សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរចំពោះការចាក់ផ្សាយ “ប្រយោគបុរាណចិនដែល ឯកឧត្ដម ស៊ី ជីនពីងចូលចិត្តប្រើ»
ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាបានផ្ញើសារលិខិតចូលរួមអបអរសាទរ យ៉ាងកក់ក្តៅ បំផុតចំពោះការចាក់ផ្សាយ “ប្រយោគបុរាណចិនដែល ឯកឧត្ដម ស៊ី ជីនពីង ចូលចិត្តប្រើ» (វគ្គ ៣) នៅប្រទេសកម្ពុជា និងការបើកសកម្មភាពនៃការផ្លាស់ ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិន។

នៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នាសណ្ឋាគារ រ៉ាហ្វែល ឡឺ រ៉ូយ៉ាល់ (Raffles Hotel Le Royal) រាជធានីភ្នំពេញក្រសួងព័ត៌មាននៃព្រះ រាជាណាចក្រ កម្ពុជា សហការជាមួយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍ មជ្ឈិមចិន,ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា, ក្រសួងទេសចរណ៍កម្ពុជា និងរាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំពិធីសម្ពោធការចាក់ផ្សាយកម្មវិធី «ប្រយោគបុរាណចិន ដែល ឯកឧត្តម Xi Jinping ចូលចិត្ត» ក្នុងឱកាស ដែលឯកឧត្តម ស៊ី ជីនពីង(Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋ ប្រជាមានិតចិន អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា(១៧-១៨ មេសា)។

ក្នុងសារលិខិតសម្ដេចតេជោ ហ៊ុន សែន បានគូសរំលេចថា មិត្តភាពរវាងកម្ពុជានិងចិន បានធន់នឹងការសាកល្បងនៃប្រវត្តិសាស្ត្រ និងពេលវេលា។ ប្រទេសចិនគឺជាមិត្តដ៏គួរឱ្យទុកចិត្តបំផុតរបស់កម្ពុជា ក្រោមការយកចិត្តទុកដាក់ និងការជំរុញរបស់ថ្នាក់ដឹកនាំនប្រទេសទាំងពីរកម្ពុជា-ចិន ទំនាក់ទំនងរវាងកម្ពុជានិងចិន បានឈានចូលដល់ដំណាក់កាលដ៏ល្អបំផុតក្នុងប្រវត្តិសាស្ត្រ។

សម្ដេចតេជោ ហ៊ុន សែន បានបន្តថា ក្នុងឱកាសនៃការធ្វើទស្សនកិច្ចរបស់ ឯកឧត្តម ស៊ី ជីនពីង ខ្ញុំមានសេចក្តីសោមនស្សរីករាយដោយមើលឃើញថាកម្មវិធី «ប្រយោគបុរាណចិនដែល ឯកឧត្តម ស៊ី ជិនពីង ចូលចិត្តប្រើ» វគ្គ៣ដែលផលិតដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន កំពុងចាក់ផ្សាយនៅកម្ពុជា។ យើងសង្ឃឹមថាកម្មវិធីមួយនេះ នឹងបញ្ចូលនូវថាមពលវប្បធម៌ទៅក្នុងការពង្រឹងមិត្តភាព និងការប្រាស្រ័យទាក់ទងរបស់ភាគីទាំងពីរ ក៏ដូចជាបំផុសគំនិតសម្រាប់ដោះស្រាយបញ្ហាក្ដៅដែលពិភពលោកកំពុងប្រឈម។
ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន គឺជាចំណងតភ្ជាប់ប្រជាជននៃប្រទេសទាំងពីរ។ យើងមាន
សេចក្តីសោមនស្សរីករាយដែលបានឃើញថា កិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធផ្សព្វផ្សាយចិន-កម្ពុជា ដែល
មាន «វិទ្យុមិត្តភាពកម្ពុជា-ចិន» ជាតំណាងទទួលបានលទ្ធផលជាផ្លែផ្កា។នេះជាអ្វីដែលសម្ដេចតេជោប្រធានព្រឹទ្ធសភាគូស
រំលេចបន្ថែម ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ក្នុងសារលិខិតដោយបញ្ជាក់ថា “ខ្ញុំជឿជាក់ថា សកម្មភាពផ្លាស់ប្ដូរ
រវាងប្រជាជននិងប្រជាជនថ្ងៃនេះ នឹងបង្កើតជាស្ពានមួយទៀតសម្រាប់ប្រទេសទាំងពីរ កម្ពុជានិងចិន ក្នុង
ការពង្រឹងការយល់ដឹង និងបង្កើនទំនុកចិត្តទៅវិញទៅមក ព្រមទាំងជំរុញទំនាក់ទំនងទ្វេភាគី កម្ពុជា-ចិនឱ្យ
មានការអភិវឌ្ឍប្រកបដោយស្ថិរភាព និងយូរអង្វែង។
ខ្ញុំសូមជូនពរឱ្យព្រឹត្តិការណ៍នេះទទួលបានលទ្ធផលជាផ្លែផ្កា និង សូមជូនពរអ្នកទាំងអស់គ្នាសម្រេច
អ្វីៗបានដូចបំណង”៕
ដោយ៖វណ្ណលុក
