ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ចុះសួរសុខទុក្ខ និងពិនិត្យការបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មា

(ត្បូងឃ្មុំ)៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ បានចុះពិនិត្យការបម្រើសេវាសុខាភិបាលដល់ប្រជាពលរដ្ឋ និងសួរសុខទុក្ខមន្រ្តីរាជការ បុគ្គលិកសុខាភិបាល នៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មា បន្ទាប់ពីពីធីសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៧១សេ។

ក្នុងឱកាសចុះពិនិត្យនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី កត់សម្គាល់ឃើញថា ១) ហេដ្ឋារចនាសម្ព័ន្ធល្អសមស្រប ការបំពាក់សម្ភារបរិក្ខារវេជ្ជសាស្រ្តល្អតាមស្តង់ដា ២) មានការបម្រើសេវា ផ្នែកសម្ភពនិងរោគស្រ្តី សង្រ្គោះបន្ទាន់ ផ្នែកជំងឺទូទៅ ផ្នែកវះកាត់ ផ្នែកមន្ទីរពិសោធន៍ ផ្នែកវិទ្យុសាស្រ្ត (X-ray បន្ទប់អេកូ Ultrasound) ផ្នែកជំងឺមាត់ធ្មេញ ឱសថស្ថានជាដើម ៣) ចំពោះធនធានមនុស្សមានលក្ខណៈសមស្រប ឥរិយាបថល្អ មានការលើកទឹកចិត្តនិងការបណ្តុះបណ្តាលបន្ត ៤) ការរក្សាទុកឱសថ និងវ៉ាក់សាំងសមស្របតាមបច្ចេកទេសនិងត្រឹមត្រូវ ៥) កំពុងរៀបចំជាទំរង់ប្រព័ន្ធរបាយការណ៍ ៦) ការទទួលអ្នកជំងឺ និងបម្រើសេវាជូនប្រជាពលរដ្ឋសមរម្យ ៧) ចំពោះអនាម័យ ការគ្រប់គ្រងកាកសំណល់ និងការសម្អាតមេរោគសមរម្យ ៨) ការប្រើប្រាស់មូលនិធិសមធម៌ ប.ស.ស. ដំណើរការបានល្អ ៩) មានការផ្តល់អតិភាពកម្មវិធីមួយចំនួន លើសុខភាពមាតាទារក កម្មវិធីអាហារូបត្ថម្ភ ជំងឺមិនឆ្លង និងជំងឺគ្រុនឈាម និង១០) ភាពជាអ្នកដឹកនាំនិងការសហកា មន្ទីរពេទ្យ និងអាជ្ញាធរមានលក្ខណៈល្អ និងការអនុវត្តស្របតាមកំណែទំរង់របស់ក្រសួងសុខាភិបាល ។

ទន្ទឹមនឹងនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី ក៏បានផ្ដល់អនុសាសន៍ ដល់ថ្នាក់ដឹកនាំមន្ទីរ ការិយាល័យប្រតិបត្តិស្រុក និងមន្ទីរពេទ្យបង្អែក លើការងារកែលម្អ បន្ទប់វះកាត់ ឱ្យស្របតាមស្តង់ដារ បង្កភាពងាយស្រួលក្នុងពេលវះកាត់ និងវះកាត់រួច។ ក្នុងនោះ ឯកឧត្តមសាស្រ្តាចារ្យ ក៏បានបង្ហាញពីវិធីសាស្ត្រមើលថែ និងព្យាបាលអ្នកជំងឺ ដល់ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកស្រុក ដើម្បីឱ្យការបម្រើសេវាប្រកបដោយគុណភាព និងប្រសិទ្ធភាព។

ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានណែនាំដល់ថ្នាក់ដឹកនាំ មន្រ្ដី បុគ្គលិកសុខាភិបាល ត្រូវចេះសាមគ្គីភាពគ្នា ចែករំលែកបទពិសោធន៍គ្នា និង ត្រូវបំពេញភារកិច្ចប្រកបដោយស្មារតីវិជ្ជាជីវៈ ក្នុងការលើកកម្ពស់គុណភាពសេវា ជាពិសេសត្រូវស្វែងយល់ពីបញ្ហាប្រឈម និងដោះស្រាយបញ្ហាទាំងនោះ ឱ្យបានទាន់ពេលវេលានិងសមស្រប ដោយត្រូវគិតផលប្រយោជន៍រួម និងត្រូវគោរពឋានានុក្រមការងារ ៕

ដោយ ៖ ហេង សម្បត្តិ+ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner