ៦៧៥ ៤៤៣ ក្បាលដី
2 ចេញបណ្ណ បានចំនួន ៤៤៥ ១០៧ បណ្ណ
3 ផ្តល់បណ្ណជូនប្រជាពលរដ្ឋ បានចំនួន ៤៤១ ៩៨៦ បណ្ណ។

២- បន្តជំរុញបញ្ចប់ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ទាំងដីរដ្ឋ និងដីឯកជន ចំនួនប្រមាណ ៣៧ ៩៧៣ ក្បាលដី ដើម្បីបញ្ចប់វិវាទ និងហាមឃាត់រាល់ការចូលទន្ទ្រានកាន់កាប់លើដីរដ្ឋដោយ ខុសច្បាប់។

៣ – ករណីវិវាទដីធ្លីសរុបក្នុងភូមិសាស្ត្រខេត្តបាត់ដំបង មានចំនួន ៦២៦ ករណី ក្នុងនោះ ÷
1 ដោះស្រាយរួចបានចំនួន ៥៧៩ ករណី
2 អង្គប្រជុំថ្ងៃនេះ សម្រេចការដោះស្រាយបិទបញ្ចប់បានចំនួន ៣៣ ករណី បន្ថែមទៀត
3 ករណីវិវាទនៅសល់ទូទាំងខេត្ត មានចំនួន ១៤ ករណី។

៤- ករណីសំណើសុំអន្តរាគមន៍របស់ប្រជាពលរដ្ឋចំនួន ៩ ករណី ត្រូវបន្តសម្របសម្រួលដោះស្រាយ ដោយក្រុមការងារប្រតិបត្តិខេត្តបាត់ដំបង ដោយមានការចូលរួមពីគ្រប់យន្តការ គ្រប់ថ្នាក់ គ្រប់ផ្នែក និងអង្គភាពពាក់ព័ន្ធ ដើម្បីបិទបញ្ចប់ករណីវិវាទនេះ។

៥- ជំរុញការដោះស្រាយឱ្យបានឆាប់រហ័សនូវវិវាទស្មុគស្មាញដែលនៅសេសសល់ទាំង ៥ករណី រួមមាន÷

១). វិវាទដីធ្លីក្នុងទីតាំងដីសម្បទានសង្គមកិច្ច ចំនួន ១ ៣៧៨ គ្រួសារ លើផ្ទៃដីទំហំ ៩១១ ហិកតា មានទីតាំងស្ថិតនៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង រួមមាន÷

អតីតកងកម្លាំងប្រដាប់អាវុធនិងគ្រួសារ ទំហំ ១៥៩ ហិកតា ប្រជាពលរដ្ឋខ្វះខាត ទំហំ ៧៥២ ហិកតា។

ជូនក្រុមការងារប្រតិបត្តិក្រសួង ដ.ន.ស. និងរដ្ឋបាលខេត្ត បន្តពិនិត្យស្រាវជ្រាវ និងសម្រប សម្រួលដោះស្រាយបញ្ចប់រវាងសម្បទានិកទទួលបានដីតាមកម្មវិធីសម្បទានដីសង្គមកិច្ច ជាមួយនឹងអ្នកដែលមិនមែនជាសម្បទានិក ដែលបានចូលទៅកាន់កាប់លើទីតាំងដីនោះ។

២). វិវាទដីធ្លីរវាងប្រជាពលរដ្ឋ ២៨៨ គ្រួសារ ជាមួយឈ្មោះ សង ថន (ស្លាប់), ឈ្មោះ ទន់ ប៊ុនធឿន, ឈ្មោះ ប៉ែន កិ, ឈ្មោះ យាយ រឿន និងឈ្មោះ លឹម និវឌ្ឍន៍ (ស្លាប់) លើដីទំហំ ៦១២ ហិកតា ស្ថិតក្នុងភូមិសាស្ត្រឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង។

ជូនរដ្ឋបាលខេត្តបាត់ដំបង ប្រកាសជាតំបន់វិនិច្ឆ័យចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ ជូនអ្នក ដែលកំពុងកាន់កាប់ និងប្រើប្រាស់អាស្រ័យផលជាក់ស្តែង ដោយគូភាគីវិវាទត្រូវចូលរួមក្នុង នីតិវិធីនេះដូចគ្នា។

៣). វិវាទដីធ្លីអតីតដីគម្រោងសួនច្បារ “ព្រែកព្រះស្ដេច” ស្ថិតនៅភូមិចំការឫស្សី ភូមិ១៣មករា និងភូមិអូរខ្ចាយ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជូនរដ្ឋបាលខេត្តបាត់ដំបង បន្តអញ្ជើញប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងទីតាំងនេះ មកធ្វើ ស្វ័យប្រកាស ដើម្បីពិនិត្យ ផ្ទៀងផ្ទាត់ និងរកដំណោះស្រាយ ស្របតាមសេចក្តីជូនដំណឹង លេខ០៣៥/២៥ សជណ ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ របស់រដ្ឋបាលក្រុងបាត់ដំបង ដោយ មានការគាំទ្រពីក្រុមការងារប្រតិបត្តិរបស់ក្រសួង ដ.ន.ស.។ ក្នុងករណីប្រជាពលរដ្ឋណាម្នាក់ មិនបានមកធ្វើស្វ័យប្រកាសតាមសេចក្តីជូនដំណឹងនេះ ស្មើនឹងការលះបង់សិទ្ធិរបស់ខ្លួនលើ ទីតាំងដីខាងលើ។

៤).វិវាទរវាងឈ្មោះ ចាន់ ហឿ ជាមួយឈ្មោះ លីម ទាឡេង, ហែន ហឿន និងប្រជាពលរដ្ឋ ដណ្តើមសិទ្ធិលើដីទំហំ ១៥៩ ហិកតា កើតឡើងក្នុងឆ្នាំ២០០៧ ស្ថិតនៅឃុំព្រះផុស ស្រុក គាស់ក្រឡ ខេត្តបាត់ដំបង។

ជូនរដ្ឋបាលខេត្តបាត់ដំបង ប្រកាសជាតំបន់វិនិច្ឆ័យចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ ជូនអ្នក ដែលកំពុងកាន់កាប់និងប្រើប្រាស់អាស្រ័យផលជាក់ស្តែង ដោយតួភាគីវិវាទត្រូវចូលរួមក្នុង នីតិវិធីនេះដូចគ្នា។ អាជ្ញាធរគ្រប់គ្រងដីរដ្ឋនៅថ្នាក់មូលដ្ឋាន អារ អាចសម្រេចបដិសេធនូវសំណើសុំ អាចស ទាំងឡាយណាដែលគ្មានមូលដ្ឋានច្បាស់លាស់។

៥). វិវាទដីធ្លីទំហំ ២៧៨ ហិកតា រវាងក្រុមគ្រួសារកងទ័ព តំណាងដោយឈ្មោះ សាន វាសនា, សំ មករា, និងឈ្មោះ មាឃ សារូ ជាមួយប្រជាពលរដ្ឋ ស្ថិតនៅឃុំដូនបា ស្រុកគាស់ក្រឡ។ ជូនរដ្ឋបាលខេត្តបាត់ដំបង ប្រកាសជាតំបន់វិនិច្ឆ័យចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ ជូនអ្នក ដែលកំពុងកាន់កាប់និងប្រើប្រាស់ជាក់ស្តែង ដោយគូភាគីវិវាទត្រូវចូលរួមក្នុងនីតិវិធីនេះដូចគ្នា។

អង្គប្រជុំបានឯកភាពគ្នាក្នុងការសម្របសម្រួលដោះស្រាយដើម្បីបិទបញ្ចប់ករណីវិវាទ ក្នុងភូមិសាស្ត្រ ខេត្តបាត់ដំបង បង តាមគ្រប់យន្តការ គ្រប់ថ្នាក់ គ្រប់ផ្នែក និងគ្រប់ភាគីពាក់ព័ន្ធ។ ក្នុងករណី បងប្អូនប្រជាពលរដ្ឋដែល គ្មានដីពិតប្រាក ពិតប្រាកដ ត្រូវដាក់ពាក្យស្នើសុំមកគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ខេត្ត។ អាជ្ញាធរមូលដ្ឋាន និងកងកម្ល ងកម្លាំងគ្រប់ប្រភេទ ត្រូវចូលរួមគាំទ្រ និងសហការអនុវត្តនូវយន្តការខាងលើនេះ ឱ្យមានប្រសិទ្ធភាព ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner