ពលរដ្ឋជាង ១២ ០០០នាក់ បានធ្វើដំណើរទៅមកក្នុងរដូវបុណ្យចូលឆ្នាំថ្មី តាមរថយន្តក្រុងរដ្ឋដោយមិនបង់ប្រាក់ភ្នំពេញ-បាត់ដំបង
(ខេត្តបាត់ដំបង)៖ យ៉ាងហោចណាស់មានបងប្អូនប្រជាពលរដ្ឋជាង ១២ ០០០នាក់ បានធ្វើដំណើរទៅមកក្នុងរដូវបុណ្យចូលឆ្នាំថ្មីតាមរថយន្តក្រុងរដ្ឋដោយជិះ
មិនបង់ប្រាក់ទៅមក(ពីភ្នំពេញមកបាត់ដំបង-ពីបាត់ដំបង ត្រឡប់ទៅភ្នំពេញ វិញ។
នេះបើតាមការគូសបញ្ជាក់ របស់ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងវត្តមានអមដំណើររបស់ លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង និងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួន នៅក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជូនដំណើរប្រជាពលរដ្ឋដែលជិះរថយន្តក្រុងរដ្ឋ ដោយមិនបង់ប្រាក់ ខណៈវិលត្រឡប់ទៅកាន់រាជធានីភ្នំពេញវិញដើម្បីបន្តកិច្ចការនិងប្រកបមុខរបរការងាររបស់ខ្លួនក្រោយពីបានឈប់សម្រាកធ្វើដំណើរមកលេងស្រុកកំណើត នៅខេត្តបាត់ដំបង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥នេះ។
ក្នុងឱកាសអញ្ជើញសំណេះសំណាល និងជូនដំណើរប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ដែលស្ថិតទីតាំងចំណតរថយន្តផ្សារទំនើប ភួ ពុយខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានគោរពថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល ចាប់តាំងពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងបន្តមកដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ សុខសុវត្ថិភាពការធ្វើដំណើរ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមអភិបាលខេត្តបាត់ដំបង បានគូសបញ្ជាក់ថា៖ ចាប់តាំងពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា មានអ្នកដំណើរប្រមាណជាង១២ ០០០នាក់ បានធ្វើដំណើរតាមរថយន្តក្រុងរដ្ឋដោយមិនបង់ប្រាក់ទាំងទៅទាំងមកភ្នំពេញ-បាត់ដំបង-ភ្នំពេញ។
ព្រមជាមួយគ្នានេះ បងប្អូនប្រជាពលរដ្ឋដែលបានធ្វើដំណើរទៅមកលើផ្លូវជាតិលេខ៥ ពីភ្នំពេញ-បាត់ដំបងនិងបាត់ដំបង-ភ្នំពេញ និងក្រោយពីបានមកលេងស្រុកកំណើត និងជួបជុំក្រុមគ្រួសារហើយត្រូវវិលត្រឡប់ទៅភ្នំពេញវិញ បានបង្ហាញអារម្មណ៍សប្បាយរីករាយក្រៃលែងនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់រថយន្តក្រុងឱ្យធ្វើដំណើរទៅមកដោយមិនបង់ប្រាក់ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ បងប្អូនទាំងនោះ ថែមទាំងសំណូមពរដល់រាជរដ្ឋាភិបាលឲ្យបន្តផ្តល់ការគិតគូរជួយសម្រាលដល់ការលំបាក របស់ បងប្អូនប្រជាពលរដ្ឋបែបនេះទៅឆ្នាំក្រោយៗទៀត។
សូមបញ្ជាក់ថា៖ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់រថយន្តក្រុងចំនួន ៧៥គ្រឿង សម្រាប់ដឹកជញ្ជូនបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋ ទៅមកភ្នំពេញ-បាត់ដំបង និងពី បាត់ដំបង-ភ្នំពេញ ដែលមានរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ខែមេសា ដល់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ដោយធ្វើដំណើរមិនបង់ប្រាក់ និងដើម្បីជួយសម្រួល ដល់ការចំណា
យសោហ៊ុយធ្វើដំណើរទាំងទៅទាំងមកជូនបងប្អូនកម្មករ កម្មការិនី និយោជិត សិស្ស និស្សិត និងបងប្អូនប្រជាពលរដ្ឋទូទៅ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើតដើម្បីជួបជុំបងប្អូននិងក្រុមគ្រួសាររបស់ពួកគេ ៕





(អត្ថបទ-រូបភាព÷ អ៊ុក សំអាន បប.)