សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញបិទបញ្ចប់ការងារចុះបញ្ជីដីធ្លី និងចែកបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនៅសៀមរាប
សៀមរាប៖នៅសាលសន្និសីទ សុខាសៀមរាប កាលពីព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ សម្តេចពិជ័យសេនា ទៀ បាញ់ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស ៥ និងជាឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីក្នុងពិធីបិទបញ្ចប់ការងារវាស់វែងក្បាលដី និងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ រួមទាំងចែកបណ្ណកម្មសិទ្ធិចំនួនប្រមាណ ៤ម៉ឺនបណ្ណ ដល់ប្រជាពលរដ្ឋនៅ ៦ក្រុង-ស្រុក ក្នុងខេត្តសៀមរាប។អញ្ជើញចូលរួមមាន ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី ក្រសួងការពារជាតិ ព្រមទាំងថ្នាក់ដឹកនាំអាជ្ញាធរ ក្រុមការងារ និងប្រជាពលរដ្ឋជាង ៣ពាន់នាក់។
ពិធីនេះរៀបចំឡើងរដ្ឋបាលខេត្តសៀមរាប និងមន្ទីរដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្ត ។ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានថ្លែងថា ការចុះបញ្ជីដីធ្លីជាសមាសធាតុសំខាន់ក្នុងការធានាសន្តិសុខសង្គម និងបង្កើតមូលដ្ឋាននៃការអភិវឌ្ឍជាតិ ដូចដែលបានរៀបរាប់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧។
ថ្លែងក្នុងឱកាសនេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានហៅការបញ្ចប់ការងារចុះបញ្ជីដីធ្លីជាជោគជ័យដ៏ល្អឥតខ្ចោះ និងមានអត្ថន័យជាប្រវត្តិសាស្ត្រសម្រាប់ខេត្តសៀមរាប។សម្តេចសង្ឃឹមថាបណ្ណកម្មសិទ្ធិទាំងនេះនឹងជួយដល់ការរស់នៅមានសុវត្ថិភាព និងកែលម្អជីវភាពប្រជាជន។
សម្តេចពិជ័យសេនាក៏បានរំលឹកដល់ប្រវត្តិសាស្ត្រទាក់ទងនឹងវិស័យដីធ្លីក្នុងប្រទេស តាំងពីរបបប៉ុលពតដែលលុបចោលកម្មសិទ្ធិឯកជន ដល់ការចាប់ផ្តើមទទួលស្គាល់វិញក្នុងឆ្នាំ ១៩៨៩ តាមរយៈគោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាល។
សម្តេចបានបញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់លើការផ្តល់សិទ្ធិកាន់កាប់ដីធ្លី ដោយលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចុះបញ្ជី និងទទួលបណ្ណសម្គាល់ម្ចាស់អចលនវត្ថុក្រោមម្លប់សន្តិភាព៕
ដោយ៖ប៊ុនរដ្ឋា






