យុវជន និងពលរដ្ឋ កោតសរសើរ ព្រឹត្តិការណ៍ អង្គរសង្រ្កាន្តថាជាព្រឹត្តិការណ៍ដ៏ធំ និងគួរជាទីទាក់ទាញ
(សៀមរាប)៖ អង្គរសង្ក្រាន្តឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» ក្នុងគោលបំណងផ្ដល់ស្នាមញញឹមដល់ប្រជាជាតិខ្មែរ មកពីគ្រប់ទិសទី ក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។
អង្គរសង្ក្រាន្តនាឆ្នាំនេះដែរត្រូវបានគេចាត់ទុកថាជាការនាំយកកេរតំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរជាច្រើនទម្រង់ មករំលេចឡើងជាផ្ទាំងទស្សនីយភាពចម្រុះដ៏សម្បូរបែប នៅលើទឹកដីអង្គរ ។ជាមួយព្រឹត្តិការណ៍នេះពលរដ្ឋខ្មែរមកពីគ្រប់ទិសទី ក៏ដូចជា ភ្ញៀវទេសចរបរទេសបាននាំគ្នាសម្រុកមកកម្សាន្តនៅ ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យ នៃទឹកដីដ៏អច្ឆរិយៈប្រកបដោយផូរផង់របស់កម្ពុជាមួយនេះ។
មុនថ្ងៃនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្តមកដល់ និងក៏ដូចជាថ្ងៃទី១នៃព្រឹត្តិការណ៍នេះគេឃើញពលរដ្ឋកម្ពុជា ក៏ដូចជាភ្ញៀវបរទេសរាប់សិបនាក់នាំគ្នាសម្រុក ធ្វើដំណើរមកកម្សាន្តនៃទឹកដីខេត្តសៀមរាប។ក្នុងបរិរវេណប្រាសាទអង្គរវត្ត ក៏ដូចជាក្នុងក្រុងសៀមរាបមនុស្សរាប់ពាន់ ម៉ឺននាក់ នឹងបានមកចូលរួម កម្សាន្តសប្បាយក្នុងរយៈពេល៣ថ្ងៃពោលគឺចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ។
យុវជន រដ្ឋា រក្សា អ្នកសម្តែងសិល្បៈមួយរូបរបស់ យុវជន ស.ស.យ.ក បានប្រាប់ឱ្យដឹងថា៖ឆ្នាំនេះរូបគាត់សប្បាយរីករាយយ៉ាងខ្លាំងដែលបានមកចូលរួមសម្តែងសិល្បៈនៅក្នុងព្រឹត្តិការណ៍ អង្គរសង្រ្កាន្ត។ការមកសម្តែងលើកនេះដែររយៈពេល៥ ថ្ងៃចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៧ ទើប វិលត្រឡប់ទៅភ្នំពេញវិញ។
យុវជនរូបនេះបានប្រាប់ឱ្យដឹងបន្ថែមថា៖ព្រឹត្តិការណ៍អង្គរសង្រ្កាន្តពិតជាសប្បាយរីករាយ និងបានចាត់ទុកថាជាព្រឹត្តការណ៍ដ៏អស្ចារ្យក្នុងការសម្តែងសិល្បៈកម្សាន្តសប្បាយរីករាយក្នុងពិធីបុណ្យចូលឆ្នាំថ្មី។រូបលោកពិតជារីករាយពេលសម្តែងដែលមានទស្សនិកជនយ៉ាងច្រើនកុះករមកចោមរោមទស្សនា ពិសេសមានទាំងជនជាតិបរទេសក៏បានមកមើលយ៉ាងច្រើន ដែលជាទីមោទនភាពពេកណាស់។
ប្រាប់ដូចគ្នានេះដែរយុវជន ហេង គឹមស៊ុន ជាអ្នកដែលបានចូលរួមសម្តែងសិល្បៈអង្គរសង្រ្កាន្តនាឆ្នាំនេះដែរបានឱ្យដឹងថា៖រូបលោករំភើបរីករាយណាស់ នៅពេលដែល បានមកចូលរួមសម្តែងសិល្បៈនាឆ្នាំនេះ ។ ក្នុងថ្ងៃទី១និងព្រឹកថ្ងៃទី២នេះមាន មនុស្សកុះករទស្សនាអង្គរសង្រ្កាន្ត ដែលធ្វើឱ្យរូបលោកជាអ្នកសិល្បៈក៏សប្បាយរីករាយ និងរំភើបទៅជាមួយផងដែរ។
កញ្ញា លី សៀកជូ ដែលមកពីរាជធានីភ្នំពេញបានមកទស្សនានៅអង្គរសង្រ្កាន្តបានប្រាប់ឱ្យដឹងថានៅពេលមកដល់ទឹកដីខេត្តសៀមរាបពិសេសមកដល់បរិវេណ អង្គរវត្ត អ្វីដែលកញ្ញាបានចាប់អារម្មណ៍នោះគឺការរៀបចំ តុបតែង ប្រកបដោយសោភ័ណភាព និងកន្លែងកម្សាន្តទាំងនៅតំបន់អង្គរ និងក្រុងសៀមរាបពិតជាស្រស់ស្អាតគួរឱ្យកោតសរសើរ។
យុវសិស្សមកពីរាជធានីភ្នំពេញរូបនេះបានឱ្យដឹងដែរថា៖ទិដ្ឋភាពការសម្តែងសិល្បៈ ការសម្តែងក្រុមយុទ្ធគុនចម្រុះ ខ្មែរបុរាណខ្មែរ ការតាំងពិព័រណ៍ទំនិញ…ជាព្រឹត្តិការណ៍អស្ចារ្យធ្វើឱ្យទស្សនាមិនចេះនឿយហត់ និងរួមទាំងតំបន់ទេសចរណ៍ច្រើនរាប់មិនអស់ ធ្វើឱ្យទឹកដីសៀមរាបជាទីកម្សាន្តមិនចេះរីងស្ងួតនៃទឹកដីអច្ឆរិយៈមួយនេះរបស់មនុស្សគ្រប់រូប។
គួរបញ្ជាក់ថា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ បានគូសបញ្ជាក់នាកន្លងមកឱ្យដឹងថា ព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ មានលក្ខណៈពិសេសជាងឆ្នាំមុនៗ ដែលបង្ហាញ ពីការជួបជុំគ្រួសារខ្មែរ ក្នុងសម្លៀកបំពាក់ប្រពៃណី នៅមុខប្រាសាទអង្គរវត្ត ។
ជាមួយគ្នានេះរដ្ឋបាលខេត្តសៀមរាបវិញបានឱ្យដឹងពីព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ បានរៀបចំឡើងនៅលើទីតាំងចំនួន ៦ ដោយមានកម្មវិធីចំនួ ៣៨ កម្មវិធី ដែលសុទ្ធសឹងជាកម្មវិធីដែលផ្ដល់ជូននូវភាពសប្បាយរីករាយដល់មហាគ្រួសារខ្មែរ ពិសេសយុវជន បានចូលរួមឈ្វេងយល់ពីមរតកវប្បធម៌ខ្មែរជាច្រើនទម្រង់ដែលត្រូវបានលើកយកមករំលេចនៅក្នុងកម្មវិធីនីមួយៗ ក្នុងគោលដៅបំផុសស្មារតីស្រលាញ់ និងលើកស្ទួយវប្បធម៌ជាតិ។
ដោយឡែកអាជ្ញាធរជាតិអប្សរា បានសំណូមពរដល់ភ្ញៀវទេសចរគ្រប់រូប ចូលរួមរក្សាអនាម័យក្នុងរមណីយដ្ឋានអង្គរ កុំពិសាគ្រឿងស្រវឹង ឬអាហារផ្សេងៗនៅក្នុងបរិវេណប្រាសាទបុរាណ។ ការធ្វើដំណើរកម្សាន្តក្នុងតំបន់រមណីយដ្ឋានអង្គរ ត្រូវមានការយោគយល់អធ្យាស្រ័យគ្នា កុំបើកបរយានយន្តបញ្ច្រាសទិស និងចតនៅចំណតរក្សាសណ្តាប់រៀបរយ។ គោរពតាមក្រមប្រតិបត្តិអង្គរ ស្លៀកពាក់ឱ្យបានសមរម្យ ចៀសវាងការស្លៀកពាក់មិនសមរម្យ ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃប្រពៃណី និងវប្បធម៌របស់ជាតិខ្មែរ៕












ដោយ ៖ ម៉ាដេប៉ូ