មីយ៉ាន់ម៉ានៅតែឆ្លៀតចូលរួមអបអរបុណ្យចូលឆ្នាំថ្មី

បរទេស៖ ប្រទេសមីយ៉ាន់ម៉ានៅតែបន្តឆ្លៀតចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិរបស់ខ្លួន បើទោះបីជារងគ្រោះពីការរញ្ជួយដី សម្លាប់មនុស្ស ៣,៦០០នាក់ ក៏ដោយ។

ការចូលរួមនេះ ត្រូវបានឆ្លុះបញ្ចាំង តាមរយៈសកម្មភាពមួយចំនួន ដូចជា កុមារនាំគ្នាលេងបាញ់ទឹក ខណៈប្រជាជនខ្លះទិញផ្កា និងសម្ភារៈផ្សេងៗនៅផ្សារ ហើយខ្លះ ទិញក្អមទឹក ជាដើម។

កាលពីថ្ងៃទី១៣ ខែមេសា អតិថិជនបាននាំគ្នាទិញដើមឈើ និង ផ្កា ព្រមទាំង ក្អម ឆ្នាំង ដើម្បីស្វាគមន៍ពិធីបុណ្យចូលឆ្នាំ មីយ៉ានម៉ា ដែលគេស្គាល់ថាជា បុណ្យ «Thingyan» នៅផ្សារតាមដងផ្លូវ ស្ថិតក្នុងទីក្រុង Mandalay ដែលជាតំបន់រងគ្រោះ ខ្លាំងបំផុត។ រីឯ ក្មេងៗ​ ត្រូវបានគេឃើញ នាំគ្នាលេងកាំភ្លើងបាញ់ទឹក នៅតាមផ្លូវ ដូចប្រទេសផ្សេងៗដែរ។

យោងតាមអង្គការសហប្រជាជាតិ បានឲ្យដឹងថា មនុស្សជាង៦.៣លាននាក់ កំពុងត្រូវការជំនួយជាបន្ទាន់ នៅក្នុងតំបន់ ដែលរងគ្រោះខ្លាំងបំផុត ដោយសារការរញ្ជួយដីកម្រិត ៧.៧រិចទ័រ កាលពីថ្ងៃទី២៨ ខែមីនា។ គួរបញ្ជាក់ថា បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ មួយចំនួន បាននិងកំពុងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នាពាក់កណ្តាល ខែមេសានេះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner