អភិបាលខេត្តព្រះវិហារ អញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយជូនបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ព្រះវិហារ៖បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់នឹងឈានចូលមកដល់ក្នុងនាពេលឆាប់ៗខាងមុខនេះ អភិបាល​ខេត្តព្រះវិហារឯកឧត្តម គីម រិទ្ធី កាលពីថ្ងៃទី១១ ខែមេសា បានដឹកនាំគណៈប្រតិភូខេត្ត ចុះសួរសុខទុក្ខ សំណេះសំណាល និងនាំយកអំណោយ​ជាគ្រឿងឧបភោគ បរិភោគ រួមទាំងថវិកា ផ្តល់ជូននាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែង ស្វាគមន៍ និងថ្លែង​អំណរ​គុណ ចំពោះដំណើរចុះសួរសុខទុក្ខ សំណេះសំណាលរបស់ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត ព្រមទាំងគណៈប្រតិភូ យ៉ាងកក់ក្តៅ និងរាក់ទាក់ជាទីបំផុត។

ក្នុងឱកាសនេះឯកឧត្តម គីម រិទ្ធី បានថ្លែង កោតសរសើរចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន ដោយបានអនុវត្តតួនាទី ភារកិច្ចយ៉ាងខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់បានយ៉ាងល្អប្រសើរ។

ឯកឧត្តម គីម រិទ្ធី បានកោតសរសើរដល់យោធិនទាំងអស់ ដែលបានខិតខំប្រឹងប្រែងចូលរួមធ្វើការងារសង្គម និងគ្រប់​សកម្មភាពមនុស្សធម៌ ជាពិសេសការយកចិត្តទុកដាក់ ទៅដល់យុទ្ធមិត្តរបស់យើង នៅសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ដែលតែងបានយកចិត្តទុកដាក់ ចុះសួរសុខទុក្ខ នាំយកអំណោយ ការកសាងផ្ទះសម្បែង ការជួយអន្តរាគមន៍នូវវិបត្តិទាំងឡាយ ដែលសមាជិកសមាគម និងអតីតយុទ្ធជន ជួបប្រទះ នៅតាមមូលដ្ឋាន។
អភិបាលខេត្តព្រះវិហាបានវាយតម្លៃខ្ពស់ចំពោះការចូលរួមទប់ស្កាត់ នូវបទល្មើសនានា ដែលកងយោធពលខេមរភូមិន្ទ កងទ័ពជើងគោក ជាពិសេសតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានចូលរួមទប់ស្កាត់ និងបង្ក្រាប ដូចជាករណីទន្ទ្រានបទល្មើសធនធានធម្មជាតិ និងបទល្មើសផ្សេងៗទៀត។

នាឱកាសនោះ ឯកឧត្តមអភិបាលខេត្តព្រះវិហារ ក៏បានឧត្ថម្ភ នូវស្រាបៀរ ១០០កេស មី១០០កេស និងថវិកាដល់​កម្លាំងប្រចាំការក្នុងម្នាក់ៗ ៤ម៉ឺនរៀល ផងដែរ៕
ដោយ៖ឡុង សំបូរ

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner