រញ្ជួយដីកម្រិត ៥.២រ៉ិចទ័រវាយប្រហាររដ្ឋកាលីហ្វ័រញ៉ា

កាលីហ្វ័រញ៉ា ៖ អ្នកភូគព្ភវិទូអាមេរិកនិយាយថា គ្រោះរញ្ជួយដីកម្រិត ៥.២រ៉ិចទ័រ បានវាយប្រហារភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃចន្ទម្សិលមិញ។

យោងតាមទិន្នន័យពីទីភ្នាក់ការស្ទាបស្ទង់ភូគព្ភសាស្ត្រអាមេរិក បានឱ្យដឹងថា ការរញ្ជួយនេះស្ថិតនៅចំកណ្តាល ៤ គីឡូម៉ែត្រ ភាគខាងត្បូងនៃទីក្រុង Julian មានចម្ងាយប្រហែល ៣២ គីឡូម៉ែត្រពីព្រំដែនសហរដ្ឋអាមេរិក-ម៉ិកស៊ិក និងមានជម្រៅ ១២ គីឡូម៉ែត្រ។

ការរញ្ជួយដីដំបូងបានកើតឡើងនៅម៉ោង ១០និង០០នាទីព្រឹកថ្ងៃចន្ទ (ម៉ោងក្នុងតំបន់) ហើយក៏មានការរញ្ជួយដីតូចៗជាបន្តបន្ទាប់ផងដែរ។

មិនមានរបាយការណ៍ភ្លាមៗអំពីការខូចខាតធ្ងន់ធ្ងរ ឬមនុស្សរងរបួស និងស្លាប់នោះទេ ហើយវាក៏មិនបង្កជារលកយក្សស៊ូណាដែរ។

សូមរម្លឹកថា ភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ាបានរងការវាយប្រហារដោយគ្រោះរញ្ជួយដីធំៗជាច្រើន រួមទាំងការរញ្ជួយដីនៅឆ្នាំ ១៩៩៤ ដែលបានវាយប្រហារ Northridge ក្នុងតំបន់ Los Angeles ដែលបានសម្លាប់មនុស្សរាប់សិបនាក់ និងរាប់ពាន់នាក់ទៀតរងរបួស។ វាក៏បណ្តាលឱ្យខូចខាតផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធអស់រាប់ពាន់លានដុល្លារ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner