លោក Putin សរសើរលោក Musk ប្រៀបដូចវីរបុរសអវកាសសូវៀត

មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានសរសើរស្ថាបនិក Tesla និង SpaceX លោក Elon Musk នៅចំពោះមុខនិសិ្សតឯកទេសខាងវិទ្យាសាស្ត្រ និងវិស្វកម្មថា គាត់គឺជាអ្នកត្រួសត្រាយទីអវកាស ប្រៀបបាននឹងវិស្វកររ៉ុក្កែត ដូចតួអង្គក្នុងរឿងព្រេងនិទានសូវៀត គឺលោក Sergei Korolev។

ការអត្ថាធិប្បាយរបស់មេដឹកនាំរុស្ស៊ីរូបនេះ ធ្វើឡើងចំពេលដែលរុស្ស៊ី និងអាមេរិក បានពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធក្រោមការគ្រប់គ្រងរបស់លោកប្រធានាធិបតី Donald Trump ដែលក្នុងនោះ លោក Musk គឺជាឥស្សរជនសំខាន់។

លោក Korolev ត្រូវបានរុស្ស៊ីចាត់ទុកថា ជាបិតានៃកម្មវិធីអវកាសសូវៀត ដោយបានបង្កើតផ្កាយរណបដំបូងឈ្មោះ Sputnik និង Vostok 1 ដែលបានដឹកអវកាសយានិកដំបូងឈ្មោះ Yuri Gagarin ទៅកាន់គន្លងតារាវិថីក្នុងឆ្នាំ ១៩៦១។

លោក Musk ដែលជាមហាសេដ្ឋីលំដាប់ពិភពលោក និងជាទីប្រឹក្សាដ៏មានឥទ្ធិពលបំផុតរបស់លោក Trump ធ្លាប់ជាអ្នករិះគន់អ៊ុយក្រែនជាញឹកញាប់ ដែលបច្ចុប្បន្នកំពុងប្រយុទ្ធនឹងការវាយលុករបស់រុស្ស៊ីរយៈពេលជាងបីឆ្នាំ។

មហាសេដ្ឋីរូបនេះបានចោទប្រកាន់មេដឹកនាំអ៊ុយក្រែន លោក Volodymyr Zelensky កាលពីខែមុនថា ចង់បាន “សង្រ្គាមយូរអង្វែង” ចំណែកកាលពីខែកុម្ភៈ បាននិយាយទៀតថា អ៊ុយក្រែនបានជ្រុលខ្លួនកាន់តែជ្រៅទៅក្នុងជម្លោះជាមួយរុស្ស៊ី៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner