សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទំនាក់ទំនងរវាងកម្ពុជា និងចិន មិនមានការប្រែប្រួលនិងបន្តរឹងមាំទៅមុខទៀត
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ទំនាក់ទំនងរវាងកម្ពុជា និងចិន មិនមានការប្រែប្រួល និងបន្តរឹងមាំទៅមុខទៀត ដោយផ្អែកលើមូលដ្ឋានដែលមានស្រាប់ក្នុងរយៈពេល៦៧ឆ្នាំកន្លងមកនេះ និងផ្អែកលើការគោរពអធិបតេយ្យគ្នាទៅវិញទៅមក ការគោរពសិទ្ធិ និងការជួយគ្នាទៅវិញទៅមក ដោយមិនលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាឡើយ។ ការបញ្ជាក់របស់សម្តេចធិបតី នៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ នៅខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥។
សម្ដេចធិបតីបានមានប្រសាសន៍បញ្ជាក់បន្ថែមថា សមទ្ធិផលជាច្រើន ដែលជាការជួយពីមិត្តចិន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ នោះគឺជានិម្មិតរូប នៃទំនាក់ទំនងដ៏ល្អ រវាងកម្ពុជា-ចិន ដែលមិនដូចជាការលើកឡើងរបស់ក្រុមអ្នកវិភាគ និងសារព័ត៌មានបរទេស ដែលថាចាប់តាំងពីរដ្ឋាភិបាលថ្មីឡើងមក ទំនាក់ទំនងកម្ពុជា-ចិន កាន់តែធ្លាក់ថយ និងមិនមានការជឿទុកចិត្តគ្នា។
សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបន្តថា ផ្លូវនេះបាននិងកំពុងបម្រើដល់ការតភ្ជាប់ទំនាក់ទំនងសកម្មភាព ពាណិជ្ជកម្ម និងទេសចរណ៍ ជាពិសេសការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅខេត្ត ត្បូងឃ្មុំ ខេត្តកំពង់ចាម និងខេត្តជាប់ព្រំប្រទល់គ្នាផ្សេងៗទៀត ព្រមទាំងសម្រួលដល់ការដឹកជញ្ជូនផលិតផលកសិកម្ម និងកសិឧស្សាហកម្ម ឱ្យកាន់តែរហ័ស កាត់បន្ថយការចំណាយ និងចំណេញពេលវេលា។
ជាងនេះទៀត ផ្លូវនេះ និងស្ពានមិត្តភាពកម្ពុជា-ចិន ដែលបានសាងសង់រួច ពិតជាបានតភ្ជាប់នូវក្តីសង្ឃឹមសម្រាប់បងប្អូនប្រជាពលរដ្ឋដែលរស់នៅកុះករក្នុងតំបន់នេះ ជាពិសេស ភាពសុខដុមនីយកម្មខាងជំនឿសាសនា រវាងអ្នកកាន់សាសនាព្រះពុទ្ធ និងសហគមន៍សាសនិក អ៊ិស្លាមកម្ពុជាឱ្យកាន់តែមានភាពជិតស្និទ្ធ និងរឹងមាំថែមទៀត តាមរយៈការប្រាស្រ័យ និងទំនាក់ទំនង ពាណិជ្ជកម្មរួមគ្នាទៅវិញទៅមក។ គម្រោងផ្លូវជាតិលេខ៧១សេ ចាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ រហូតដល់ស្រុកចំការលើ ខេត្តកំពង់ចាម មានប្រវែងសរុបជិត ១១៥គីឡូម៉ែត្រចំណាយថវិកាប្រមាណ ១៣០លានដុល្លារ ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន។ ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់សាជាថ្មីថា រាជរដ្ឋាភិបាលនឹងធានា និងថែរក្សាសុខសន្តិភាព ព្រមទាំងបន្តកសាងសមិទ្ធផលផ្សេងៗទៀត ដើម្បីជាប្រយោជន៍ដល់សង្គមជាតិ៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកផេកសម្តេចធិបតី ហ៊ុន ម៉ាណែត










