អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ៖ ឆ្មាដាវត្រូវបានសង្រ្គោះនិងដោះលែងច្រើននៅភ្នំតាម៉ៅ និងព្រៃជួរភ្នំក្រវាញ
(ភ្នំពេញ)៖ឆ្មាដាវជាប្រភេទសត្វមិននកាចសាហាវចំពោះមនុស្សទេ ហើយជារឿយៗ គេអាចជួបប្រទះវានៅក្បែរៗភូមិ។ អាហាររបស់វាមាន បក្សី សត្វកកេរ ត្រកួត អន្សង ក្តាន់ញ៉ែងជាដើម។ វាអាចចាប់ចំណីបានដោយសារការលោតចុះសង្គ្រប់ពីលើដើមឈើទៅលើចំណីរបស់វា។
អង្គការសម្ព័ន្ធមិត្ដសត្វព្រៃ ( Wildlife Alliance Cambodia) បានឱ្យដឹងថា ឆ្មាដាវ ស្ថិតក្នុងប្រភេទសត្វដែលអង្គការសម្ព័ន្ធមិត្តសត្វព្រៃបានជួយសង្គ្រោះ និងដោះលែងទៅកាន់ព្រៃឧទ្យានអង្គរ ភ្នំតាម៉ៅ និងព្រៃជួរភ្នំក្រវាញ។ ឆ្មាដាវ ជាប្រភេទមំសាសីព្រៃមានខ្លួនតូចដូចឆ្មាស្រុក។ ប្រភេទនេះមានតួនាទីគ្រប់គ្រងចំនួនរបាយប្រជាជននៃអម្បូរកណ្តុរក្នុងតំបន់ព្រៃ។ ឆ្មាដាវ ជាប្រភេទសត្វរាត្រីចរ និងចូលចិត្តលាក់ខ្លួន តែវត្តមាននៃឆ្មាដាវមានគុណប្រយោជន៍ដល់ភាពសម្បូរបែប និងសុខភាពនៃព្រៃឈើដែលជាជម្រករបស់ខ្លួន។
គួរបញ្ជាក់ថា ឆ្មាដាវមានសម្បុរលឿង-ត្នោត លាយជាមួយរោមអុចៗពណ៌ខ្មៅដែលមានអង្កត់ផ្ចិត ២,៥ស.ម ឬលើសពីនេះ និងមានឆ្នូត ៤-៦ សម្បុរត្នោតចាស់ចាប់ផ្តើមចេញពីលើក្បាល និងផ្នែកខាងក្រោយនៃករហូតដល់ស្មា។ ផ្នែកចំហៀង និងជើងទាំង៤មានដុំអុចៗក្រម៉ៅចាស់ក្នុងទំហំ និងរាងខុសៗគ្នា។កន្ទុយមានលាយរបាយពណ៌ខ្មៅអុចៗក្នុងទំហំខុសៗគ្នាចាប់ពីគល់កន្ទុយរហូតដល់ចុង។ ផ្នែកខាងក្រោយ និងក្រោមភ្នែកមានឆ្នូតក្រម៉ៅ ខ័ណ្ឌចែកដោយបន្ទះពណ៌ស។
វាអាចបន្តពូជបានពេញមួយឆ្នាំ រយៈពេលពពោះពី ៦៥-៧២ថ្ងៃ អាចមានកូនម្តងពី ១-៤ក្បាល។ កូនរបស់វាអាចបើកភ្នែកបានក្នុងរយៈពេលប្រហែល ១០ថ្ងៃ ក្រោយពេលកើត។ កូនរបស់វាអាចបន្តពួជបាននៅអាយុ ១៨ខែ និងអាចរស់បានពី ១២-១៣ឆ្នាំ។វាជាសត្វពូកែហែលទឹកណាស់៕
ដោយ ៖ ម៉ាដេប៉ូ

