ព្រះករុណា ព្រះមហាក្សត្រ ស្តេចយាងទទួលដំណើរអញ្ជើញដល់របស់ប្រធានាធិបតីចិន ក្នុងការបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៧ មេសា ២០២៥ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យស្តេចយាង ទទួលដំណើរអញ្ជើញដល់របស់ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងការបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ចាប់ពីថ្ងៃទី១៧ ដល់ ១៨ ខែមេសា ឆ្នាំ២០២៥ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ដោយមានការអមដំណើរដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាផងដែរ។
បើតាមក្រសួងការបរទេស បានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ លោក ស៊ី ជីនពីង នឹងចូលគាល់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ នៅព្រះបរមរាជវាំង។
ជាមួយគ្នានេះ លោកប្រធានាធិបតីចិន ក៏នឹងជួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្តីពីការពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគី និងផ្លាស់ប្តូរយោបល់ អំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការចាប់អារម្មណ៍ដូចគ្នា។ ក្រសួងការបរទេសកម្ពុជា ចាត់ទុកថា ជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលនឹងធ្វើឱ្យកាន់តែរឹងមាំថែមទៀត នូវចំណងមិត្តភាពជាប្រពៃណីដែលត្រូវបានកសាងឡើងដោយថ្នាក់ដឹកនាំជាបន្តបន្ទាប់នៃប្រទេស ទាំងពីរ។ ទស្សនកិច្ចនេះ ក៏នឹងបង្កើនសារៈសំខាន់បន្ថែមទៀតដល់ចំណងមិត្តភាពដែកថែប និងភាព ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រជាជាតិទាំងពីរ។
ដោយឡែក សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃម្សិលមិញ បានថ្លែងសុន្ទរកថាស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីចិន មកកាន់កម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកថា ទស្សនកិច្ចរបស់លោកប្រធានាធិបតីចិននេះ ស្តែងឱ្យឃើញនូវសារសំខាន់ និងភាពរឹងមាំនៃទំនាក់ទំនងកម្ពុជា-ចិន។ មិត្តភាពកម្ពុជា-ចិន ជាមិត្តភាពប្រវត្តិសាស្ត្រ និងយូរអង្វែង ប្រទេសទាំងពីរ បានពង្រឹង និងពង្រីកឥតឈប់ឈរនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក្នុងអំឡុងពេល ៦៧ឆ្នាំចុងក្រោយនេះ ដែលចាប់ផ្តើមនៅជំនាន់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ បន្តដល់ជំនាន់សម្តេចតេជោ ហ៊ុន សែន និងដល់រាជរដ្ឋាភិបាលបច្ចុប្បន្ន ទំនាក់ទំនងកម្ពុជា-ចិន ឈានដល់ចំណុចខ្ពស់បំផុត ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប។
សម្តេចបន្ថែមថា “ប្រទេសយើងទាំងពីរ កំពុងរួមគ្នាបង្កើតសមិទ្ធផលថ្មីៗ ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងកសាងសហគមន៍វាសនារួម ដើម្បីផលប្រយោជន៍រួម ដោយឈរលើគោលការណ៍គោរពអធិបតេយ្យភាព ស្មើភាព ស្មើសិទ្ធិ មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង។ ចំពោះកម្ពុជា មិត្តចិនដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ វិនិយោគ និងទេសចរណ៍។ ភាពជាដៃគូកម្ពុជា ចិន ក៏ជួយពង្រឹងឯករាជ្យភាព សមត្ថភាពការពារជាតិ និងកិត្យានុភាពរបស់កម្ពុជា នៅលើឆាកអន្តរជាតិ” ។
ជីវប្រវត្តិ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ។ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ភេទប្រុស ជនជាតិហាន (Han) កើតនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៥៣ មានស្រុកកំណើតហ្វូពីង (Fuping) ខេត្តស្រានស៊ី (Shaanxi) ប្រទេសចិន។
ឯកឧត្តមបានចាប់ផ្តើមធ្វើការនៅខែមករា ឆ្នាំ១៩៦៩ ហើយបានចូលជាសមាជិកនៃបក្សកុម្មុយនីស្តចិននៅខែមករា ឆ្នាំ១៩៧៤។ ឯកឧត្តមបានបញ្ចប់ការសិក្សាពីវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម នៃសាកលវិទ្យាល័យ Tsinghua ទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិតផ្នែកច្បាប់។
បច្ចុប្បន្ន ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) កាន់តំណែងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន ៕









ដោយ ៖ វណ្ណលុក