អង្គរសង្រ្កាន្តបង្ហាញវប្បធម៌ដ៏សម្បូរបែបរបស់ខ្មែរ និងផ្តល់ការកម្សាន្ត យ៉ាងសប្បាយរីករាយមិនអាចបំភ្លេចបានពីសំណាក់អ្នកទេសចរ
(សៀមរាប)៖ អង្គរសង្ក្រាន្តឆ្នាំនេះគឺមានរយៈពេល ៣ ថ្ងៃពោលគឺចាប់ពីថ្ងៃទី ១៤-១៥ និង១៦ ខែមេសា ឆ្នាំ២០២៥ ដែលរៀបចំឡើងក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» ក្នុងគោលបំណងផ្ដល់ស្នាមញញឹមដល់ប្រជាជាតិខ្មែរ និង ពិសេសភ្ញៀវទេសចរទាំងជាតិ បរទេស មកពីគ្រប់ទិសទី ក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ ត្រូវបានពលរដ្ឋ អ្នក ទេសចរ ទាំងក្នុងប្រទេស និង រួមទាំងបរទេសជាច្រើនម៉ឺននាក់បានចូលរួមយ៉ាងសប្បាយរីករាយ ដែលក្នុងនេះ បានបង្ហាញកេរ្តិ៍តំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរជាច្រើនទម្រង់ មកបង្ហាញរំលេចជាផ្ទាំងទស្សនីយភាពចម្រុះដ៏សម្បូរបែប នៅលើទឹកដីអង្គរវត្ត នៃ ខេត្ត សៀមរាប។

ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះដែរត្រូវបានគេឃើញមានការសម្តែង ការតាំងបង្ហាញច្រើនបែបសម្រាប់ភ្ញៀវទេសចរចូលទស្សនាមិនចេះនឿយណាយ និងប្រកបដោយក្តីសប្បាយរីករាយនោះមានច្រើនយ៉ាងណាស់ដូចជា៖ការបង្ហាញពីទម្រង់សិល្បៈ ការសម្តែងយុទ្ធគុនចម្រុះ ខ្មែរបុរាណ ,រាំងលេងកម្សាន្តចង្វាក់ប្រពៃណី, ការទាញព្រ័ត្រយក្ស,ពិធីប្រកួតអុកចត្រង្គ,ការសម្តែងល្ខោនក្បាច់បុរាណ ដកស្រង់ចេញពី “រឿងកូរសមុទ្រទឹកដោះ, ពិធីសមាធិនៅប្រាសាទអង្គរវត្ត,ការប្រណាំងរទេះគោ និងក្របី, ប្រជាពលរដ្ឋចូលរួមលេងល្បែងប្រជាប្រិយខ្មែរ ,ពិធីទៅវត្ត និងវាយលុកចេតីយ, ការប្រគំតន្ត្រីសួស្ដីឆ្នាំថ្មី,កម្មវិធីថតរូបសែលហ្វី ជាដើម។

ក្រៅពីនេះក៏មានទីកម្សាន្តសប្បាយៗជាច្រើនទៀតផងដែរក្នុងនេះដូចជា៖ទីកន្លែងលេងទឹក និងល្បែងកម្សាន្តផ្សេងៗដែលទាក់ទងនឹងទឹក ដូចជាបវរកញ្ញាធ្លាក់ទឹក សង្វៀនលើទឹក និងតង់សាប៊ូជាដើម,កម្មវិធីភូមិរចនាត្រូវបានរៀបចំឡើង ដើម្បីបង្ហាញពីទេពកោសល្យ ស្នាដៃរបស់វិចិត្រករ និងសិប្បករខ្មែរ ,ការដង្ហែក្បួនទូកដែលមានទូកសរុបចំនួន ១២៨គ្រឿង ក្នុងនោះមានទូកហង្សចំនួន ៨គ្រឿង ទូកនេសាទមានចំនួន ១០៥គ្រឿង និងទូកផ្សារលើទឹកចំនួន ១៥គ្រឿង ដោយបែងចែកជា៣៥ខ្សែ បានចូលរួមនៅក្នុងក្បួនដង្ហែនេះនៅវេលាម៉ោង ៤:០០រសៀល នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ ជាដើម។

ទាក់ទិនក្នុងរឿងនេះអ្នកស្រី ជុំ មករា ពលរដ្ឋដែលបានមកចូលរួមកម្សាន្តអង្គរសង្រ្កាន្តនេះបានឱ្យដឹងថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្តនាឆ្នាំនេះពិតជាអស្ចារ្យ ដែលបានបន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗក្នុងទឹកដីអង្គរដ៏អច្ឆរិយៈរបស់ខ្មែរ។មិនថាអ្នកនាងឬពលរដ្ឋដទៃទេ នៅពេលបានធ្វើដំណើរមកចូលរួមព្រឹត្តិការណ៍នេះគឺទទួលបានក្តីសប្បាយរីករាយ និង រំភើបជាពន់ពេកណាស់។

បញ្ជាក់ដូចគ្នានេះដែរ កញ្ញា សុខណា ដែលកំពុងលេងទឹកនៅទីក្រុងសៀមរាបបានប្រាប់ឱ្យដឹងថាព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ពេលដែលកញ្ញានឹងក្រុមគ្រួសារបានដើរកម្សាន្តគឺសប្បាយរីករាយ ជាមួយព្រឹត្តិការណ៍ប្លែកចម្រុះ និងប្រកបដោយភាពស្រស់ស្អាតគ្រប់ទីកន្លែងសឹងទាំងអស់។

កញ្ញាសុខណាបានប្រាប់ឱ្យដឹងដែរថាការដើរកម្សាន្តទាំងនៅបរិវេណអង្គរ និងតំបន់ដទៃទៀតគឺសម្បូរទៅដោយទីកម្សាន្តមិនចេះនឿយហត់។ក្រៅពីដើរកម្សាន្តសប្បាយកញ្ញាក៏បានចូលរួមលេងល្បែងបាញ់ទឹកក៏រីករាយជាមួយក្រុមអ្នកទេសចរទាំងក្នុងប្រទេស និង ក្រៅប្រទេស ធ្វើឱ្យកញ្ញាមិនអាចបំភ្លេចបានសោះឡើយនូវព្រឹត្តិការណ៍ដែលជាអនុស្សាវរីយ៍ល្អៗទាំងនេះ។
ជាមួយគ្នានេះ យុវតី លឹម សុជាតា មកពីរាជធានីភ្នំពេញបានប្រាប់ឱ្យដឹងដែរថាទោះមកទឹកដីអង្គរលើកដំបូង និងការដែលបានមកលេងអង្គរសង្រ្កាន្តឃើញថាប្លែកភ្នែក និងទទួលបានការសប្បាយរីករាយជាមួយវប្បធម៌ សិល្បៈរបស់ខ្មែរ។ការសម្តែង និងការតាំងបង្ហាញនៅតាមកន្លែងនីមួយប្រកបដោយភាពទាក់ទាញ ហើយនិងបានបង្កប់ទៅដោយអត្ថន័យជ្រាលជ្រៅនៃវប្បធម៌ប្រពៃណីរបស់ខ្មែរយើង។

សូមរំលឹកថាបើតាមរដ្ឋបាលខេត្តសៀមរាបបានឱ្យដឹងពីការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ គឺបានចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ដោយក្នុងនេះបានរៀបចំឡើងនៅលើទីតាំងចំនួន ៦ ដោយមានកម្មវិធីចំនួ ៣៨ កម្មវិធី ដែលសុទ្ធសឹងជាកម្មវិធីដែលផ្ដល់ជូននូវភាពសប្បាយរីករាយដល់មហាគ្រួសារខ្មែរ ពិសេសយុវជន បានចូលរួមឈ្វេងយល់ពីមរតកវប្បធម៌ខ្មែរជាច្រើនទម្រង់ដែលត្រូវបានលើកយកមករំលេចនៅក្នុងកម្មវិធីនីមួយៗ ក្នុងគោលដៅបំផុសស្មារតីស្រលាញ់ និងលើកស្ទួយវប្បធម៌ជាតិ៕
ដោយ ៖ ម៉ាដេប៉ូ


