សង្រាន្តថ្ងៃដំបូង! ថៃស្លាប់២៧នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍
បរទេស ៖ មន្ត្រីបាននិយាយ កាលពីថ្ងៃសៅរ៍ថា គ្រោះថ្នាក់ចរាចរណ៍ បានឆក់យកជីវិតមនុស្ស ២៧នាក់ និងរបួស២០១នាក់ នៅថ្ងៃដំបូង នៃការធ្វើដំណើរ រយៈពេល៧ថ្ងៃ នៃពិធីបុណ្យសង្ក្រាន្ត នៅប្រទេសថៃ នេះបើតាមកាសែត Bangkok Post។
មជ្ឈមណ្ឌលប្រតិបត្តិការសុវត្ថិភាពចរាចរណ៍ថៃ បាននិយាយថា គ្រោះថ្នាក់សរុបចំនួន ២១១លើក ត្រូវបានរាយការណ៍ កាលពីថ្ងៃសុក្រ ខណៈដែលមនុស្សបានចាប់ផ្តើមធ្វើដំណើរ ឈប់សម្រាកបុណ្យចូលឆ្នាំថ្មី។
ការបើកបរ លើសល្បឿនកំណត់ គឺជាមូលហេតុចម្បងនៃគ្រោះថ្នាក់ ដែលមានចំនួន៤១%។ គ្រោះថ្នាក់ មួយភាគបួន ទាក់ទងនឹងការកាត់មុខរថយន្ត មួយផ្សេងទៀត និង២៣% ទាក់ទងនឹងការបើកបរ ក្នុងស្ថានភាពស្រវឹង។
យ៉ាងណាមិញ លោកវេជ្ជបណ្ឌិត Opas Karnkawinpong លេខាធិការអចិន្ត្រៃយ៍ នៃ ក្រសួងសុខាភិបាលសាធារណៈ បាននិយាយថា តួលេខទាំងអស់ សម្រាប់ថ្ងៃសុក្រ គឺទាបជាងតួលេខ កាលពីឆ្នាំមុន។ ក្នុងនោះ គ្រោះថ្នាក់ចរាចរណ៍ចំនួន ២៤១លើក ស្លាប់មនុស្ស២៩នាក់ និងរបួស២៥៣នាក់ ក្នុងថ្ងៃធ្វើដំណើរសង្ក្រាន្តដំបូង ក្នុងឆ្នាំ២០២៤ នេះបើតាមកាសែត Bangkok Post ដដែល៕
ប្រភពពី Bangkok Post ប្រែសម្រួល៖ សារ៉ាត