ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា សំណេះសំណាលជាមួយក្រុមគុនល្បុក្កតោ ខ្មែរ ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ២០២៥
(សៀមរាប)៖ នៅរសៀលថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២៥ មុនពេលប្រារព្ធបុណ្យចូលឆ្នាំថ្មី នាថ្ងៃទី ១៤ ខែមេសា ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញចូលរួមសំណេះសំណាលជាមួយ ក្រុមកីឡាករ និងកីឡាការិនីគុនល្បុក្កតោខ្មែរ ក្នុងបរិបទនៃ ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ប្រចាំឆ្នាំ ២០២៥ ដែលប្រារព្ធឡើង នៅមុខប្រាសាទអង្គរវត្ត។
ក្នុងឱកាសនេះ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់លោកគ្រូព្រឹទ្ធាចារ្យដែលបានខិតខំស្រាវជ្រាវ និងសង្គ្រោះក្បាច់គុនល្បុក្កតោខ្មែរឲ្យរស់ឡើងវិញ បន្ទាប់ពីខានរកឃើញជាយូរមក។ ក្បាច់គុនល្បុក្កតោនេះត្រូវបានអង្គការយូណេស្កូ ដាក់បញ្ចូលក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២២។
ឯកឧត្តមបានបញ្ជាក់ថា គុនល្បុក្កតោជាក្បាច់គុនបុរាណខ្មែរ ដែលមានប្រវត្តិសាស្ត្រយូរអង្វែង និងបានចាក់ឫសជ្រៅក្នុងសង្គមខ្មែររយៈពេលរាប់សតវត្សរ៍។ ភស្តុតាងជាច្រើន រួមមានចម្លាក់លើជញ្ជាំងប្រាសាទសម័យអង្គរ ក៏បានបង្ហាញពីការអនុវត្តន៍នៃសិល្បៈការពារខ្លួននេះដែរ។
ឯកឧត្តម.បានលើកឡើងថា ការដាក់បញ្ចូលក្បាច់គុនល្បុក្កតោក្នុងបញ្ជីបេតិកភណ្ឌរបស់យូណេស្កូ គឺជាការលើកតម្កើងវប្បធម៌ខ្មែរឲ្យល្បាញលើឆាកអន្តរជាតិ ជារបៀបសំខាន់ក្នុងការចូលរួមសន្ទនាអន្តរវប្បធម៌ និងបណ្តុះចរិតសង្គមអោយអធ្យាស្រ័យ និងរឹងមាំ។
ឯកឧត្តមក៏បានផ្ដាំផ្ញើដល់ប្អូនៗកីឡាករ-កីឡាការិនីទាំងអស់ ដើម្បីបន្តការហ្វឹកហាត់ និងបង្រៀនទៅកាន់ជំនាន់ក្រោយ ដើម្បីថែរក្សានិងផ្សះផ្សារវប្បធម៌ដ៏មានតម្លៃនេះឲ្យបានគង់វង្ស។
ឯកឧត្តមសូមឲ្យទេវតាឆ្នាំថ្មីជួយអភិបាលគ្រប់គ្រងឲ្យកីឡាករទាំងអស់ជួបតែសេចក្តីសុខក្នុងការបំពេញការងារ និងប្រារព្ធពិធីអង្គរសង្រ្កាន្តជោគជ័យ។ ព្រមទាំងផ្ដាំឲ្យក្មេងៗចៀស វាងពីគ្រឿងញៀន គោរពច្បាប់ចរាចរណ៍ និងបង្ហាញភាពជាអ្នកស្មោះត្រង់ចំពោះសង្គម ៕






ដោយ ៖ ប៊ុនរដ្ឋា