ខេត្តស្ទឹងត្រែង ទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋមកលេងកម្សាន្តសប្បាយជាង ២៦ម៉ឺននាក់

អត្ថបទដោយ៖
ឈឹម សុផល

(ខេត្តស្ទឹងត្រែង)៖ ស្ទឹងត្រែងសង្ក្រាន្ត នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ពស័ក ព.ស ២៥៦៩ គ.ស ២០២៥ រយៈពេល ៣ថ្ងៃ (១៤-១៦មេសា២០២៥) ដែលទើបនឹងកន្លងផុតទៅនេះ ខេត្តស្ទឹងត្រែង ទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋមកលេងកម្សាន្តសប្បាយ ក្នុងព្រឹត្តិការណ៍សង្ក្រាន្ត និងគោលដៅទេសចរណ៍នានាក្នុងខេត្ត មានចំនួនជាង ២៦ម៉ឺននាក់។

យោងរបាយការណ៍របស់ មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានបង្ហាញឱ្យដឹងថា នៅក្នុងព្រឹត្តិការណ៍ស្ទឹងត្រែងសង្ក្រាន្ត ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦មេសា២០២៥ ខេត្តស្ទឹងត្រែង ទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន មកពីគ្រប់ទិសទីក្នុងខេត្ត ដែលបានធ្វើដំណើរមកលេងកម្សាន្តសប្បាយ ក្នុងព្រឹត្តិការណ៍ ”ស្ទឹងត្រែងសង្ក្រាន្ត” និងគោលដៅទេសចរនានាក្នុងខេត្ត មានចំនួនសរុប ២៦ម៉ឺន ១ពាន់ ៧៤៥នាក់ ។

ក្នុងរបាយការណ៍ដដែល បានសរសេរបង្ហាញអំពីការកើនឡើង នៃអ្នកទេសចរក្នុងចំនួន ១៥ម៉ឺន ២ពាន់ ១៥៣នាក់ ស្មើនឹង ១៣៩ភាគរយ ដោយមានភ្ញៀវទេសចរជាតិ ២៦ម៉ឺន ១ពាន់ ៦៣៩នាក់ មានការកើនឡើង ១៥ម៉ឺន ២ពាន់ ០៨៩នាក់ ស្មើនឹង ១៣៩ភាគរយ ,ភ្ញៀវទេសចរអន្តរជាតិ ១០៦នាក់ កើនឡើង ៦៤នាក់ ស្មើនឹង ១៥២ភាគរយ ។

នាយករង និងជាមន្ត្រីនាំពាក្យរដ្ឋបាលខេត្តស្ទឹងត្រែង លោក ម៉ែន គង់ បានថ្លែងឱ្យដឹងនៅថ្ងៃទី១៧មេសានេះថា ក្រោមការដឹកនាំរបស់ អភិបាលខេត្ត និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍ស្ទឹងត្រែងសង្ក្រាន្តឆ្នាំ២០២៥ លោក សរ សុពុត្រា នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល ៣ថ្ងៃមកនេះ លោកបានធ្វើការកត់សម្គាល់ និងវាយតម្លៃខ្ពស់ និងបានកោតសរសើរដល់គ្រប់អនុគណៈកម្មការទាំងអស់ ជាពិសេសអំពីបញ្ហាការរក្សាសន្តិសុខ គឺមានការចូលរួមពីកម្លាំងសមត្ថកិច្ចទាំង ៣ប្រភេទ នៅក្នុងកិច្ចប្រតិបត្តិការរួម ព្រមទាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុកទាំង៦ បានចូលរួមយ៉ាងសកម្មលើកិច្ចការងារទាំងអស់នេះ ។

មន្ត្រីនាំពាក្យរដ្ឋបាលខេត្តស្ទឹងត្រែង លោក ម៉ែន គង់ បានឱ្យដឹងទៀតថា លោកអភិបាលខេត្ត ក៏បានវាយតម្លៃខ្ពស់ ចំពោះអាជ្ញាធរមូលដ្ឋានថ្នាក់ឃុំ-សង្កាត់ទាំង៣៤ ដែលបានដាក់កម្លាំងប្រជាការពារចូលរួមចំណែក ដើម្បីការពារនៅតាមតំបន់រមណីដ្ឋានផ្សេងៗ រក្សាសន្តិសុខ សុវត្ថិភាព ជូនអ្នកទេសចរនៅក្នុងមូលដ្ឋាន បានយ៉ាងល្អប្រសើរ។ លោកបន្តថា លោកអភិបាលខេត្ត សរ សុពុត្រា បានវាយតម្លៃ និងសន្និដ្ឋានបានថា នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល ៣ថ្ងៃ សម្រាប់ឆ្នាំ២០២៥នេះ ស្ថានភាពមានភាពល្អប្រសើរជាងឆ្នាំកន្លងមក ដោយពុំមានអំពើ (ចោរកម្ម និងក្មេងទំនើង) បង្កចលាចលនៅតាមមូលដ្ឋាននោះទេ។ តែក្នុងព្រឹត្តិការណ៍សង្ក្រាន្ត មានករណីក្មេងវង្វេងឪពុកម្តាយ និងបាត់ទូរស័ព្ទដៃ ខណៈនោះក្រុមយុវជនស្ម័គ្រចិត្តទាំងអស់ បានចូលរួមចំណែកធ្វើការ និងដោះស្រាយលើបញ្ហាទាំងនេះ បានទាន់ពេលវេលា ។

មន្ត្រីនាំពាក្យរដ្ឋបាលខេត្តស្ទឹងត្រែង លោក ម៉ែន គង់ បានបញ្ជាក់ថា នៅក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីនេះ ករណីគ្រោះថ្នាក់ចរាចរណ៍ មានការកើតឡើងតិចតួចបំផុត ក្នុងនោះ មាន១ករណីដែលបណ្តាលឱ្យគ្រោះថ្នាក់ធ្ងន់ រងរបួសធ្ងន់ធ្ងរ ១នាក់ និងរងរបួសស្រាល ២នាក់ តែត្រូវបានដោះស្រាយរួចរាល់ហើយដែរ៕

ដោយ ៖ ឡុង សំបូរ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner