ខេត្តព្រះវិហារ ទទួលបានភ្ញៀវទេសចរចំនួន ១២.៣៨៣០នាក់ ក្នុងរយៈ ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំ
(ខេត្តព្រះវិហារ)៖ រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ពស័ក ព.ស២៥៦៩ គ.ស២០២៥ ខេត្តព្រះវិហារ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅកម្សាន្តតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានា និងប្រជាពលរដ្ឋលេងកម្សាន្តតាមសង្ក្រាន មានចំនួន ១២.៣៨៣០នាក់។
ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ លោក គង់ វិបុល បានថ្លែងថា ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយះពេល៣ថ្ងៃ ពោលចាប់ថ្ងៃទី១៤.១៥.១៦ ខែមេសា នេះ ភ្ញៀវទេសចរបានចូលទស្សនា តាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានាក្នុងខេត្ត រួមទាំងបងប្អូនប្រជាពលរដ្ឋមកកម្សាន្តសប្បាយតាមទីតាំងសង្ក្រាននានា មានចំនួនសរុប១២.៣៨៣០នាក់។
លោកថា៖ក្នុងចំណោមភ្ញៀវទេសចរណ៍ទាំង១២.៣៨៣០នាក់ ក្នុងនោះមានភ្ញៀវទេសចរជាតិចំនួន២០៨៤២នាក់ ភ្ញៀវទេសចរបរទេសចំនួន ១២៣នាក់ និងបងប្អូនប្រជាពលរដ្ឋចូលរួមលេងសង្រ្កាន្តនានាសរុបចំនួន១០.២៨៦៥នាក់។
លោក គង់ វិបុល ក៏បានថ្លែងទៀតថា៖សម្រាប់ទីតាំងរមណីយដ្ឋាន និងគោលដៅទេសចណ៍នានា ដែលភ្ញៀវទេសចរតែងមកលេងកម្សាន្តមានដូចជា៖ប្រាសាទព្រះវិហារ ស្ថិតក្នុងស្រុកជាំក្សាន្ត ប្រាសាទកោះកេរ ស្ថិតក្នុងស្រុកគូលែន ភ្នំត្បែងមានជ័យដែនដីពិសិដ្ឋ ស្ថិតក្នុងស្រុកត្បែងមានជ័យ ទឹកធ្លាក់ព្រះនិម្មិត ស្ថិតក្នុងស្រុកឆែប ជាប់ព្រំដែនឡាវ។លោកថាកត្តាសំខាន់ដែលឆ្នាំនេះខេត្តព្រះវិហារ ទទួលបានភ្ញៀវទេសចរច្រើនដោយសារអាជ្ញាធរខេត្តព្រះវិហារ បានរៀបចំសង្ក្រានអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី មានលក្ខណៈស្អាតប្លែក ធំជាងឆ្នាំមុន ពិសេសមានកម្មវិធីសប្បាយៗជាច្រើនទៀតផង៕
សួន លីណា







