អភិបាលខេត្តកំពង់ចាម អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ អញ្ជើញមកលេងល្បែងប្រជាប្រិយជាច្រើន និង ភ្លក្សរសជាតិ លៀសហាលកំពង់ចាម ១.០០០ម៉ែត្រ ព្រមទាំងប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតដោយសេរី
(កំពង់ចាម)៖ អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តសប្បាយក្នុងព្រឹត្តិការណ៍ សង្ក្រាន្តកំពង់ចាម មកលេងល្បែងប្រជាប្រិយជាច្រើន និង ភ្លក្សរសជាតិ លៀសហាលកំពង់ចាម ១.០០០ម៉ែត្រ ព្រមទាំងប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតដោយសេរី ថ្លែងបែបនេះក្នុងពិធីបើកព្រឹត្តិការណ៍ «សង្ក្រាន្តកំពង់ចាម» ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ នៅបរិវេណសួនស្មៅមុខសាលាខេត្ត ។
ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា សង្ក្រាន្ត កំពង់ចាមយើងឆ្នាំនេះ មានរៀបចំលៀសហាល ចំនួន៣តោន មានប្រវែង១.០០០ម៉ែត្រ ចាប់ពីវេលា ម៉ោង១២:០០នាទីថ្ងៃត្រង់ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ ចាប់ពីមុខសាលាខេត្ត រហូតដល់វេទិកាអុំទូក។ បន្ថែមពីនេះ រដ្ឋបាលខេត្តកំពង់ចាម ក៏បានរៀបចំការផ្តល់ សេវា WiFi ដោយឥតគិតថ្លៃ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥ នៅតាមបណ្តោយ ផ្លូវមុខសាលាខេត្តកំពង់ចាម រហូតដល់រង្វង់មូលផ្លូវភ្លោះព្រះមុនីវង្ស ដោយមានឈ្មោះ «Sangkran KPC-2569» រួមនឹងការរៀបចំតុបតែងលំអរ និងរៀបចំពាងទឹកនៅអមសងខាងផ្លូវ ។
ឯកឧត្ដមអភិបាលខេត្ត បានបន្តថា «សង្ក្រាន្តកំពង់ចាម» យើងឆ្នាំនេះ បានបង្កើតនូវកម្មវិធីល្បែងប្រជាប្រិយជាច្រើននៅក្នុងក្រុងកំពង់ចាម និងនៅតាមទីតាំងនានាមានដូចជា ចោលឈូង, បោះអង្គុញ, លាក់កន្សែង, ល្បែងទាញព្រ័ត្រវាយក្អម, ស្តេចចង់, លោតប៉ាវ, ដណ្តើមស្លឹកឈើ ឡើងសសរខ្លាញ់ជាដើម រយៈពេល៣ថ្ងៃចាប់ពីម៉ោង ១៤:០០នាទីតទៅ និងចាប់ពីម៉ោង១៨:០០នាទី មានកម្មវិធីរាំលេងកំសាន្តសប្បាយរីករាយ ។
ជាមួយគ្នានោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានបញ្ជាក់ថា នៅថ្ងៃទី១៦ ដែលជាថ្ងៃឡើងស័កនឹងមានរៀបចំពិធីស្រង់ព្រះនៅមុខសាលាខេត្តតែម្តង និងនៅតាមផ្លូវភ្លោះ ព្រះមុនីវង្ស ជាទីតាំងដែលរដ្ឋបាលខេត្តបានរៀបចំជាតំបន់ត្រជាក់ជូនបងប្អូនប្រជាពលរដ្ឋជាស្រេច។ ដូច្នេះសូមអញ្ជើញបងប្អូនប្រជាពលរដ្ឋចូលរួមលេងឱ្យបានច្រើនកុះករ។ កម្មវិធីលេងល្បែង ប្រជាប្រិយទាំងនេះនឹងបម្រើឱ្យភាពសប្បាយរីករាយឆ្អឹង និងជំរុញការចូលរួមរបស់មហាជន ជាពិសេសយុវជន ក្នុងការយល់ដឹង នឹងក្នុងកិច្ចការថែរក្សាវប្បធម៌ និងប្រពៃណីទីនៀមទម្លាប់ដ៏ល្អ ផូរផង់របស់ជាតិផងដែរ៕









ដោយ ៖ លី ពៅ