កីឡាការិនី និងគ្រូបង្វឹកបេស្បល ថា ទោះបីការហ្វឹកហាត់កង្វះទីលានស្តង់ដា តែការប្រជែងក្នុងប្រទេសថៃ នៅតែមានក្តីសង្ឃឹមខ្ពស់
(ភ្នំពេញ)៖ សហព័ន្ធកីឡាបេស្បលនិង សុហ្វបលកម្ពុជា នឹងបញ្ជូនកីឡាការិនីជម្រើសជាតិនារីជាលើកដំបូងចួលរួមប្រជែងក្នុងព្រឹត្តិការណ៍ 2025 IV BFA Women’s Asian Cup (Qualify)នៅប្រទេសថៃ ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី៣០ ខែ មេសា ឆ្នាំ២០២៥។
លោក ពៅ ឧត្តម គ្រូជំនួយ បានឱ្យដឹងថា ព្រឹត្តិការណ៍វគ្គជម្រុះ 2025 IV BFA Women’s Asian Cupដែលធ្វើឡើងនៅប្រទេសថៃនេះ មានប្រទេសចូលរួមសរុបចំនួន៧ប្រទេសរួមទាំងកម្ពុជា ក្នុងនោះមាន កម្ពុជា ថៃ ឥណ្ឌូណេស៊ី អ៊ីរ៉ាក់ ម៉ាឡេស៊ី ស្រីលង្កា និងប៉ាគីស្ថាន ។
លោកថា សម្រាប់ការត្រៀមខ្លួនរបស់ជម្រើសជាតិបេស្បលនារីកម្ពុជា មានរយៈពេលខ្លី គឺទើបតែប្រមូលផ្តុំបាន១៥ថ្ងៃប៉ុណ្ណោះ ដោយបានចម្រាញ់ជ្រើសរើសមកពីក្លឹបបេស្បលសក្កានុពលមួយចំនួន។ ចំពោះការហ្វឹកហាត់ត្រៀមខ្លួនវិញ គឺជួបប្រទះការលំបាកខ្លះៗដូចជាកង្វះទីលានស្តង់ដា ដោយកីឡាការិនីរបស់យើងហ្វឹកហាត់នៅក្នុងទីលានបាល់ទាត់ប៉ុណ្ណោះ ដែលវាមិនមែនជាទីលានសប្បលនោះទេ ពោលដោយសានៅរាជធានីភ្នំពេញយើងគ្មានទីលាន។ ទោះជាបែបនេះក្តី ក៏ការហ្វឹកហាត់របស់អត្តពលិកបេស្បលនារីកំពុងហ្វឹកហាត់ជាប់ជាប្រចាំជាមួយគ្រូបង្វឹកជនជាតិជប៉ុនមិនដែលអាក់ខានឡើយ ដោយពេលព្រឹកហ្វឹកហាត់ក្នុងទីលានបាល់ទាត់ និងពេលរសៀលហ្វឹកហាត់បន្ថែមបច្ចេកទេសនៅលើដំបូលផ្ទះ។
គ្រូជំនួយខាងលើ សង្ឃឹមជឿជាក់ថា ការចូលរួមប្រជែងលើកដំបូងរបស់កីឡាការិនីបេស្បលជម្រើសជាតិនារីក្នុងព្រឹត្តិការណ៍អន្តរជាតិនេះ នឹងនាំយកមេដាយប្រាក់ឬសំរិទ្ធជូនកម្ពុជា ។ ជាមួយភាពជឿជាក់នេះ លោកបានអំពាវនាវស្នើសុំដល់ក្រុមហ៊ុនក្នុងស្រុកមេត្តាចូលរួមឧបត្ថម្ភដល់សហព័ន្ធក្នុងដំណើរការអភិវឌ្ឍខណៈបច្ចុប្បន្ននេះ សហព័ន្ធកំពុងជួបប្រទះការលំបាកយ៉ាងខ្លាំងធ្វើឱ្យការអភិវឌ្ឍសមត្ថភាពកីឡាករកីឡាការិនីមានសភាពយឺតយ៉ាវ ។
កីឡាការិនី ឡាយ ស្រីពេជ្រ ប្រធានក្រុមជម្រើសជាតិនារី បានបង្ហាញជំនឿចិត្តខ្ពស់ថា ក្រុមរបស់នាងនឹងធ្វើបានល្អក្នុងការប្រកួតកីឡាបេស្បលវគ្គជម្រុះកម្រិតអាស៊ីនេះ ខណៈការត្រៀមខ្លួនបានល្អ ពិសេស ការហ្វឹកហាត់មានភាពស៊ីចង្វាក់គ្នាបង្ហាញពីការសាមគ្គីភាពក្នុងក្រុមបានល្អ ។នាងក៏បង្ហាញការប្តេជ្ញាចិត្តខ្ពស់ ដឹកនាំកូនក្រុមធ្វើឱ្យបានល្អក្នុងការប្រកួតនាំយកលទ្ធផលល្អជូនកម្ពុជា ទោះបីជាបទពិសោធចូលរួមក្នុងការប្រកួតអន្តរជាតិជាលើកដំបូងក៏ដោយ។
សូមជម្រាប់ថា ព្រឹត្តិការណ៍ 2025 IV BFA Women’s Asian Cup (Qualify)នៅប្រទេសថៃ ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី៣០ ខែ មេសា ឆ្នាំ២០២៥ ដឹកនាំដោយ លោក ឆែម តារា ប្រធានសហព័ន្ធកីឡាបេស្បល សុហ្វបលកម្ពុជា រួមជាគ្រូបង្វឹក ៣រូប លោកTakashi Matsuyoshi គ្រូធំ និងគ្រូជំនួយ លោ Komei Kito និងលោកPov Oudom៕
រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ


