តើថ្ងៃទី២បុណ្យចូលឆ្នាំថ្មី និងថ្ងៃនីមួយៗនៃពិធីបុណ្យចូលឆ្នាំ ពលរដ្ឋខ្មែរចូលចិត្តធ្វើអ្វីខ្លះ?

(ភ្នំពេញ)៖ នៅថ្ងៃនេះ គឺជាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរហើយ។តាមទំនៀមទំលាប់ពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរ គឺតែងប្រព្រឹត្តទៅចំនួន ៣ ថ្ងៃ ។ ថ្ងៃដំបូងជាថ្ងៃមហាសង្ក្រាន្ត, ថ្ងៃទី២ ជាថ្ងៃ វនបត, ថ្ងៃទី៣ ជាថ្ងៃឡើងស័ក ។ចំពោះការកំណត់ខែ ថ្ងៃ ម៉ោង នាទីដែលឆ្នាំចាស់ត្រូវផុតកំណត់ ហើយទេវតាឆ្នាំថ្មីត្រូវចុះមកទទួលតំណែងពីទេវតាឆ្នាំចាស់នោះ គេអាចដឹងបានដោយប្រើក្បួនហោរាសាស្ត្របុរាណ គឺក្បួនមហាសសង្ក្រាន្ត។

ជាមួយគ្នានេះដែរចំពោះថ្ងៃ ចូលឆ្នាំថ្ងៃទី១ ទី២ ទី៣ ថា ត្រូវធ្វើអ្វីខ្លះនោះដូនតាខ្មែរបានកំណត់ និងចាស់បុរាណបានអនុវត្តមករាប់តំណមកហើយ។ តាមទំនៀមទម្លាប់ ការរៀបចំឡើងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំនេះគេតែងប្រារព្ធកម្មវិធីទៅតាមថ្ងៃនីមួយៗ។ ក្នុងនេះដូចជាមុនថ្ងៃចូលឆ្នាំមកដល់ ប្រជាពលរដ្ឋបានរៀបចំផ្ទះសម្បែង ទិញសម្លៀកបំពាក់ថ្មី និងរៀបចំសម្ភារទុកជូនដល់ឪពុម្ដាយ និង ជីដូនជីតា។

តាមក្បួនតម្រា និងក៏ដូចជាចាស់ទុំអនុវត្តតៗគ្នា តាំងពីបុរាណកាលមកគឺថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំថ្មី ដែលគេឱ្យឈ្មោះថា ថ្ងៃសង្ក្រាន្ត ប្រជាពលរដ្ឋ គេតែងរៀបចំគ្រឿងសក្ការ ដើម្បីទទួលទេវតា។ ក្រោយពីរៀបចំកម្មវិធីបួងសួងដល់ទេវតាឆ្នាំថ្មីហើយ ជាទម្លាប់ ប្រជាពលរដ្ឋខ្មែរ នាំគ្នាទៅវត្តរាប់បាត្រ បង្សុកូល ពូនភ្នំខ្សាច់ និងស្តាប់ធម៌ទេសនា។

ចូលមកដល់ថ្ងៃទី២ ហៅថា ថ្ងៃវ័នប័ត ដែលពលរដ្ឋខ្មែររៀបចំជូនទេយ្យវត្ថុ ដល់លោកអ្នកមានគុណ ចែកទានដល់អ្នកទ័លក្រ និងនាំគ្នាទៅវត្តដូចគ្នាថ្ងៃទី១ផងដែរ។

សម្រាប់ថ្ងៃឡើងស័កឬជាថ្ងៃបញ្ចប់នៃពិធីបុណ្យចូលឆ្នាំវិញពលរដ្ឋខ្មែរក្មេងចាស់ គេតែងនាំគ្នាទៅឆ្លងបុណ្យនៅវត្ត ដើម្បីរាប់បាត្រ បង្សុកូល ពូនភ្នំខ្សាច់ ស្តាប់ធម៌ទេសនា និងជាពិសេស គឺធ្វើពិធី ស្រង់ព្រះ ដើម្បីទទួលបានពរជ័យ សិរីសួស្ដីសម្រាប់ឆ្នាំថ្មី។

ទាក់ទិនក្នុងរឿងនេះឯកឧត្តម ឆាត សុឆេត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធម្មការ និងសាសនាបានឱ្យដឹងថានៅប្រទេសកម្ពុជាពិធីបុណ្យចូលឆ្នាំថ្មីពលរដ្ឋខ្មែរ តាមភូមិ ឃុំ ស្រុក និងខេត្ត តែងប្រារព្ធឡើងខុសៗគ្នាផងដែរ។ទោះបីយ៉ាងណាក្តីពិធីបុណ្យចូលឆ្នាំថ្មីនេះអ្វីដែលកូនចៅប្រុសស្រី ត្រូវតែប្រតិបត្តិនោះគឺត្រូវ មានអ្វីជូនឪពុកម្តាយរបស់យើង ត្រូវរៀបចំផ្ទះសម្បែងឱ្យស្អាតបាត ត្រៀមអ្វីខ្លះសម្រាប់យកទៅវត្ត ហើយយើងមានតូនាទីអ្វីខ្លះសម្រាប់ឧទិសជូនដល់ឧបការីជនរបស់យើងដែលបានចែកឋានទៅ។

ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍ថា ក្រៅពីនោះនៅទីវត្តក៏ត្រូវមានពិធីផ្សេងៗជាច្រើនទៀតដូចជា៖សម្មាទានសីល ថ្វាយបង្គំព្រះ ស្តាប់ព្រះសង្ឍចម្រើនព្រះបរិត្ត ស្តាប់ធម៌ ប្រគេនចង្ហាន់ព្រះសង្ឃ ក្នុងនេះក៏មានពិធីពូនភ្នំខ្សាច់ ពិធីពូនភ្នំអង្ករ ពិធីពូនភ្នំស្រូវ ពិធីស្រង់ទឹកព្រះសង្ឃ ពិធីស្រង់ទឹកព្រះ ដែលទាំងអស់នេះជាកិច្ចការយុវជនគ្រប់រូបត្រូវអនុវត្តដែលមិនអាចមើលរំលងបានដាច់ខាត។

ឯកឧត្តម ឆាត សុឆេត បានថ្លែងដោយបញ្ជាក់បន្ថែមថាខ្មែរយើងមានជាតិសាសនា វប្បធម៌។ជាតិ,សាសនា និងវប្បធម៌នេះឯងដែលធ្វើឱ្យយុវជនម្នាក់ក្លាយជាអ្នកមានសីលធម៌ សុជីវធម៌ គុណធម៌ និងសភាវធម៌។ដោយឡែកយើងត្រូវដឹងថាបច្ចេកវិទ្យាវិញឃើញថាមាន២សំខាន់គឺប្រើត្រូវរស់ ប្រើមិនត្រូវស្លាប់។

មានយុវជនជាច្រើនបានដឹងពីពិធីសាសនារបស់ខ្មែរយើងតាមវិធិសាស្រ្តផ្សេងៗដូចជាតាមផេកក្រសួង តាមព្រះសង្ឃ តាមចាស់ទុំតំណាលប្រាប់ជាដើម។ហេតុនេះធ្វើឱ្យពួកគាត់មិនអាចចោលវត្តបាន។ពួកគាត់ដឹងតាមបច្ចេកវិទ្យា គាត់ដឹងពីភាពល្អត្រឹមត្រូវរបស់សាសនា តែក៏មានបច្ចេកវិទ្យាមួយចំនួន មនុស្សបានប្រើខុស ហើយបានបង្ហោះតាមរយៈហ្វេសប៊ុក យូធូប ជារឿងអវិជ្ជមានរបស់សាសនា។ក្រុមមនុស្ស ដែលបង្ហោះរឿងរាវអាក្រក់ៗទាំងអស់នេះដើម្បីចង់បានលុយ ចង់បានភាពល្បីល្បាញ ចង់បាន ឡាច ចង់បានការចែកចាយនោះធ្វើឱ្យគេយល់ខុសរបស់សាសនា។ទាំងអស់នេះយើងត្រូវប្រុងប្រយ័ត្នពីព្រោះវាបង្កគ្រោះថ្នាក់ដល់សាសនារបស់យើង។

ដោយសារមើលឃើញចំណុចទាំងអស់នេះដែរអ្នកនាំពាក្យក្រសួងធម្មការ និងសាសនាបានថ្លែងដោយបញ្ជាក់ថា”អញ្ចឹងយើងត្រូវគិត និងពិចារណថាមនុស្សម្នាក់ៗមានតម្លៃតាមការនិយាយស្តី មានតម្លៃតាមរយៈទង្វើ និងតាមរយៈការសិក្សារៀនសូត្រ ដែលទាំងអស់នេះខ្មែរយើងលើកពាក្យឡើងថា សីលធម៌ក្នុងខ្លួននាំឱ្យចេះគិត សីលធម៌ក្នុងចិត្តជីវិតស្រស់ថ្លា សីលធម៌ស្រង់សត្វកាត់បង់តណ្ហា សីលធម៌ខ្លាំងក្លាធ្វើឱ្យសង្គមរុងរឿង”៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner