ភ្ញៀវទេសចរជាង ១៦ម៉ឺននាក់មកសម្រាកលម្ហែកម្សាន្តខេត្តកែប ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
(កែប)៖ ភ្ញៀវទេសចរជាង ១៦ម៉ឺននាក់ បានសម្រាកលម្ហែកម្សាន្តនៅខេត្តកែប ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ នេះបើតាមការឱ្យដឹងពី លោក ប៉ុក ទាំង ប្រធានស្តីទី នៃមន្ទីរទេសចរណ៍ខេត្តកែប នាល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥នេះ។
យោងរបាយការណ៍ដដែលបានបញ្ជាក់ថា គិតពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ភ្ញៀវទេសចរ ចំនួន ១៦១,១៦៨ នាក់ បានមកសម្រាកលម្ហែ កម្សាន្តនៅខេត្តកែប ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចំនួននេះ កើនឡើង០,៨៦% បើធៀបកាលពីឆ្នាំ២០២៤ ក្នុងនោះភ្ញៀវទេសចរបរទេសមានចំនួន ៧៦៣នាក់។
ដោយឡែកសភាពការណ៍ពាក់ព័ន្ធទេសចរណ៍ មិនមានបាតុភាពណាមួយកើតឡើងបង្កឱ្យប៉ះពាល់ដល់ភ្ញៀវទេសចរនោះទេ។
យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលខេត្តកែប រយ:ពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំនេះ ក្នុងកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព នៅខេត្តកែប សភាពការណ៍ទូទៅ មានលក្ខណៈល្អប្រសើរ មិនមានបញ្ហាអ្វីកើតឡើងគួរឱ្យកត់សំគាល់ឡើយ។ ទោះជាមានបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរចូលមកលេងកម្សាន្តច្រើន ក៏ដោយ តែយើងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ ដោយរលូន ៕
ដោយ ៖ សិលា សារិន






