កម្ពុជា-ចិន សម្ពោធការចាក់ផ្សាយកម្មវិធី «ប្រយោគបុរាណចិន ដែល ឯកឧត្តម ស៊ី ជីនពីង ចូលចិត្ត»

នៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នាសណ្ឋាគារ រ៉ាហ្វែល ឡឺ រ៉ូយ៉ាល់ (Raffles Hotel Le Royal) រាជធានីភ្នំពេញក្រសួងព័ត៌មាននៃព្រះ​រាជា​ណាចក្រកម្ពុជា សហការជាមួយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិម​ចិន,ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈកម្ពុជា, ក្រសួងទេសចរណ៍កម្ពុជា និងរាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំពិធីសម្ពោធការចាក់ផ្សាយកម្មវិធី «ប្រយោគបុរាណចិន ដែល ឯកឧត្តម Xi Jinping ចូលចិត្ត» ក្នុងឱកាសដែល​ឯកឧត្តម ស៊ី ជីនពីង(Xi Jinping) ប្រធានា​ធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។

ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទីក្រោមវត្តមានឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន, លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍, ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តម Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈ​កម្មាធិការ​មជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយក និងនិពន្ធនាយក​នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន។

មានប្រសាសន៍ក្នុងឱកាសនេះឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន​បានលើកឡើងថា ឆ្នាំ២០២៥ ជាឆ្នាំដ៏ពិសេស​សម្រាប់ទំនាក់ទំនងកម្ពុជា-ចិន។ក្រោមការដឹកនាំប្រកបដោយយុទ្ធសាស្ត្រ និងភាពឈ្លាសវៃរបស់ប្រមុខរាជរដ្ឋា​ភិបាល រដ្ឋាភិបាលនៃប្រទេសទាំងពីរ ទំនាក់ទំនងក្នុងភាពជាដៃគូសហ​ប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន បានបោះជំហាន​ទៅមុខយ៉ាងស្វាហាប់ និងរឹងមាំ។បេសកកម្មរួមរបស់យើង គឺការពង្រឹង​ទំនាក់ទំនង និងការសម្របសម្រួល​ផ្នែកគំនិត និងទស្សនៈ។

ឯកឧត្តមគូសរំលេចថា ថ្ងៃនេះ ក្រសួងព័ត៌មានកម្ពុជា និងអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានសហការ​រៀបចំធ្វើ​ពិធី​សម្ពោធការចាក់ផ្សាយកម្មវិធី «ប្រយោគបុរាណចិន ដែលឯកឧត្តម Xi Jinping ចូលចិត្ត» ដែលផលិតដោយ​អគ្គ​ស្ថានីយ​វិទ្យុ និងទូរទស្សន៍មជ្ឈិមចិន។ តាមរយៈកម្មវិធីនេះយើងអាចបន្ត​រៀនពីគំនិតអភិវឌ្ឍន៍របស់ប្រទេសចិន និងលើក​កម្ពស់ការផ្លាស់ប្តូរផ្នែកប្រព័ន្ធ​ផ្សព្វផ្សាយរវាងប្រទេសទាំងពីរ ព្រមទាំងកត់ត្រានូវការអនុវត្តជាក់ស្តែងរវាងកម្ពុជា និងចិន ក្នុងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ការរួមគ្នាកសាងច្រករបៀង​ឧស្សាហកម្ម និងបច្ចេកវិទ្យា និងច្រករបៀងមច្ឆា និងអង្ករ ដើម្បីបង្កើននូវការផ្លាស់ប្តូរវប្បធម៌ក្នុងវិស័យជាច្រើនរវាងប្រទេសទាំងពីរ សម្រាប់ជាប្រយោជន៍ដល់​ប្រជាជននៃប្រទេស​ទាំងពីរ។

ឯកឧត្តមរដ្ឋមន្ត្រីបានរំលឹកបន្ថែមថា អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ជាមិត្តចាស់របស់កម្ពុជា។ កន្លងមក យើងបាន​រក្សានូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើផ្នែកប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសទំនាក់ទំនងដ៏ល្អប្រសើរក្នុង​ការផលិតកម្មវិធីការផ្លាស់ប្តូរមន្ត្រី និងគំនិតច្នៃប្រឌិតថ្មីៗ ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាដើម។ ជាមួយគ្នានេះវិទ្យុ​មិត្តភាព​កម្ពុជា-ចិន ដែលជាសមិទ្ធផលរួមគ្នារវាងអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងភាគីកម្ពុជា ទទួលបានការ​គាំទ្រ​ពីសំណាក់ប្រជាជនកម្ពុជាជាច្រើន។

ឯកឧត្តមបន្តថា យើងរំពឹងទុកថា កិច្ចសហប្រតិបត្តិការរវាងអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងប្រព័ន្ធផ្សព្វផ្សាយ​កម្ពុជានឹងទទួលបានសមិទ្ធផលកាន់តែច្រើនថែមទៀត។ ក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តគាំទ្រប្រព័ន្ធ​ផ្សព្វ​ផ្សាយកម្ពុជា និងចិន ដើម្បីជំរុញការកសាងសហគមន៍រួមវាសនាកម្ពុជា-ចិន៕
ដោយ៖ង៉ានទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner