លោកTrumpថា សុខភាពនៅរឹងមាំល្អ ទោះអាយុ៧៨ឆ្នាំ
បរទេស ៖ លោកប្រធានាធិបតីអាមេរិក Donald Trump អាយុ៧៨ឆ្នាំ បាននិយាយ កាលពីថ្ងៃសុក្រថា លោកមានអារម្មណ៍ល្អណាស់ បន្ទាប់ពីការត្រួតពិនិត្យសុខភាពប្រចាំឆ្នាំ បង្ហាញពីភាពរឹងមាំ លើរាងកាយ។
លោក Trump អួតម្តងហើយម្តងទៀត អំពីភាពរឹងមាំផ្ទាល់ខ្លួន របស់លោក ចាប់តាំងពីការចាប់ផ្តើម អាណត្តិទីពីរ ខណៈពេលដែលលោលបានចំអកអ្នកកាន់តំណែងមុនរបស់គណបក្សប្រជាធិបតេយ្យ ដែលមានអាយុ៨២ឆ្នាំ គឺ លោក Joe Biden។ លោក Trump ថា លោក Biden មានភាពទន់ខ្សោយ និងផ្លូវចិត្តមិនសមរម្យ សម្រាប់ទទួលតំណែងនេះ។
លោក Trump បានប្រាប់អ្នកយកព័ត៌មាន នៅលើយន្តហោះ Air Force One ថា «ខ្ញុំមានអារម្មណ៍ថា ខ្ញុំមានរូបរាងល្អណាស់ បេះដូងល្អ» ដោយបន្ថែមថា «ខ្ញុំបានធ្វើតេស្ត ទទួលបានចម្លើយល្អត្រឹមត្រូវ»។ មហាសេដ្ឋីរូបនេះ បានទៅដល់មន្ទីរពេទ្យយោធា Walter Reed នៅជាយក្រុងវ៉ាស៊ីនតោន កាលពីព្រឹកមិញ បន្ទាប់ពីមានការពន្យារពេល ដោយសារការពិភាក្សា លើពន្ធគយ។
«ជាការងារប៉ះពាល់អារម្មណ៍ច្រើន ប៉ុន្តែ ទោះជាយ៉ាងណា កិច្ចការទាំងនេះ ត្រូវតែធ្វើ!» នេះជាអ្វីដែល លោក Trump បាននិយាយ នៅលើបណ្តាញសង្គម Truth Social កាលពីដើមសប្តាហ៍នេះ។
លោក Trump គឺជាកីឡាករវាយកូនហ្គោល ដ៏ឆ្នើមម្នាក់ ដែលឈប់ជក់បារី និងឈប់ផឹកស្រា។ ប៉ុន្តែលោកក៏ត្រូវបានគេស្គាល់ថា ចូលចិត្តញ៉ាំអាហាររហ័ស និងល្បីចូលចិត្តសាច់អាំង តែលោកហាក់ដូចជា ស្គមជាងអំឡុងពេលអាណត្តិដំបូង របស់លោក៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត