ជំនឿ និងប្រវត្តិរបាំត្រុដិនៅតែបង្កប់ជាប់ក្នុងចំណោមប្រជាពលរដ្ឋខ្មែរតាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្ន

(ភ្នំពេញ)៖ ក្នុងចំណោមរបាំប្រពៃណីខ្មែររបាំត្រុដិនៅតែពេញនិយម និងបង្កប់ជាប់ក្នុងចំណោមសំណាក់ពលរដ្ឋខ្មែរ។ចាប់តាំងពីបុរាណកាលមក ពលរដ្ឋខ្មែរតែងមានជំនឿទៅលើការសម្តែងរបាំត្រុដិ ដែលគេជឿជាក់ថា កាលណាបានមកសម្តែង នឹងជួយបណ្តេញរាល់ចង្រៃឧបទ្រព បណ្តេញខ្មោចព្រាយបិសាច ឱ្យចាកចេញឆ្ងាយ ហើយការរស់នៅឆ្នាំថ្មីសុខដុម និងសម្បូរសប្បាយផង។
របាំនេះក៏មានរៀបរាប់នៅក្នុងព្រះរាជពិធីហៅថា «ត្រស្តិសង្ក្រាន»។ តាមសៀវភៅវចនានុក្រមខ្មែរបានបញ្ជាក់ដែរថាត្រុដិ ជា ដំណើរកាត់, ការផ្ដាច់ ។ជាមួយគ្នាវាជាឈ្មោះភ្លេង, ចម្រៀងមួយប្រភេទ សម្រាប់បណ្ដាជនក្នុងខេត្តសៀមរាប គេលេងតែក្នុងឱកាសចូលឆ្នាំថ្មី។ហេតុនេះហើយរបាំត្រុដិ ទើបគេតែងតែ យកមកសម្តែងនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដើម្បីប្រសិទ្ធនូវសព្ទសាធុការពរជូនដល់អ្នកស្រុកក្នុងឱកាសឆ្នាំថ្មី។
សម្រាប់ចម្រៀងដែលតែងឮគេច្រៀងនោះគឺផ្ដើមដោយ៖ «ហ្អាអ៉ើយ!!! កំប្លង់ៗអ្ហើយ នាំគ្នាលេងត្រុដិ ដោយបរិសុទ្ធ ជារបាំខ្មែរ ឆាៗរ៉ាឆារ៉ាមុំបង វើយៗក្រមុំបង…..»។

  • តួអង្គក្នុងរបាំ
    របាំត្រុដិមានតួសម្ដែងច្រើនគ្នា ដូចជា តួសត្វប្រើស ព្រានព្រៃ យក្ស ព្រាយស្រីក្រចកវែង សត្វក្ងោក សត្វទន្សោង ហែហមកំដរដោយក្រុមអ្នកវាយស្គរដៃ ក្រុមអ្នកបុកកញ្ជែះដែលមានចងចង្ក្រង់ នារីអ្នកកាន់ឈើក្បាច់ក្បាលនាគចងដោយថង់ក្រណាត់ និងបុរសអ្នកច្រៀងគោលដឹកនាំក្រុមរបាំ ហើយច្រៀងបន្ទរដោយក្រុមអ្នកសម្ដែងទាំងអស់គ្នាទៅតាមចង្វាក់ តាមវគ្គឃ្លានៃចម្រៀង ខណៈពាក្យពេចន៍ចម្រៀងមានភាពខុសគ្នាបន្តិចបន្តួចទៅតាមក្រុមសម្ដែងនីមួយៗ។ យោងតាមឯកសាររបស់សម្ដេចព្រះវណ្ណរត្ន អ៉ីវ ទួត នៅខេត្តបាត់ដំបង ពាក្យពេចន៍ចម្រៀងនៃរបាំត្រុដិនេះចែកជា៤វគ្គ៖ ការមកដល់នៃរបាំ ការសុំទាននិងបច្ច័យ ការប្រមូលទាននិងបច្ច័យ និងការថ្លែងអំណរគុណនិងជូនពរដល់អ្នកផ្ដល់បច្ច័យ។
  • ប្រភព
    តាមឯកសារជាច្រើនបានអះអាងថា របាំត្រុដិនេះមានប្រភពដំបូងចេញពីជនជាតិដើមនៅតំបន់ភ្នំ ដូចជា ជនជាតិសម្រែ សួយ ព័រជាដើម ព្រមទាំងជនជាតិខ្មែរយើងនៅខេត្តស្រីស្លាកែត សុរិន្ទ្រ គោកខណ្ឌ ឧត្បលរាជធានី សៀមរាប ព្រះវិហារ កំពង់ធំ ពោធិ៍សាត់ បាត់ដំបងជាដើម។ ជនជាតិដើមហៅពាក្យ «ត្រុដិ» នេះ គឺសំដៅដល់ពេលដាច់ឆ្នាំចាស់ត្រាច់ផ្លាស់ចូលឆ្នាំថ្មី។
  • ឱកាស
    គេសម្ដែងរបាំត្រុដិនេះគឺនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឬប្រារព្ធកិច្ចបណ្ដេញឧបទ្រពចង្រៃចេញពីគេហដ្ឋាន ឬការិយាល័យផ្សេងៗ ឬក្នុងពេលដែលសត្វព្រៃរត់ចូលស្រុកភូមិជាដើម។ គោលបំណងនៃការសម្ដែងរបាំនេះ គឺដូចទៅនឹងម៉ុងសាយរបស់ជនជាតិចិនដែរ។ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី គេប្រសិទ្ធពរជ័យសម្រាប់ឆ្នាំថ្មីដែលចូលមកដល់ដោយសេចក្តីសប្បាយរីករាយ។ ផ្ទុយទៅវិញ ការដែលមិនចូលរួមអបអរសាទរនូវរបាំនេះដោយប្រការណាមួយ អាចនាំមកនូវក្ដីទុក្ខសោកពុំខាន។ ម្យ៉ាងទៀត គេលេងរបាំត្រុដិនៅពេលដែលមានសត្វព្រៃដូចជាត្រកួត ប្រើស ឈ្លួស ពស់ចូលក្នុងភូមិ ដែលចាត់ទុកជាប្រផ្នូរមិនល្អ ទើបគេបណ្តេញឱ្យចេញពីស្រុកភូមិនូវរាល់ឧបទ្រពចង្រៃផងដែរ។
  • ជំនឿលើសត្វប្រើស
    សត្វប្រើសជាសត្វស្លូតបូតមួយប្រភេទ មិនប្រមាញ់សត្វដទៃជាអាហារទេ គឺស៉ីតែស្មៅនិងរុក្ខជាតិ ហើយក៏ខ្លាចមនុស្សនិងសត្វមំសាសីដទៃទៀតដែរ ហេតុអ្វីគេចាត់ទុកសត្វនេះជាសត្វចង្រៃ ឬតំណាងឱ្យភាវៈអាក្រក់? ជំនឿបុរាណខ្មែរដែលចាត់ទុកសត្វប្រើសតំណាងឱ្យសភាវៈអាក្រក់ គឺជាប់ពាក់ព័ន្ធនឹងរឿងទេវកថា ដូចជារឿងរាមកេរ្តិ៍ ត្រង់វគ្គ «ព្រះរាមដើរទេស» ដែលមហាយក្សក្រុងរាពណ៍បញ្ជាឱ្យសេនារបស់ខ្លួនឈ្មោះមហារីកកាឡាខ្លួនជាសត្វប្រើសមាស ទៅបញ្ឆោតព្រះរាមឱ្យតាមប្រមាញ់ចូលក្នុងព្រៃ។ ដោយបាត់ស្វាមីយូរពេក ព្រះនាសិតាព្រួយព្រះទ័យយ៉ាងខ្លាំង ហើយក៏បានទទួចឱ្យព្រះលក្សណ៍ទៅតាមជួយព្រះរាម ហើយព្រះនាងសិតាក៏នៅក្នុងខ្ទមតែម្នាក់ឯង…..ទីបំផុត ក្រុងរាពណ៍ក៏បានឱកាសចូលចាប់ព្រះនាងសិតាយកទៅក្រុងលង្កាដែលជាដែនអាណាចក្ររបស់ពួកអសុរៈ។
    រីឯប្រើសមាសនោះក៏ត្រូវព្រះរាមតាមបាញ់សម្លាប់បានសម្រេច ប៉ុន្តែហេតុការណ៍នេះគឺជាឧបាយកលរបស់ក្រុងរាពណ៍ទាំងអស់ ហើយទុក្ខសោកដែលព្រះនាងសិតាត្រូវក្រុងរាពណ៍ចាប់យកទៅនោះ ក៏ចង្រៃមកពីសត្វប្រើសមាសនោះឯង នេះហើយជាមូលន័យនៅក្នុងរបាំត្រុដិដែលយើងមិនសូវបានដឹងស៉ីជម្រៅ។

លោកសួនតារា ដែលជាក្រុមអ្នកលេងរបាំត្រុដិស្ថិតក្នុងក្រុមមួយមានឈ្មោះថា”ចលនាវប្បធម៌ជាតិដើម្បីកុមារកំព្រា និងក្រីក្រ “ដែលបានមកចូលរួមសម្តែងក្នុងពីធីសូត្រមន្តលើករាសីនៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែររបស់ក្រសួងព័ត៌មាននាថ្មីៗមកនេះបានបញ្ជាក់ប្រាប់ឱ្យដឹងថាការមកសម្តែងនេះគឺដើម្បីធ្វើការផ្សព្វផ្សាយនូវសិល្បៈវប្បធម៌របស់ខ្មែរឱ្យប្រជាពលរដ្ឋបានឃើញ និងស្គាល់ឱ្យបានច្រើន ដែលជាការថែរក្សានូវកេរ្តិ៍តំណែលរបស់ដូនតាខ្មែរយើង។

លោកថាតាមចាស់បុរាណថារបាំត្រុដិ ដែលគេតែងចេញសម្តែងក្នុងពិធីធំៗរបស់ខ្មែរយើងពិសេសបុណ្យចូលឆ្នាំថ្មី និងបុណ្យនានាទៀតនោះ គឺមានអត្ថន័យផ្តល់នូវផលប្រយោជន៍ សុភមង្គលដល់មនុស្សគ្រប់រូប និងបណ្តេញឧបទ្រពចង្រៃចេញពីផ្ទះ ពីភូមិស្រុករបស់បងប្អូនប្រជាពលរដ្ឋយើង។ ម្យ៉ាងទៀត លក្ខណៈពិសិដ្ឋបំផុតរបស់របាំត្រុដិគឺជំនឿលើបុព្វការីជន ក្រោមរូបភាពសត្វប្រើស ឬក្ងោកដែលឆ្លុះបញ្ចាំងនូវការឯកភាពផ្នែកជំនឿសាសនា។
លោកថាក្រៅពីបុណ្យចូលឆ្នាំថ្មី ខ្មែរយើងក៏តែងអញ្ញើញក្រុមរបស់របាំត្រុដិរបស់លោកទៅសម្តែងក្នុងពិធីឡើងគេហដ្ឋានថ្មី កម្មវិធីសម្ពោធអ្វីមួយ និងពិធីសំខាន់ៗជាច្រើនទៀតផងដែរ។
លោក ឡាំទុយរស់នៅ ភូមិស្រែគរ ឃុំស្រែគរ ស្រុកសេសាន ខេត្ត ស្ទឹងត្រែងបានឱ្យដឹងថារបាំត្រុដិក៏តែងគេសម្តែងតាមស្រុកភូមិ ហើយក៏ជារបាំដែលពលរដ្ឋជឿជាក់។រៀងរាល់បុណ្យចូលឆ្នាំថ្មីបើបានរបាំបុរាណខ្មែរមួយនេះមកសម្តែងគេតែងមានជំនឿជួយបណ្តេញឧបទ្រពចង្រៃ និងបើនិយាយមិនខុសគ្នាការលេងឡកម៉ុងសាយតាមជំនឿរបស់ចិននោះឡើយ។

កញ្ញាស្រីរ័ត្ន រស់នៅខេត្តក្រចេះ បានប្រាប់ឱ្យដឹងថា ៖ របាំត្រុដិគឺត្រូវបានពលរដ្ឋខ្មែរតែងចូលចិត្តអញ្ជើញមកសម្តែង ហើយជារបាំមួយពេញនិយមបំផុតក្នុងពិធីបុណ្យចូលឆ្នាំថ្មី។នៅស្ទើរទូទាំងប្រទេសកម្ពុជាក្រុមសិល្បៈជាច្រើនតែងរួមគ្នា ចេញមកសម្តែងដើម្បីបានសិរីសួរស្តីឆ្នាំថ្មី ហើយវានៅជាការបណ្តេញរាល់ឧបទ្រពចង្រៃឆ្នាំចាស់ចេញ ហើយនាំមកនូវអ្វីៗដែលល្អក្នុងឆ្នាំថ្មី។វាជំនឿរបស់ដូនតាខ្មែរយើងច្រើនតំណមកហើយ។

កញ្ញា ណារី រស់នៅខេត្តក្រចេះនេះដូចគ្នា បានបង្ហាញនូវជំនឿពីរបាំត្រុដិនេះថា ជារបាំប្រជាប្រិយមួយបែបដែលសព្វថ្ងៃពេញនិយមខ្លាំង។ក្រៅពីសិល្បៈសម្តែងដ៏អស្ចារ្យ ហើយវាក៏រួមផ្សំដោយបទចម្រៀងពិរោះរណ្តំធ្វើឱ្យពេលសម្តែងម្តងៗនាំអារម្មណ៍យើងរំភើបរីករាយ អមជាមួយជំនឿរបស់ចាស់បុរាណនៅពេលបានលឺ ឬនៅក្បែរហើយហាក់បានបណ្តេញឧបទ្រពចង្រៃមានក្នុងខ្លួនទាំងប៉ុន្មានឱ្យចាកឆ្ងាយដូច្នេះដែរ។

សម្រាប់ពេលដែលសម្តែងចប់ម្តងៗ ក្រុមរបាំត្រុដិត្រូវច្រៀងជម្រាបលាម្ចាស់ផ្ទះ ហើយម្ចាស់ផ្ទះក៏បានយកទឹកមកប្រោះព្រំជូនពរដល់ក្រុមរបាំទាំងអស់នោះវិញដែរ ម្ល៉ោះហើយបើយើងមិនធ្វើតាមរបៀបនេះទេគឺជាប្រការខុសឆ្គងមួយដែរ ដែលគេមានជំនឿថាក្នុងឆ្នាំខាងមុខអ្នកនោះនឹងមិនទទួលបានសិរីសួស្តីនោះឡើយ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner