រាជធានីភ្នំពេញ មានភ្ញៀវទេសចរជាតិនិងអន្តរជាតិប្រមាណជិត ៣លាននាក់បាននាំគ្នាមកលេងកម្សាន្ត “សង្ក្រាន្តវត្តភ្នំ”

(ភ្នំពេញ)៖ រយៈពេល៣ថ្ងៃមានប្រជាពលរដ្ឋរួមជាមួយភ្ញៀវទេសចរជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករប្រមាណជិត៣លាននាក់បាននាំគ្នាមកលេងកម្សាន្ត យ៉ាងសប្បាយរីករាយ នៅតំបន់ត្រជាក់ចិត្ត “សង្ក្រាន្តវត្តភ្នំ” ២០២៥នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំក្រោមម្លប់សុខសន្តិភាពដោយមានការការពារសន្តិសុខ និងសណ្ដាប់ធ្នាប់របស់រដ្ឋបាលរាជធានីភ្នំពេញបានយ៉ាងល្អប្រសើរ ។

បើយោងតាមការឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាលនិងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញនាយប់ថ្ងៃទី១៦មេសា២០២៥នេះថា៖នៅថ្ងៃទី៣ជាថ្ងៃវារៈឡើងស័ក នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ត្រូវនឹងថ្ងៃ ទី ១៦ខែមេសា ឆ្នាំ ២០២៥មានប្រជាពលរដ្ឋភ្ញៀវទេសចរជាតិនិងអន្តរជាតិចំនួន១លាន៥សែននាក់បាននាំគ្នាមកលេងកំសាន្តនៅតំបន់ត្រជាក់ចិត្ត«សង្ក្រានវត្តភ្នំ២០២៥»និងនៅតំបន់ផ្លូវថ្មើរជើង (Walk Street) មាត់ទន្លេក្រោមកិច្ចការពារសន្តិសុខ និងសណ្ដាប់ធ្នាប់របៀបរាបរយបានយ៉ាងល្អពីសំណាក់សមត្ថកិច្ចនិងអាជ្ញាធររាជធានីភ្នំពេញ។

លោកស្រីបន្តថា៖កាលពីថ្ងៃទី២ វារៈវ័នបតនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំត្រូវថ្ងៃ ទី ១៥ ខែមេសា ឆ្នាំ ២០២៥មានប្រជាពលរដ្ឋភ្ញៀវទេសចរជាតិនិងបរទេសចំនួន៨០ម៉ឺននាំគ្នាមកលេងកំសាន្តនៅតំបន់ត្រជាក់ចិត្ត«សង្ក្រានវត្តភ្នំ២០២៥»និងនៅតំបន់ផ្លូវថ្មើរជើង (Walk Street) មាត់ទន្លេ។

នៅថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមានប្រជាពលរដ្ឋនិងភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករសម្រុកមកលេងកំសាន្តសប្បាយនៅតំបន់ត្រជាក់ចិត្ត«សង្ក្រានវត្តភ្នំ២០២៥»និងនៅតំបន់ផ្លូវថ្មើរជើង (Walk Street) មាត់ទន្លេមានប្រមាណ ៤៨ម៉ឺននាក់ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ។

លោកស្រីដោ សម្ផស្ស បានបន្តថា៖ប្រជាពលរដ្ឋភ្ញៀវទេសចរជាតិនិងអន្តរជាតិមកលេងកំសាន្តនៅតំបន់ត្រជាក់ចិត្តសង្ក្រានវត្តភ្នំ២០២៥មានការកើនឡើងរាល់ថ្ងៃដោយកាលពីថ្ងៃទី១តែចំនួន៤៨ម៉ឺននាក់ទេហើយថ្ងៃទី២កើនដល់ចំនួន ៨០ម៉ឺននាក់និងនៅថ្ងៃទី៣ កើនដល់ចំនួន ១លាន៥សែននាក់ហើយនេះមិនបានរាប់បញ្ជូនសង្ក្រានតាមសាលាខណ្ឌទាំង ១៤ និងនៅតាមវត្តអារាមនិងតំបន់ទេសចរផ្សេងទៀតនោះទេ។

ក្នុងរយៈពេលបុណ្យចូលឆ្នាំខ្មែរ៣ថ្ងៃនេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវក៏បានចូលរួមលេងកំសាន្តជាមួយប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិនិងអន្តរជាតិលេងនៅសង្ក្រាន្តវត្តភ្នំផងដឹកនាំបញ្ជាកងកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរក្នុងកិច្ចការពារសន្តិសុខ និងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។

ក្នុងនោះដែររដ្ឋបាលរាជធានីភ្នំពេញបានរៀបចំលម្អ បង្ហាញពីសោភ័ណ្ឌភាពប្រពៃណីដ៏ស្រស់ស្អាត ធានាបាននូវសុវត្ថិភាព សន្តិសុខ ជូនដល់បងប្អូនប្រជាពលរដ្ឋមកទស្សនា និងកំសាន្តជាមួយល្បែងប្រជាប្រិយខ្មែរយ៉ាងសម្បូរបែបថែមទៀតផង៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner